adverise with khmeread 84d1c173 b091 4a7a 98c0 16cd5779c754

ថ្ងៃស្អែក​ពិធីបុណ្យ​ចូល​ព្រះវស្សា នឹង​ឈាន​មកដល់​

    ភ្នំពេញ ៖ បុណ្យ​ចូល​វស្សា ជា​ពិធីបុណ្យ​មួយ​នៃ​ព្រះពុទ្ធសាសនា ហើយក៏​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សមណេ សីល​វ័ន សីលវតី ដូនជី បាន​រៀន​ធម៌ វិន័យ​យ៉ាង​ភ្ជ​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​នៃ​ព្រះ​បរមគ្រូ។​

    ចំណែក​ពុទ្ធបរិស័ទ​វិញ​នឹង​ទទួលបាន​អា​និ​សង្ឃ​ផល​បុណ្យ​ច្រើន បន្ទាប់ពី​បាន​ចូលរួម​​បរិច្ចាក បច្ច័យ ទេយ្យទាន និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​សទ្ធា​ជ្រះថ្លា ក្នុងអំឡុង​នៃ​ពិធីបុណ្យ​នោះ​។​

    លោក ញាណ ភឿន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជាទី​ប្រឹក្សា​គណកម្មាធិការ​បុណ្យជាតិ និង​អន្តរជាតិ បានឱ្យដឹងថា បុណ្យ​ចូលកាន់​ព្រះវស្សា គឺជា​ពិធីបុណ្យ​ដ៏​ធំ​របស់​ពុទ្ធសាសនិកជន ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ មាន​រយៈពេល​៣​ខែ​ចាប់​ពីថ្ងៃ​១​រោច​ខែ​អាសាធ​ដល់​ថ្ងៃ​១៥​កើត ខែអស្សុជ។​

    លោក​បន្តថា ឆ្នាំ​២០១៦​នេះ បុណ្យ​ព្រះវស្សា​នឹង​ចូល​នៅ​ថ្ងៃទី​២០ កក្កដា ត្រូវ​បញ្ចប់ ឬ​ចេញ​វស្សា​នៅ​ថ្ងៃទី១៦ តុលា ត្រូវ​នឹង​ថ្ងៃ​១៥​កើត​ខែអស្សុជ អំឡុងពេល​ចូល​វស្សា ព្រះសង្ឃ​ពុំ​អាច​និមន្ត​ចេញចូល​បាន​ធម្មតា​ដូច​ក្រៅ​វស្សា​ទេ។ ដូច្នេះ​ពុទ្ធ​បរិ​ស័​ទ្ធ​មាន​នាទី​ទំនុកបម្រុង​ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ មានដូចជា ធូប ទៀន ប្រេង ដុត​បំភ្លឺ​ពេល​ចូល​វស្សា ស្បង់​ជីពរ ចង្ហាន់​នានា អាច​ទុក​បានយូរ ដូចជា អំបិល ឆៃ​ពៅ អង្ករ មី ត្រីងៀត ត្រីឆ្អើ ត្រីផាត់ និង ភេសជ្ជៈ ជាដើម។​

    លោក ញាណ ភឿន​ បន្តថា មុន​ថ្ងៃ​ពិធីបុណ្យ​ព្រះវស្សា​ចូលមក​ដល់​ពុទ្ធសាសនិកជន​នៅ​ទូទាំងប្រទេស គ្រប់​ជាន់ថ្នាក់ តែងតែ​នាំយកមក​នូវ​សទ្ធា​ជ្រះថ្លា​របស់ខ្លួន មាន​បច្ច័យ​ទេយ្យទាន គ្រឿងឧបភោគ បរិភោគ​...​ពិសេស​គឺ​ទៀន​ព្រះវស្សា​សម្រាប់​វេ​ប្រគេន​ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម នៅ​ទូទាំងប្រទេស ដើម្បី​ឧបត្ថម្ភ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ក្នុង​រដូវភ្លៀង​ធ្លាក់ នេះ​ជា​ទំនៀម​ទំលាប់​ប្រពៃណី​ដូនតា ពុទ្ធសាសនា ដែល​បាន​បន្សល់ទុក​ពី​ជំនាន់​ដើម​រហូតមកដល់​សព្វ​ថ្ងៃ។​

