adverise with khmeread Index

បើករថយន្ដវ៉ាខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម

     ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ដ​កាមរី​(​បា​ឡែ​ន​)​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ដ​មួយគ្រឿង​ទៀត​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​ដាច់​ស្មើ​ដល់​ដី​និង​បាក់​ដើមឈើ​មួយ​ដើម ហើយ​ខ្ទាត​ទៅ​ប៉ះ​បុរស​ម្នាក់​ដែល​កំពង់​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​រងរបួស​ស្រាល  ចំណែក​រថយន្ដ​ដាច់​កាឡេ​ទៅមុខ​លែងរួច​។​
    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ នៅ​ចំណុច​ជាប់​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។​
    សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​មាន​រថយន្ដ​ម៉ាក​កាមរី​(​បា​ឡែ​ន​) ពណ៍​ស​ពាក់​ស្លាក​លេខ ភ្នំពេញ ​2Y-6172​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​
    លុះ​មកដល់​ចំណុចកើតហេតុ​បាន​វ៉ា​ខាងស្ដាំ​ដៃ​រថយន្ដ​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក  ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដាច់​ស្មើ​ដល់​ដី និង​បាក់​ដើមឈើ​មួយ​ដើម​ផងដែរ​។​
    ប្រភព​ដដែល​បាន​បន្តថា​ក្រោយ​ពេលដែល​បុក​រួចហើយ​រថយន្ដ​បាន​វិល​គូទ​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល​។​
    ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​សង​ថ្លៃ​ការខូចខាត​ដល់​ម្ចាស់​ម៉ូតូ​ចំនួន​40$​ដើម្បី​បញ្ចប់រឿង ។​ចំណែក​រថយន្ដ​ត្រូវបាន​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​កា​រិ​យា​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ  ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់