adverise with khmeread 2

អាវុធហត្ថអំពាវនាវដល់ប្រជាពលរដ្ឋមកពិនិត្យម៉ូតូ៧គ្រឿងទៀត

     ភ្នំពេញ ៖ ម៉ូតូ​ចំនួន​៧​គ្រឿង​បន្ថែមទៀត​ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទៅពិនិត្យ និង ផ្ទៀងផ្ទាត់​ឯកសារ​ទទួល​យកមក​ប្រើប្រាស់​វិញ បន្ទាប់ពី​នៅ​សប្តាហ៍​ក្នុងនេះ​បាន​ដកហូត​ពី​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ម្នាក់​ជា​មុខសញ្ញា​ចោរលួច និង​២​នាក់​ទៀត​ជា​អ្នកទទួល​ទិញ​ផល​ចោរកម្ម​ដែល​បានមកពី​អំពើ​លួច និង​ប្លន់​ត្រូវបាន​បង្ក្រាប​ជា​បន្តបន្ទាប់​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ក្រោយពេល​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ជនសង្ស័យ​១​នាក់​ឈ្មោះ សែន ចាន់​បុត្រ ហៅ ប៊​យ ពី​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​អំពើ​លួច ដោយ​គាស់​ទ្វាររបង​ផ្ទះ​ចូល​កាច់ក​លួច​ម៉ូតូ​មួយគ្រឿង​មក​នោះ ។​

    សមត្ថកិច្ច​ជំនាញ​បាន​បើក​ការស្រាវជ្រាវ​បន្ត​តាម​ចាប់​បក្ខពួក ដែល​ជាប់​ពាក់ព័ន្ធ​លើ​ករណី​ខាងលើនេះ​២​នាក់​បន្ថែមទៀត​។​ជនសង្ស័យ​ឈ្មោះ កោះ វិបុល ហៅ ឡូតូ និង ឈ្មោះ ហៀក ស៊ី​ថេត ហៅ ប្រុក ដែលជា​អ្នកទទួល​ទិញ​ម៉ូតូ​បានមកពី​អំពើ លួច និង​ប្លន់​គ្រប់​ប្រភេទ ។​

     តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ សែន ចាន់​បុត្រ ហៅ ប៊​យ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ខ្លួន​និង​គូកន​២​នាក់​ទៀត ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ មិន​ចាំ​ស្លាក​លេខ នៅ​ចំណុច​ម្តុំ​ចាក់សំរាម​ចាស់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រាកដ​មែន ដោយ​ពួកខ្លួន​បាន​ជិះ​ម៉ូតូ​នោះមក​លក់​ឲ្យ​ឈ្មោះ ឡូតូ និង ឈ្មោះ ប្រុក ក្នុងតម្លៃ​៣៥០​ដុល្លារ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ឡូ តូ និង ឈ្មោះ ប្រុក បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ពួកខ្លួន​ពិតជា​បាន​ទិញ​ម៉ូតូ​មួយគ្រឿង​ពី​ឈ្មោះ ប៊​យ ពិតប្រាកដ​មែន ហើយ​ថែមទាំង​ដឹងថា​ម៉ូតូ​នោះ​គឺជា​ម៉ូតូ​ដែល​គេ​លួចបាន​ផងដែរ​។​ម្យ៉ាងទៀត​កន្លងមក​ខ្លួន​បាន​ទិញ​ម៉ូតូ​គ្រប់​ម៉ាក គ្រប់​ប្រភេទ ទោះបី​ម៉ូតូ​នោះ​គ្មាន​ពន្ធ ឬ​ដឹងថា​ជា​ម៉ូតូ​ចោរ​ក៏ដោយ​។​

    ទន្ទឹមនឹងនេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដកហូត​ម៉ូតូ​៧​គ្រឿង​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច ប្លន់ ផងដែរ រួមមាន​៖ ១-​ម៉ាក​ហុងដា ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ គ្មាន​ស្លាក​លេខ​, ២-​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​, ៣-​ម៉ាក​ឃ្លី​ក ពណ៌​ស​គ្មាន​ស្លាក​លេខ​, ៤-​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម ស្លាក​លេខ តាកែវ 1D-8803, ៥-​ម៉ាក​ឃ្លី​ក ពណ៌​ស ខ្មៅ គ្មាន​ស្លាក​លេខ​, ៦-​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ស្លាក​លេខ បាត់ដំបង 1F-7878​និង​៧-​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។

    រីឯ​ម៉ូតូ​ដែល​ដកហូត​បាន​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​ចោរលួច និង​ប្លន់​កន្លងមក សូមមេត្តា​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ដើម្បី​ទទួលយក​ម៉ូតូ​ត្រឡប់​ទៅវិញ​៕​

adverise with khmeread

មតិយោបល់