adverise with khmeread 1 %281%29

ព័​ត៌​មាន​បន្ថែម​ស្តីពី​ម្តាយប្តឹងសមត្ថកិច្ចឱ្យចាប់កូនខ្លួនឯងដល់ផ្ទះ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ស្ត្រី​ជា​ម្តាយ​ជនសង្ស័យ​ម្នាក់​បាន​ប្តឹងទៅ​ប៉ូលិស​ខណ្ឌ​សែន​សុខ ដោយ​កូនប្រុស​របស់គាត់ ធ្វើបាប​មកលើ​រូបគាត់​ព្រមទាំង អា​ម៉េ​កាំភ្លើង​គំរាម​បាញ់សម្លាប់ ទើប​គាត់​ដាច់ចិត្ត​ប្តឹង​សមត្ថកិច្ច ឃាត់ខ្លួន​រួម​និង​បក្សពួក​៣​នាក់ ដកហូត​បាន​កាំភ្លើងខ្លី K54 មួយ​ដើម ថ្នាំញៀន​២​កញ្ចប់ ជញ្ជីង​ថ្លឹង​មួយ និង​សម្ភារៈ​មួយចំនួនទៀត។​

    ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង៧ ​និង​៣០​នាទី យប់​ថ្ងៃទី​១៧ កក្កដា ២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៧៣ ក្រុម​៦ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​បាន​ទី​១-​ឈ្មោះ គ្រី ម៉េង​ហុង​ ជា​កូន​ម្ចាស់ផ្ទះ​ និង​ជា​ម្ចាស់​កាំភ្លើង K54 មានមុខ​របរ​មិន​ពិតប្រាកដ, ​ទី​២-​ឈ្មោះ ហេង ចាន់​វិ​រៈ អាយុ​២៧​ឆ្នាំ ហៅ​អា​រ៉ា ហៅ​អា​ម៉ាប់ ហៅ​អា​សិទ្ធ ហៅ​អាយ​ក្ស​ស្នាក់នៅ​ពោធិចិនតុង  មានមុខ​របរ​មិន​ពិតប្រាកដ​, ទី​៣-​ឈ្មោះ ចាន់ សិលា អាយុ២២​ឆ្នាំ ស្នាក់នៅ​អូរ​បែកក្អម មានមុខ​របរ​មិន​ពិតប្រាកដ​ និង​ទី​៤-ឈ្មោះ ហេង សំភាស់ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​ដី​ហុយ មានមុខ​របរ​មិន​ពិតប្រាកដ។

    តាម​សម្តី​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ព្រំ ស្រី អាយុ៤៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានមុខ​របរ​អ៊ុតសក់ និង​ត្រូវជា​ម្តាយ​ឈ្មោះ គ្រី ម៉េង​ហុង បាន​ឱ្យដឹងថា ដោយសារតែ​កូន​គាត់ វាយ​ធ្វើបាប​ទាំង​ចិត្ត​ទាំង​កាយ បំផ្លិចបំផ្លាញ​របស់រ​បរ​ក្នុងផ្ទះជា​រើ​យៗ និង​ហៅ​មិត្តភក្តិ​ចេញចូល​ផ្ទះ​តាមចិត្ត ហើយ​គាត់​ជា​ម្តាយ​ក៏បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​អប់រំ​ជាច្រើនលើក​មកហើយ​ដែរ​។​

    នៅ​ថ្ងៃកើតហេតុ​នេះ​គាត់​បាន​ស្តីឱ្យ​កូន​ថា កុំឱ្យ​ហៅ​មិត្តភក្តិ​ចេញចូល​ផ្ទះ​ស្រេច​តែ​ចិត្ត​បែបនេះ​ទៀត​វា​មិនល្អ​ទេ ទើប​ជនសង្ស័យ​ជា​កូន​ខឹង​ម្តាយ បាន​យក​កាំភ្លើង​មក អា​ម៉េ​គំរាម​បាញ់​គាត់  ដោយ​គាត់​មិនដឹងថា​កូន​ខ្លួន​មាន​កាំភ្លើង​ប្រើប្រាស់​សោះ​។ បន្ទាប់មក​គាត់​បាន​ទូរស័ព្ទ​ទៅប្តឹង​ប៉ូលិស​ខណ្ឌ​សែន​សុខ។

    លោក​វេ​រៈ​សេនីយ​ន៍​ឯក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា បន្ទាប់​ដោយ​ទទួលបាន​ព័​ត៌​មាន​ខាងលើនេះ​ភ្លាម លោក​បាន​សុំ​យោបល់​ពី​លោកស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ និង ដោយមាន​ការសម្របសម្រួល​ពី​លោក ងិន ពេជ្រ​ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។



    បន្ទាប់មក​លោក​បាន​ដឹកនាំ​កម្លាំង​ដោយផ្ទាល់​ជាច្រើន​អ្នក​ចុះទៅ​កន្លែងកើតហេតុ​ភ្លាម និង​ឃាត់​បាន​បក្សពួក​៣​នាក់​ភ្លាម នៅមុខ​ផ្ទះ​ដែល​បម្រុង​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ និង​បន្ត​ចាប់​ជនសង្ស័យ​ដែលជា​កូន​ម្ចាស់ផ្ទះ​ដែល​រត់គេច​ពី​ផ្ទះ​មុខ​ពេល​កម្លាំង​បាន​ទៅដល់ បន្ទាប់ពី​ឃាត់​បាន​អស់ហើយ លោក​បាន​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​ក្នុង​បន្ទប់​ឈ្មោះ គ្រី ម៉េង​ហុង រកឃើញ​កាំភ្លើងខ្លី K54 មួយ​ដើម​មាន​គ្រាប់​៨​គ្រាប់ សំបក​គ្រាប់​ចំនួន​២ ថ្នាំញៀន​២​កញ្ចប់ ជញ្ជីង​ថ្លឹង​មួយ និង​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ទៀតផង​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ រួមជាមួយ​វត្ថុតាង បញ្ជូនមក​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សាក​សួរនាំ​ក្រែង​មាន​ពាក់ព័ន្ធ​និង​ករណី​ផ្សេងទៀត សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់