ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីឌុបនារីម្នាក់ ជិះតាមផ្លូវត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាព ឆក់កាបូបពីនារីដែលជិះក្រោយបណ្តាលឲ្យដួលរបួសមុខ ហើយបានស្រែកថា"ចោរៗ"ផ្អើលដល់ អាវុធហត្ថខណ្ឌសែនសុខល្បាតដេញយកកាបូបបានវិញរួមនឹងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព។
អំពើឆក់កាបូបតាមផ្លូវសាធារណ:ខាងលើនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ៣០ ខែធ្នូ ២០១៥ នៅតាមបណ្តោយផ្លូវ ១០០១ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ លីន អាយុ២២ឆ្នាំ ស្នាក់នៅម្ដុំផ្សារហេងលី ខណ្ឌទួលគោក និងបងប្រុសឈ្មោះសាន ផល្លី ២២ឆ្នាំជិះម៉ូតូស្កុបពីពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1CA-9376ឌុបគ្នា។
នារីរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងនាងបានជិះម៉ូតូហុងដាម៉ាកស្កុបពី ជាមួយបងប្រុសតាមផ្លូវ១០០១ ពីសាលាអាយយូទិសដៅពីត្បូងទៅជើង ។លុះជិះមកជិតភោជនីយដ្ឋាន អេវ័ន ក៏មានជនសង្ស័២នាក់ជិះម៉ូតូ ម៉ាក Let ពណ៍ស លាយខ្មៅ ពាក់ស្លាកចាប់វីស ភ្នំពេញលេខFJ-2397 មកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបពីនាងបណ្តាលឲ្យដួលទៅថ្នល់ រងរបួសមុខខាងស្តាំ ។
ភ្លាមនោះ ជនរងគ្រោះបានប្រញាប់ប្រញាល់ឡើងជិះម៉ូតូវិញភ្លាម ហើយបានដេញពីក្រោយដោយស្រែកថា "ចោរៗ "បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំង អាវុធហត្ថខណ្ឌសែនសុខ ដែលកំពុងល្បាតការពារក្នុងមូលដ្ធាន ក៏ជិះម៉ូតូដេញតាមរហូតដល់ផ្លូវកែងចូល បុរីភ្នំពេញថ្មី។
ជនសង្ស័យបានបត់ម៉ូតូបណ្តាលឲ្យដួល ហើយជនសង្ស័យទាំង២នាក់បានរត់បាត់ដោយទុកចោលម៉ូតូនិងកាបូបរបស់នារីរងគ្រោះនៅកន្លែងដែលដួលនោះតែម្តង ។
អ្វីដែលគួរឲ្យអស់សំណើចនោះ គឺប៉ូលិសខណ្ឌ ដែលមិនបានដេញចោរសោះហើយថែមទាំងមកក្រោយ អាវុធហត្ថ ទៀតនោះ បែរជា មកដណ្តើមយកម៉ូតូរបស់ជនសង្ស័យដែល កម្លាំង អាវុធហត្ថ ខំជិះដេញបានឯណោះទោវិញ។
ក្រោយពេលកើតហេតុ កម្លាំង អាវុធហត្ថបាន បង្កើនកម្លាំងតាមរុករកជាង២ម៉ោង នៅភូមិសាស្ត្រក្បែរនោះ។
ប៉ុន្តែ ដោយភូមិសាស្ត្រនៅទីនោះ ងងឹតសម្បូរទៅដោយដីឡូត៍ និងព្រៃច្រើនពិបាកក្នុងការរុករក ទើបកម្លាំងផ្អាក និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការដ្ធាន អាវុធហត្ថខណ្ឌសែនសុខ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ៕
