កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរម៉ាទឹកកកនាថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង៧ និង១០នាទី យប់នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់ហេងឡុងភូមិ ស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយឃាត់ខ្លួនបុរសម្នាក់និងស្ត្រីម្នាក់។
ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួន១.ឈ្មោះ សំណាង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរសន្តិសុខឯកជនស្នាក់នៅភូមិឃុំកើតហេតុ ធ្លាប់ជាប់គុក១ឆ្នាំពីបទប្រើប្រាស់ថ្នាំញៀន និង២.ឈ្មោះ អឿ មុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅជាមួយគ្នា។
វត្ថុតាងចាប់យក៖ ១-ថ្នាំម្សៅពណ៌សរថ្លាសង្ស័យសារធាតុញៀន២៣កញ្ចប់ (កញ្ចប់មធ្យមក្នុងតម្លៃ១កញ្ចប់១០ដុល្លារ, ២-ជញ្ជីងថ្លឹងចំនួនមួយ, ៣-លុយខ្មែរ២០ម៉ឺនរៀល និងលុយដុល្លារ១០០ដុល្លារ, ៤.លោហធាតុពណ៌រមៀតក្រឡៃ១ខ្សែ(ខ្សែដៃ), ៥-ទូរស័ព្ទ០៦គ្រឿង-អិលជីពណ៌សរ០១គ្រឿង ណូគាអិនចុចពិល០៣គ្រឿង សាំសុងម៉ាកS3 ពណ៌ខ្មៅ០១គ្រឿង លីណូវ៉ូពណ៌ខ្មៅ០១គ្រឿង, ៦.ដបថ្មមានគំរប១ចិះ រុន២ ដែកកេះ៤កូនកន្ត្រៃ២ កូនកាំបិត១ និងថង់សម្រាប់វេចខ្ចប់ថ្នាំមួយចំនួនទៀត។
ប៉ូលិសបន្តថា នៅវេលាម៉ោងខាងលើកម្លាំងផ្នែកជំនាញនិងប៉ូលិសប៉ុស្តិ៍បែកចានបានទទួលព័ត៌មានបានថា៖ មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនក្នុងបន្ទប់ផ្ទះសំណាក់ ពេលនោះកម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍ចុះទៅត្រួតពិនិត្យរកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀន។
តាមចម្លើយសារភាពរបស់ជនល្មើស ប្រាប់ថាខ្លួន បានទិញថ្នាំញៀននេះមកពីភ្នំពេញយកទៅចែកចាយនៅតំបន់នោះ៕
