adverise with khmeread 1

​អតីត​បេ​ក្ខ​នារី​ប្រឡង​បវរកញ្ញា​ហុងកុង​ឆ្នាំ ២០០៩ ក្លាយជា​ប៉ូលិស​ស្រី​ឆ្នាំ ២០១៦

​    ​មួយ​ប៉ព្រិចភ្នែក​សោះ នារី​ដ៏​ស្រស់ស្អាត​ម្នាក់​បានធ្វើឱ្យ​អ្នករស់នៅ​ទីក្រុង​ហុងកុង​មើល​សឹង​មិន​ស្គាល់​ខណៈ​រូបនាង​បាន​ចាក​ចេញពី​ពិភព​សិល្បៈ​ដើម្បី​បន្ត​អាជីព​ជា​ប៉ូលិស​។​

​    ​កាលពី​ថ្ងៃ​សៅរ៍ ទី ៩ ខែកក្កដា​នេះ កញ្ញា Lam Tsz-kwan ដែលជា​អតីត​បេ​ក្ខ​នារី​ប្រឡង​បវរកញ្ញា​អាស៊ី​ឆ្នាំ ២០០៩ (2009 Miss Asia) បានបញ្ចប់​ការសិក្សា​នៅ​សាលា​ប៉ូលិស​ហុងកុង Hong Kong Police College ជាមួយ​សិក្ខាកាម ៣៣ នាក់​ផ្សេងទៀត​និង​និស្សិត​ចំនួន ២៣៩ នាក់ ដែល​រឿងនេះ​បានធ្វើឱ្យ​ប្រជាជន​នៅ​ហុងកុង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​    ​កញ្ញា​វ័យ ២៥ ឆ្នាំ​រូបនេះ​បានទទួល​ពានរង្វាន់​ក​ញ្ចែ​ប្រាក់ (Silver Whistle) ចំពោះ​ការរៀន​ជាប់​លេខ​១​ក្នុង​សាលា​ប៉ូលិស​របស់​នាង​ក្នុង​ពិធី​ប្រគល់​រង្វាន់​មួយ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​កងទ័ព​រំដោះប្រជាជន​ហុងកុង​ផងដែរ​។​

​    ​ពានរង្វាន់​កញ្ចែ​ប្រាក់​ត្រូវបាន​ផ្តល់ជូន​ផ្អែកលើ​ការបំពេញ​ការសិក្សា​ល្អ​របស់​សិក្ខាកាម​ក្នុងនោះ​មានដូចជា ការដើរ​ក្បួន ការបាញ់​កាំភ្លើង ការហាត់​ប្រាណ និង​ការ​ហាត់រៀន​ជំនាញ​ប៉ូលិស​ជាច្រើន​ទៀត​។ ក្រៅពីនេះ ពួកគេ​ត្រូវ​ទទួល​ការណែនាំ​ពី​គ្រូ​បណ្តុះបណ្តាល​និង​មន្ត្រីជាន់ខ្ពស់ មុននឹង​ឈានទៅ​វគ្គ​សម្ភាសន៍​ជុំ​ចុងក្រោយ​។​

​    ​ទោះយ៉ាងណា អតីត​តារា​ទូរទស្សន៍​រូបនេះ​បាន​ប្រាប់​វេ​ប​សាយ​ហុងកុង Passion Times ថា នាង​ឈប់​ពី​ការងារ​នៅ​ទូរទស្សន៍ ATV  គឺ​ដោយសារ​នាង​មិន​ឯកភាព​ចំពោះ​ការគ្រប់គ្រង​តឹងរ៉ឹង​របស់​ក្រុមហ៊ុន ដែល​នាង​បាន​រៀបរាប់ថា​វា​គឺជា​លាង​ខួរក្បាល​នោះ​។​

​    ​Lam ក៏បាន​ប្រាប់​វេ​ប​សាយ Apple Daily ថា នាង​សង្ឃឹមថា រាល់​អ្វីដែល​នាង​បាន​រៀនសូត្រ​ពីសា​លា​ប៉ូលិស​នឹងត្រូវ​បាន​យកទៅអនុវត្ត​នៅក្នុង​សង្គម​៕

 

adverise with khmeread

មតិយោបល់