adverise with khmeread 1

ប្តី​ប្រពន្ធ​ក្រេវក្រោធ​ពីរ​នាក់​ដើរ​ទៅរក​អ្នកផ្តល់​ប្រឹក្សា​និយាយ​រឿង​លែងលះ ចេញមក​វិញ​កាន់​ដៃ​គ្នា​ស្និទ្ធស្នាល​មិនគួរ​ឱ្យ​ជឿ​!

    ​ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល​ឈ្លោះ​គ្នា​តាមផ្លូវ​បែកផ្សែង​បាន​មករក​អ្នកផ្តល់​ប្រឹក្សា​និយាយ​រឿង​លែងលះ​។ គ្រាន់តែ​ដាក់​គូថ​អង្គុយ​ភ្លាម ពីរ​នាក់​ប្តី​ប្រពន្ធ​ប្រទេច​គ្នា​ខ្លាំងៗ​និង​រិះគន់​គ្នា​គ្មាន​សំចៃមាត់​ឡើយ​។ ពេល​ឈ្លោះ​គ្នា​ហត់​សឹង​ផុតដង្ហើម ពួកគេ​ក៏​ឈប់​មួយ​ភ្លែត​សិន ហើយ​ដល់​វេន​អ្នកផ្តល់​ប្រឹក្សា​និយាយ​វិញ​ម្តង​។ គាត់​បាន​ប្រាប់​ឱ្យ​ប្តី​ប្រពន្ធ​នេះ​និយាយ​រឿង​ល្អៗ​ដែល​ខ្លួន​មើលឃើញ​ចំពោះ​គ្នា​វិញ​ម្តង​។ 

​    ​ប្តី​ប្រពន្ធ​នេះ​សម្លឹង​មើលមុខ​អ្នកផ្តល់​ប្រឹក្សា តែ​ស្ងាត់​មាត់​ដូច​គេ​ចុក​។ 

​    ​ដោយ​មើលឃើញថា អ្នក​ទាំងពីរ​មិនអាច​និយាយ​ចេញ អ្នកផ្តល់​ប្រឹក្សា​នោះបាន​ហុច​ប៊ិក និង​ក្រដាស​ម្នាក់​មួយឈុត​ដល់​ប្តី​ប្រពន្ធ​នេះ​សរសេរ​អ្វីដែល​ល្អៗ​ចំពោះ​គ្នា​ទៅវិញទៅមក​។ 

​    ​អ្នក​ទាំងពីរ​នៅតែ​ចចេស​មិន​ព្រម​សរសេរ​ដូចគ្នា​។ នៅពេល​ពេលវេលា​កន្លងផុតទៅ​រាង​យូរ​គួរសម ណាមួយ​ក្រែង​ចិត្ត​អ្នកផ្តល់​ប្រឹក្សា​ផង​នោះ បុរស​ជា​ប្តី​ក៏​ចាប់​ក្រដាស​សរសេរ​មុន​។ ក្រោយមក​បន្តិច ប្រពន្ធ​ក៏​ចាប់​ក្រដាស​សរសេរ​ដែរ តែ​សរសេរ​លឿន​ដូច​ព្រួញ​។ ទីបំផុត អ្នក​ទាំងពីរ​បាន​សរ​សេរ​ចប់​។ 

​    ​ជាថ្មី​ម្តងទៀត អ្នក​ទាំងពីរ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល មិន​ខ្ចី​មើលមុខ​គ្នា​សូម្បីតែ​បន្តិច​។ 

​    ​នារី​ជា​ប្រពន្ធ​បាន​ហុច​ក្រដាស​ឱ្យ​អ្នកផ្តល់​ប្រឹក្សា​នោះ ប៉ុន្តែ​គាត់​ប្រាប់​ឱ្យ​ហុច​ទៅ​ស្វាមី​។ ប្រពន្ធ​នោះ​រាង​ស្ទាក់​ស្ទើរចិត្ត​មិន​ចង់​ហុច​ឱ្យ​ទេ ចុងក្រោយ​ដាច់ចិត្ត​ផ្កាប់​ក្រដាស​នោះ រួច​រុញ​ទៅ​តុ​របស់​ប្តី ដោយ​មិន​ខ្ចី​ហុច​ដល់ដៃ​ទៀត​។ បុរស​ជា​ប្តី​បាន​ហុច​ក្រដាស​នោះ​ផ្កាប់​ចុះក្រោម​ដូចគ្នា​។ អ្នក​ទាំងពីរ​ចាប់ផ្តើម​អាន​អក្សរ​សរសេរ​លើ​ក្រដាស​នោះ​។ 

​    ​អ្នកផ្តល់​ប្រឹក្សា​អង្គុយ​មើល​ទឹកមុខ​អ្នក​ទាំងពីរ​យ៉ាង​ផ្ចិតផ្ចង់​...​។​

​    ​អាន​បាន​មួយ​ភ្លែត ទឹកភ្នែក​ស្រក់​ពេញ​ថ្ពាល់​របស់​ភរិយា​។ នាង​បាន​ឈ្លី​ក្រដាស​នោះ​និង​ក្តាប់​វា​យ៉ាង​ណែន​ក្នុង​ដៃ​។ នេះ​ស​បញ្ជាក់ថា នាង​បាន​ទទួលយក​ការ​លាតត្រដាង​រឿង​ល្អៗ ដែល​ស្វាមី​សរសេរ​សរសើរ​លើ​ក្រដាស​នោះ​។ បរិយាកាស​ក្នុង​បន្ទប់​ទាំងមូល​បាន​ផ្លាស់ប្តូរ​។ 

​    ​អ្នកផ្តល់​ប្រឹក្សា​នោះ​មិនបាន​និយាយ​អ្វី​សូម្បី​មួយ​ម៉ាត់​ដើម្បី​ណែនាំ​ពួកគេ​អំពី​ការ​លែងលះ​។ ហើយ​អ្នក​ទាំង​ពីរបាន​ដើរទៅ​ផ្ទះ​វិញ​ដោយ​កាន់​ដៃ​គ្នា​យ៉ាង​ត្រសង​។ 

​    ​ចុងក្រោយ មានតែ​ពាក្យ​សរសើរ​ប៉ុណ្ណោះ​ដែល​អាច​ព្យាបាល​របួស​រាប់ពាន់​មុខរបួស​បាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់