1

សាហាវ​ហួសហេតុ​! និស្សិត​រងគ្រោះ​ដែល​នៅរស់​ពី​ការរំលោភ​ជា​ហ្វូង​នៅ​ឥណ្ឌា​ត្រូវ​ក្រុម​ដដែល​ចាប់រំលោភ​ម្តងទៀត​

    ​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា និស្សិត​ឥណ្ឌា​ម្នាក់​កំពុង​ធូរស្បើយ​ឡើងវិញ​បន្តិច​ហើយ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ត្រូវ​បុរស​មួយក្រុម​ចាប់រំលោភ ក្នុងនោះ​បុរស​មួយចំនួន​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​លើ​រូបនាង​កាលពី​បី​ឆ្នាំមុន​ផងដែរ​។ នេះ​បើ​យោងតាម​វេ​ប​សាយ straitstimes របស់​សិង្ហ​បុរី​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ 

​    ​ប៉ូលិស​ក្នុង​រដ្ឋ Haryana បាន​កំពុង​តាម​ប្រមាញ់​បុរស​ទាំង ៥ ដែល​រង​ការចោទប្រកាន់​ពីបទ​ចាប់ពង្រត់​និស្សិត​អាយុ ២១ ឆ្នាំ​មកពី​សង្គម​ឋានៈ​ទាប​បំផុត​របស់​ឥណ្ឌា​ហៅថា Dalit នៅក្រៅ​សាកលវិទ្យាល័យ​របស់​នា​ង មុនពេល​អូស​នាង​ទៅ​រំលោភ​ក្នុង​រថយន្ត​។ 

​    ​និស្សិត​រងកម្ម​នេះ​ត្រូវគេ​ប្រទះឃើញ​សន្លប់​ស្តូកស្តឹង​នៅក្នុង​គុម្ពោត​ព្រៃ​នៅ​ចិញ្ចើមផ្លូវ​ហាយវ៉េ​មួយ​កាលពី​យប់​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ក្នុង​រដ្ឋ Haryana ក្បែរ​ព្រំប្រទល់​ក្រុង New Delh ក្នុង​ហេតុការណ៍​ចាប់រំលោភ​ផ្លូវភេទ​គួរឱ្យភ្ញាក់ផ្អើល​នាពេល​ចុងក្រោយ​បំផុត​របស់​ប្រទេស​នេះ​។ 

​    ​មេ​ប៉ូលិស​រដ្ឋ Haryana គឺ​លោកស្រី Pushpa Khatri បាន​និយាយថា និស្សិត ដែល​ឥឡូវ​បាន​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ស្គាល់​បុរស​ទាំង ៥ នាក់​នោះ ហើយពីរ​នាក់​ក្នុងចំណោម​នោះ​ថ្មីៗ​នេះ​ទើប​បង់លុយ​នៅក្រៅ​ឃុំ​ពីបទ​រំលោភ​នាង​ក្នុង​ឆ្នាំ ២០១៣​។ 

​    ​គ្រួសារ​របស់​នាង​បាន​ចោទ​បុរស ៥ នាក់​នោះ​ថា​បាន​គំរាម​ពួកគាត់ មុននឹង​ឈានដល់​ការចាប់រំលោភ​នាង​ម្តងទៀត​កាលពី​ថ្ងៃ​ពុធ ដោយ​ទាមទារ​ឱ្យ​គ្រួសារ​នេះ​ដក​ពាក្យបណ្តឹង​ករណី​រំលោភ​នាង​កាលពី​ឆ្នាំ ២០១៣៕ 

ប្រភព​៖ straitstimes

មតិយោបល់