adverise with khmeread Untitled 1

៥ ហេតុផល​នេះហើយ​ដែល​ធ្វើឱ្យ​បារាំង​ក្លាយ​មុខសញ្ញា​វាយប្រហារ​ពី​ពួក​សកម្មប្រយុទ្ធ​

    ​ក្នុង​រយៈពេល ១៨ ខែ​ចុង​ក្រោយនេះ បារាំង​បាន​ក្លាយជា​គោលដៅ​វាយប្រហារ​ភេរវកម្ម​ធំៗ​បី​លើក ដែល​អះអាង​ទទួលខុសត្រូវ​ដោយ​ជន​សកម្មប្រយុទ្ធ ក្នុងនោះ​មនុស្ស​ជាង ២៣០ នាក់​បាន​ស្លាប់​។ 

​    ​ជាមួយ​ក្រុម ISIS អះអាង​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​ក្នុង​ទីក្រុង Nice ដែល​បណ្តាល​ឱ្យស្លាប់ ៨៤ នាក់ មាន​សំណួរ​មួយ​លើកឡើងថា​ហេតុអ្វី​បានជា​បារាំង​ក្លាយជា​គោលដៅ​វាយប្រហារ​ភេរវកម្ម​បែបនេះ​។ 

​    ​១. បារាំង​ជា​អ្នក​ចេញមុខ​ចេញ​មាត់​ជាងគេ​ក្នុងការ​ប្រឆាំង​ភេរវកម្ម​
​    ​ចាប់ពី​តំបន់​សាហា​រ៉ា​នៃ​ទ្វីប​អា​ហ្វ្រិ​ច​រហូតដល់​តំបន់​មជ្ឈិមបូព៌ា បារាំង​ស្ថិតនៅ​សមរភូមិ​ជួរមុខ​ទាំងអស់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​។ ហើយ​បារាំង​ក៏​ជា​អ្នក​រួមចំណែក​ដ៏​ធំ​សម្បើម​ក្នុងការ​វាយ​ពួក ISIS ក្នុង​ស៊ី​រី និង​អ៊ីរ៉ាក់​តាមផ្លូវ​អាកាស​ក្រោម​ការគាំទ្រ​ពី​អាមេរិក​ផងដែរ​។ 

​    ​២. ច្បាប់​តឹងរ៉ឹង​របស់​បារាំង​ដែល​ហាមឃាត់​សិទ្ធិសេរីភាព​ស្លៀកពាក់​របស់​ជន​មូស្លីម​
​    ​ច្បាប់​តឹងរ៉ឹង​របស់​បារាំង​ដែល​ហាម​មិនឱ្យ​ស្លៀក​ឈុត​មូស្លីម​នៅ​សាលា និង​គ្រប​មុខ​នៅ​ទីសាធារណៈ​បានធ្វើឱ្យ​អ្នក​កាន់សាសនា​អ៊ីស្លាម​ជាច្រើន​ខឹងសម្បារ​យ៉ាងខ្លាំង​។ ជាក់ស្តែង​ការវាយប្រហារ​នៅ​ស្នាក់ការ​ធំ​របស់​ទស្សនា​វ​ដ្តី Charlie Hebdo គឺ​កើតឡើង​ដោយសារតែ​រូប​ត្លុក​ប៉ះពាល់​ដល់​ព្យា​ការី​មហាម៉ាត់​។ 

​    ​៣. ការប្រកាន់​រើសអើង​ក្នុងសង្គម​
​    ​បា​រាំងជា​សហគមន៍​មូស្លីម​ធំ​បំផុត​ក្នុង​តំបន់​អឺរ៉ុប ដោយមាន​ប្រជាជន​សរុប​ប្រមាណ ៥ លាន​នាក់​កាន់សាសនា​អ៊ីស្លាម​។ ពួកគេ​ភាគច្រើន​មាន​ដើមកំណើត​ពី​បណ្តា​ប្រទេស​អា​ហ្វ្រិ​ច​ដែល​បារាំង​ដាក់​អាណានិគម​។ ការរើសអើង​សាសនា​អ៊ីស្លាម​បាន​នាំទៅដល់​ការរើសអើង​ការងារ​ចំពោះ​ប្រជាជន​ទាំងនោះ ហើយ​ពួកគេ​មកទល់​ឥឡូវ​នៅតែ​មិន​ដែលមាន​អារម្មណ៍​ថា​ខ្លួន​ជា​ជនជាតិ​បារាំង​ពេញលេញ​នោះដែរ​។ 

​    ​៤. អ្នក​ប្រយុទ្ធ​ដែល​រៀនសូត្រ​ពី ISIS ក្នុង​ចំនួន​ដ៏​ច្រើន​កើត​នៅ​បារាំង​
​    ​ពលរដ្ឋ​បារាំង​ប្រហែល ៦០០ នាក់​បាន​គាំទ្រ​ពួក ISIS ហើយ​ប្រជាជន​ទុយ​នេ​ស៊ី និង​ម៉ា​រ៉ុ​ក​ដែល​និយាយ​ភាសា​បារាំង​ក្នុង​ចំនួន​ដ៏​ច្រើន​ក៏បាន​ចុះចូល​ពួក ISIS ដែរ​។ ពួកនេះ​អាច​វិលត្រឡប់​ទៅ​បារាំង​វិញ​យ៉ាង​ងាយស្រួល​។ ជាក់ស្តែង​ការវាយប្រហារ​ក្នុង​ក្រុងប៉ារីស​ថ្ងៃ ១៣ វិច្ឆិកា​គឺធ្វើឡើង​ដោយ​ពួកនេះ​។ 

​    ​៥. រដ្ឋាភិបាល​បារាំង​កំពុង​ចុះខ្សោយ​
​    ​ដូចដែល​អ្នកជំនាញ​សន្តិសុខ​និយាយ​អ៊ីចឹង បារាំង​គឺជា​ប្រទេស​លោកខាងលិច​មួយ​ដែល​រង​ការគំរាមកំហែង​ពី​ការវាយប្រហារ​ច្រើនជាងគេ​បំផុត ហើយ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​សង្គមនិយម​បារាំង​ក៏​កំពុង​ត្រៀមខ្លួន​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ក្នុង​ឆ្នាំ ២០១៧ ដែរ​។ លោក​ប្រធានាធិបតី​ហ្វ្រ​ង់​ស័​រ ហូ​ឡង់​ជា​ប្រធានាធិបតី​ធ្លាក់​ប្រជាប្រិយភាព​យ៉ាងខ្លាំង ស្របពេល​ដែល​ពួក​ស្តាំនិយម​កំពុង​ឡើង​កូដ​ខ្លាំង​ពាសពេញ​អឺរ៉ុប​។ នេះ​ជា​ចំណុចខ្សោយ​មួយ​ដែល​ធ្វើឱ្យ​ពួក​សកម្មប្រយុទ្ធ​អាងយ៉ាង និង​បើក​ការវាយប្រហារ​លើ​បារាំង​មិន​ដក​ដៃ​៕

​ប្រភព​៖ Channelnewsasia

adverise with khmeread

មតិយោបល់