adverise with khmeread Wash your hair right

របៀបលាងសម្អាតសក់ឲ្យបានត្រឹមត្រូវ

មានឆ្ងល់ថាតើអ្នកសព្វថ្ងៃនេះបានលាងសម្អាតសក់បានត្រឹមត្រូវដែរឬទេ? ការស្រាវជ្រាវទូទៅមួយបានបង្ហាញថា ស្ត្រី ៧នាក់ក្នុងចំណោម ១០នាក់ពុំបានលាងសម្អាតសក់ឲ្យបានត្រឹមត្រូវនោះទេ។ ខណៈដែលគេមិនអាចនិយាយដោយប្រាកដបានថា ស្ត្រីទាំងអស់លើពិភពលោកសុទ្ធតែមានកំហុសក្នុងការលាងសម្អាតសក់នោះ ស្ត្រីជាច្រើនមិនដឹងទេពីរបៀបសម្អាតសក់ឲ្យបានត្រឹមត្រូវ។ ការលាងសម្អាតសក់មិនមែនជាដំណើរការមួយដ៏លំបាកនោះទេ អ្នកគ្រាន់តែធ្វើឲ្យសក់សើម កក់សាប៊ូ លាងទឹកស្អាតជម្រះសាប៊ូ លាបផលិតផលថែរក្សាសក់ រួចលាងសម្អាតវាម្តងទៀត ប៉ុនហ្នឹងគឺចប់។ គ្មានអ្វីស្មុគ្រស្មាញទេ ប៉ុន្តែការលាងសម្អាតសក់របស់អ្នកឲ្យបានត្រឹមត្រូវអាចធ្វើឲ្យមានការផ្លាស់ប្តូរមួយយ៉ាងខ្លាំង។ ខាងក្រោមនេះគឺជារបៀបលាងសម្អាតសក់ឲ្យបានត្រឹមត្រូវ ដែលស្ត្រីទាំងឡាយគួរពិចារណា៖ 

១- ចាប់ផ្តើមជាមួយទឹកលាងសម្អាតក្តៅឧណ្ហៗ
អ្នកប្រហែលជាបានដឹងហើយថាគេមិនដែលលាងសម្អាតសក់ជាមួយនឹងទឹកក្តៅនោះទេ។ មែនហើយ វាជាការពិតមួយផ្នែកប៉ុណ្ណោះ។ នារីៗតែងតែគិតថាទឹកក្តៅពិតជាមិនល្អទេសម្រាប់សុខភាពសក់របស់ខ្លួន តែអ្នកជំនាញថាទឹកក្តៅឧណ្ហៗយកមកលាងសក់គឺជារឿងល្អប្រពៃណាស់។ នៅពេលអ្នកធ្វើឲ្យសក់សើមជាមួយនឹងទឹកក្តៅឧណ្ហៗ វានឹងជួយបើករន្ធញើស និងកោសិកាសក់ និងកំចាត់ចេញនូវរាល់ធូលីយ៉ាងមានប្រសិទ្ធភាព។ ជំនួសមកវិញ ការធ្វើបែបនេះវានឹងជួយឲ្យផលិតផលថែរក្សាសក់ ឬផលិតផលលាបសក់ស្រូបចូលសក់បានយ៉ាងប្រសើរ។ 

២- លាងសម្អាតស្បែកក្បាល
វិធីពេញនិយមក្នុងការកក់សាប៊ូគឺកក់ឲ្យពេញសក់ និងស្បែកក្បាល។ វិធីដ៏ពេញនិយមនេះគឺពិតជាវិធីដ៏ខុសឆ្គងមួយ។ ត្រូវកក់សាប៊ូតែលើស្បែកក្បាលប៉ុណ្ណោះ រួចម៉ាស្សាវាថ្នមៗ ហើយលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ។ ប្រសិនបើសក់របស់អ្នកកខ្វក់ខ្លាំង និងមានជាតិខ្លាញ់ច្រើន អ៊ីចឹងបន្ទាប់ពីអ្នកបានកក់សាប៊ូលើស្បែកក្បាលហើយ ត្រូវលាបពពុះសាប៊ូលើដៃរបស់អ្នក ហើយត្រដុសវាថ្នមៗលើសរសៃសក់ជាការស្រេច។ មិនចាំបាច់កក់សាប៊ូសក់ពីរដង ឬប្រើផលិតផលអ្វីច្រើននោះទេ។ 

