adverise with khmeread E468ebc2 66e8 4edc 85e6 c1be72c5534b

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ សង្ស័យ​ជា​មុខសញ្ញា​លួច​ម៉ូតូ​

    ភ្នំពេញ ៖ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ សង្ស័យ​ជា​មុខសញ្ញា​លួច​ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​ខណ្ឌចំការមន​ប​ញ្ជូ​ន​ទៅ​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ  បន្ទាប់ពី​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៦ កក្ក​ដា ស្ថិតនៅ​ចំនុច​តាម​បណ្តោយ​ផ្លូវ ២៧១ ក្រុម​៣៤ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​

    ប៉ូលិស​និ​យា​ថា ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក ដែល​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ​ធ្វើ​ការចាប់​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ទៅលើ​ខ្លួន​ជនសង្ស័យ​រកឃើញ​គ្រឿង​ប្រដាប់​ដែល​ទុក​សម្រាប់ធ្វើ​សកម្មភាព​កាច់​សោក លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១​និង​សូន្យ​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ​ចំនុច​តាម​បណ្តោយ​ផ្លូវ ២៧១ ក្រុម​៣៤ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​

    ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក​បន្តថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​៣​នាក់​ខាងលើ​ទី​១-​ឈ្មោះ ភិន សៀង​កើ (​ហៅ​ក្រិន​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ខាងក្រោយ​វត្ត​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ, ទី​២-​ឈ្មោះ សុខ ហួរ (​ហៅ​ជី​)​ ភេទ​ប្រុស​ អាយុ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​បឹង​ព្រលឹត សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ, និងទី​៣-​ឈ្មោះ ស៊ុន បញ្ញា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥ E.L ផ្លូវ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ។​

    ក្នុងនោះដែរ វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​សម្ភារៈ​សម្រាប់​កាច់​សោក​ម៉ូតូ​មួយចំនួន​រួមមាន ទុ​រវីស​មុខ​ជ្រុង ​និង​សំប៉ែត ចំនួន​០១ ,​ កូនសោរ​អក្សរ​L ចំនួន​០២, ដែក​មុខស្រួច​ចំនួន​០១, កូនសោរ​មុខ​ពីរ លេខ​៨​និង​លេខ ១២​ចំនួន​០១, កូនសោរ​ម៉ូតូ​ចំនួន​០២, រួម​នឹង​ម៉ូតូ​មួយគ្រឿង​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1R-3336​ចំនួន ០១​គ្រឿង​ផងដែរ។​

    ប៉ូលិសបាន​បន្តទៀតថា មុននឹង​ឈានដល់​ការចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។ លុះ​បាន​មកដល់​ចំណុចកើតហេតុ​ខាងលើ សមត្ថកិច្ច​ប្រទះឃើញ​ជនសង្ស័យ​ទាំង ០៣​នាក់​ខាងលើ កំពុងតែ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1R-3336​ឌុប​គ្នា ៣​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៧១។​

    ដោយមាន​ការសង្ស័យ សមត្ថកិច្ច​ក៏បាន​ឃាត់​ម៉ូតូ​ជនសង្ស័យ​ឱ្យ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​រកឃើញ​មាន​កូនសោ​សម្រាប់​កាច់​សោក​ម៉ូតូ នៅជាប់​នឹង​ខ្លួន​របស់​ក្រុម​ជនសង្ស័យ​ទាំងនេះ ទើប​សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ពួកគេ​យកមក​ធ្វើការ​សាកសួរ​តែម្តង។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៣​នាក់ រួម​និង​វត្ថុតាង ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​នា​ថ្ងៃនេះ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់