adverise with khmeread Argentina s messi

អតីត​វីរបុរស​ក្រុម​អ្នកមាន​បុណ្យ​៖ Messi នៅតែ​ល្អ​បំផុត​ក្នុង​ពិភពលោក​ទោះបីជា​បរាជ័យ​លើ​បាល់ទាត់​អន្តរជាតិ​ក៏ដោយ​

    ​Lionel Messi នៅតែ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​ទោះបីជា​គាត់​មិន​ធ្លាប់​ឈ្នះ​ពាន​អន្តរជាតិ​ធំៗ​សម្រាប់​អា​ហ្ស​ង់​ទីន​ក៏ដោយ​។ នេះ​បើតាម​ការបញ្ជា​ក់ដោយ​អតីត​មិត្ត​រួម​ក្រុម​អ្នកមាន​បុណ្យ Barcelona និង​ជា​អតីត​តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល​ដ៏​ល្បីល្បាញ Ronaldinho កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ២៩​ឆ្នាំ Messi ដែល​បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ​កាលពី​ខែ​មុន បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រង​បរាជ័យ​ក្រោយ​ដៃ​ឈី​លី​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ទ្វីបអាមេរិក Copa America  គឺជា​អ្នករក​គ្រាប់​បាល់​នាំមុខគេ​របស់​ប្រទេស​គាត់​ជាមួយនឹង​គ្រាប់​បាល់​សរុប​ចំនួន ៥៥​គ្រាប់​។​

​    ​តារាបាល់ទាត់​ម្ចាស់​ពានរង្វាន់​កីឡាក​បាល់ទាត់​ឆ្នើម​ពិភពលោក World Player of the Year ៥​សម័យកាល​រូបនេះ មានឱកាស​លេង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ដល់​ទៅ​បី​លើក និង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ពិភពលោក World Cup កាលពី​ឆ្នាំ ២០១៤ ប៉ុន្តែ​គាត់​បាន​បរាជ័យ​ទៅលើ​ឱកាស​ដ៏​ល្អ​ទាំងនោះ​ទាំងអស់​។​

​    ​Cristiano Ronaldo ដែលជា​គូប្រជែង​មិនដែល​បាត់​មុខ​របស់លោក​សម្រាប់​ពាន​តារា​ឆ្នើម Ballon d’Or ដ៏​មាន​កិត្យានុភាព​របស់ FIFA ដែល​ទើបតែ​ឈ្នះ​ពានរង្វាន់ Euro 2016 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​ញ៉ាំងឱ្យមាន​ការជជែក​គ្នា​យ៉ាង​សម្បើម​ក្នុងចំណោម​អ្នកគាំទ្រ​របស់​អ្នក​ទាំងពីរ ថា​តើន​រណា​ជា​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក​ក្នុងឆ្នាំនេះ​។​

​    ​Ronaldinho បានបញ្ជាក់​ទៅកាន់​សន្និសីទកាសែត​បា​ល់​ទាត់​ហ្វូ​ត​សាល​ឥណ្ឌា India’s Premier Futsal league កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា "​សម្រាប់​ខ្ញុំ Messi ចាក​ចេញពី​បាល់ទាត់​អន្តរជាតិ​មិនអាច​ផ្លាស់ប្តូរ​អ្វី​គ្រប់យ៉ាង​ឡើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​គាត់​នៅតែ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​។ ការគោរព​ដែល​ខ្ញុំ​មាន​សម្រាប់​គាត់​មិនបាន​ផ្លាស់ប្តូរ​នោះឡើយ​... ហើយ​ប្រសិនបើ​គាត់​បានសម្រេច​ចិត្ត​ចាក​ចេញពី​បាល់ទាត់​អន្តរជាតិ​បន្ទាប់មក​នោះ​កីឡា​នឹង​នឹក​វត្តមាន​របស់គាត់ ក៏ដូចជា​អ្នកគាំទ្រ​ផងដែរ​"៕

ប្រភព៖ Channelnewsasia

adverise with khmeread

មតិយោបល់