ទោះបីជាការណែនាំរបស់ម៉ាកសាប៊ូល្បីៗភាគច្រើនប្រាប់យើងឲ្យកក់សាប៊ូលើសក់ពីរដងមុនពេលប្រើផលិតផលថែរក្សាសក់ ឬផលិតផលលាបសក់ក៏ដោយ ក៏ប៉ុន្តែនេះគ្រាន់តែជាល្បិចដើម្បីធ្វើឲ្យយើងប្រើផលិតផលឆាប់អស់ និងចំណាយលុយលើផលិតផលថ្មីប៉ុណ្ណោះ។ សាប៊ូតែបន្តិចបន្តួចប៉ុណ្ណោះគឺល្មមអាចលាងសម្អាតសក់ដ៏កខ្វក់ និងសុទ្ធតែខ្លាញ់របស់អ្នកបាន មិនចាំបាច់កក់អ្វីច្រើននោះទេ។ ការកក់សាប៊ូច្រើនដងធ្វើឲ្យជាតិប្រេងធម្មជាតិរបូតចេញពីស្បែកក្បាល និងបង្កឲ្យស្បែកក្បាលស្ងួត កើតអង្គែ និងរលាកស្បែកក្បាលថែមទៀតផង។   

៣- កុំលាបផលិតផលថែរក្សាសក់លើស្បែកក្បាលឲ្យសោះ
មិនថាអ្នកមានសក់ស្ងួត ឬសក់មានជាតិខ្លាញ់នោះទេ គឺកុំលាបផលិតផលថែរក្សាសក់លើស្បែកក្បាលឲ្យសោះ។ អ្នកមិនត្រឹមតែខ្ជះខ្ជាយផលិតផលប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យសក់មើលទៅសម្បូរជាតិខ្លាញ់រឹតតែច្រើន ដែលមានន័យថាអ្នកនឹងចង់លាងសក់ម្តងទៀតនៅថ្ងៃបន្ទាប់។ ដូចដែលអ្នកបានដឹងហើយ ការលាងសម្អាតសក់របស់អ្នករាល់ថ្ងៃគឺមិនល្អសម្រាប់សុខភាពសក់របស់អ្នកនោះទេ ដូច្នេះត្រូវប្រើផលិតផលថែរក្សាសក់ចាប់ពីពាក់កណ្តាលសក់រហូតដល់ចុងសក់ និងលាងសម្អាតវាជាមួយនឹងទឹកក្តៅឧណ្ហៗ។ 

៤- បន្ថែមភាពភ្លឺរលោងដល់សក់របស់អ្នកជាមួយនឹងការលាងសម្អាតជាមួយនឹងទឹកត្រជាក់ខ្លាំង
របៀបមួយនេះគឺប្រហែលសម្រាប់តែនារីដែលក្លាហានបំផុតប៉ុណ្ណោះ។ ប្រាកដណាស់ មិត្តនារីទាំងឡាយមិនដែលស្រមៃថាលាងសម្អាតសក់របស់ខ្លួនជាមួយនឹងទឹកត្រជាក់នោះទេ។ នៅពេលអ្នកសាកល្បងវាបានម្តង ទើបអ្នកបានឃើញភាពខុសគ្នា។ អ្នកគួរបញ្ចប់ការលាងសក់ជាមួយនឹងទឹកសម្អាតដ៏ត្រជាក់ដើម្បីបន្ថែមភាពភ្លឺរលោងដល់សក់។ បន្ទាប់ពីដឹងចំណុចនេះហើយ សូមសាកល្បងសម្អាតសក់ចុងក្រោយជាមួយនឹងទឹកត្រជាក់ខ្លាំង សាកល៎មើល។ 

៥- ប្រើផលិតផលថែរក្សាសក់របស់អ្នកជាមុនប្រសិនបើមានបញ្ហាពិបាកលាងសក់ដែលវែង
ក្បួនមួយនេះមិនមែនសម្រាប់នារីគ្រប់រូបនោះទេ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការលាងសម្អាតសក់ ឬអ្នកមានសក់វែងពេក សូមសាកល្បងប្រើផលិតផលថែរក្សាសក់មុនពេលប្រើសាប៊ូកក់។ តាមវិធីនេះ អ្នកនឹងអាចទប់ស្កាត់ការខូចសក់ និងអាចលាងសក់ដ៏វែងរបស់អ្នកបានឆាប់រហ័សបំផុត។ ប្រសិនបើអ្នកពុំមានផលិតផលថែរក្សាសក់ទេ អ្នកអាចប្រើផលិតផលលាបសក់ក្នុងបរិមាណតិចតួច។ តែកុំទុកវាដល់ ២០ នាទីឲ្យសោះ។ 

វាស្តាប់ទៅរាងស្មុគ្រស្មាញបន្តិច ប៉ុន្តែនៅពេណាដែលអ្នកបានប្រែក្លាយរបៀបលាងសម្អាតសក់ទាំងនេះឲ្យទៅជាទម្លាប់ហើយនោះ អ្នកនឹងកត់សម្គាល់ឃើញថាអ្នកបានធ្វើឲ្យសក់អ្នកមានសុខភាពល្អ និងមានភាពភ្លឺរលើបរលោងដល់កម្រិតណា៕

adverise with khmeread

មតិយោបល់