adverise with khmeread Article 3692693 36536b0200000578 579 964x562

រដ្ឋប្រហារ​បង្ហូរឈាម​លើក​ទី​បួន​នៅ​តួ​ក​គី​បរាជ័យ​៖ រាស្ត្រ​នាំគ្នា​ដេក​ឱ្យ​រថក្រោះ​កិន ទាហាន​ផ្លោង​សម្លាប់​ប៉ូលិស ១៧ នាក់

    ​រដ្ឋប្រហារ​យោធា​បង្ហូរឈាម​លើក​ទី​បួន​ក្នុង​រយៈពេល ៥៦ ឆ្នាំ​មកនេះ​របស់​តួ​ក​គី​បាន​ផ្ទុះឡើង​កាលពី​យប់​ថ្ងៃ​សុក្រ ខណៈដែល​យោធា​បាន​បាញ់​ផ្លោង​លើ​ប៉ុស្តិ៍​ប៉ូលិស​ក្រុង​អង់កា​រ៉ា សម្លាប់​ប៉ូលិស ១៧ នាក់ ស្រប​ពេលដែល​ពលរដ្ឋ​ក្នុង​ទីក្រុង​ចេញមក​ដេក​លើផ្លូវ​រារាំង​រថក្រោះ​យោធា​មិនឱ្យ​រុលចូល​តំបន់​យុទ្ធសាស្ត្រ​ក្នុង​ទីក្រុង​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ 

​    ​មុននេះ​យោធា​តួ​ក​គី​បាន​និយាយថា​ខ្លួន​បាន​ដណ្តើមបាន​អំណាច ប៉ុន្តែ​នាយករដ្ឋមន្ត្រី​បាន​និយាយថា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​មិនបាន​សម្រេច​ទេ​។​

​    ​ទាហាន​ត្រូវបាន​គេ​ឃើញ​នៅតាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល (Istanbul) និង​ទីក្រុង​អង់កា​រ៉ា (Ankara)  ខណៈដែល​យន្តហោះ​ជាច្រើន​គ្រឿង​បាន​ហោះ​ទាបៗ​ពីលើ​ក្បាល ខណៈដែល​ពលរដ្ឋ​បាន​រត់ទៅរក​ទី​សុវត្ថិភាព​បន្ទាប់ពី​ឃើញ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។​

​    ​បើសិន​ការធ្វើ​រដ្ឋប្រហារ​នេះ​ទទួលបាន​ជោគជ័យ​នោះ ការ​ផ្តួល​រលំ លោក ថា​យ​យី​ប អឺ​ដូ​ហ្គ​ន់ (Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី ដែល​បាន​កាន់អំណាច​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​នោះ នឹង​ក្លាយជា​ការផ្លាស់ប្តូរ​អំណាច​ដ៏​ធំ​បំផុត​នៅ​មជ្ឈិមបូព៌ា​។​

​    ​លោក ថា​យ​យី​ប បាន​និយាយ​តាម​ទូរស័ព្ទ​ទៅកាន់​ស្ថានីយទូរទស្សន៍​តួ​ក​គី​CNN​ថា “​យើង​នឹង​យកឈ្នះ​លើ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​។ ខ្ញុំ​ពិតជា​ជឿថា​ក្រុម​អ្នកធ្វើ​រដ្ឋប្រហារ​នឹង​មិនបាន​ជោគជ័យ​នោះទេ​។ ខ្ញុំ​ជំរុញ​ឱ្យ​ប្រជាជន​តួ​ក​គី​ទៅ​ជួបជុំគ្នា​នៅ​ទីលាន​សាធារណៈ​និង​អាកាសយានដ្ឋាន​។ ខ្ញុំ​មិនដែល​ជឿថា​អំណាច​យោធា​ធំ​ជាង​អំណាច​ប្រជាជន​នោះទេ​”​។​

​    ​លោក ថា​យ​យី​ប បាន​និយាយថា លោក​នៅតែ​ជា​ប្រធានាធិបតី ហើយ​អគ្គមេបញ្ជាការ​តួ​ក​គី បាន​សន្យាថា​
​ក្រុម​អ្នកធ្វើ​រដ្ឋប្រហារ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​។​

​    ​លោក ប៊ី​ណា​លី យី​ល​ឌី​រី​ម (Binali Yildirim) នាយករដ្ឋមន្ត្រី​តួ​ក​គី និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួនទៀត បាន​និយាយថា រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​នេះ គឺ​នៅតែ​កាន់អំណាច​។ លោក​បាន​ហៅ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​ថា​ជា​អំពើ​ភេរវកម្ម​ដោយ​ក្រុម​ឧក្រិដ្ឋជន​និង​ក្រុម​បក្ខពួក​ខុសច្បាប់​។​

​    ​គួរ​បញ្ជាក់ថា តួ​ក​គី​បាន​ឆ្លងកាត់​រដ្ឋប្រហារ​បង្ហូរ​ឈាម​បួន​លើក​មកហើយ​គិត​ទាំង​យប់មិញ ពោល​រដ្ឋប្រហារ​បង្ហូរ​ឈាម​បី​លើក​មុនៗ​គឺ​កើតឡើង​ក្នុង​ឆ្នាំ ១៩៦០, ១៩៨០ និង ១៩៩៧៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់