    លោក បន្តថា បុណ្យ​ចូល​វស្សា​ជា​ប្រពៃណី​ខ្មែរ រីឯ​ទេយ្យទាន​គ្រឿងឧបភោគ បរិភោគ​មក​ប្រគេន​ព្រះសង្ឃ នឹង​ទទួលបាន​ផលានិសង្ស​ច្រើន សំរាប់​បច្ចុប្បន្ន​ជាតិ និង​អនាគតជាតិ ព្រោះ​បាន​ជួយ​ដោះ​ទុក្ខ បាន​ជួយ​សម្រាល​ការលំបាក របស់​សង្ឃ​ក្នុងការ​ស្វែងរក​អាហារ​បិណ្ឌ​បាត្រ​នៅ​រដូវ​ភ្លៀង ហើយ​ភិក្ខុសង្ឃ​ទាំងអស់​ត្រូវ​រៀន​ធម៌​វិន័យ​បាន​ពេញលេញ គ្មាន​ភិក្ខុ​អង្គណា​អាច​គេចចេញ​មិន​ចូល​វស្សា​បានឡើយ​។  ព្រោះ​ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាស​ថា បើ​ភិក្ខុ​ណា​មិន​ចូល​វស្សា ភិក្ខុ​នោះ នឹង​ដាច់​អ​បាត់​ធម៌​អារ ប្រាសចាក​វិន័យ​សង្ឃ គឺ​បាប។​

    លោក ញាណ ភឿន បាន​បញ្ជាក់ថា ពិធីបុណ្យ​ចូល​វស្សា​មានកំណើត​ពី​សម័យ​ពុទ្ធកាល​មកម្ល៉េះ ដោយ​បានចែង​នៅក្នុង​វិន័យ​ត្រ័យបិដក​ភាគ​៧ ពិធីបុណ្យ​នេះ មាន​ប្រវត្តិ​នៅ​គ្រា​ដែល​ព្រះពុទ្ធ និង​ភិក្ខុ​ទាំង​១២៥០​អង្គ ប្តូរ​ពីរ​ចំការ​ត្នោត មក​គង់នៅ​ក្នុងព្រៃ​ឫស្សី ក្រុង​រាជ​គ្រឹ​ស្ត  គឺជា​រដូវវស្សា ដែល​ធ្វើឱ្យ​ពិបាក​ដល់​ការកសាង​វត្ត​ថ្មី​ផង និង​ដល់​ការ​និមន្ត​បិណ្ឌ​បាត្រ​ផង។​

    ចំណែក​លោក ផន ដាវី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ដែរ​ថា បុណ្យ​ចូល​ព្រះវស្សា គឺកំណត់​មិនឱ្យ​ព្រះសង្ឃ​ចេញ​ក្រៅ​វត្ត​បានទេ នេះ​ជា​ច្បាប់​វិន័យ​សង្ឃ។ ប៉ុន្តែ​បើ​ចេញ​ក្រៅ​ត្រូវមាន (​សត​ហៈ​) មានន័យថា សុំច្បាប់​ពេល​មាន​ឪពុក​-​ម្តាយ​ឈឺ​ធ្ងន់​និង​មានធុរៈ​ចាំបាច់។ ប៉ុន្តែ​ការ​និមន្ត​ចេញ​ក្រៅ​នោះ មាន​រយៈពេល​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ គម្រប់​ថ្ងៃទី​៧​ត្រូវ​រូតរះ​និមន្ត​ចូល​វត្ត​វិញ​បន្ទាន់។​

    លោក​បន្តថា ក្នុង​រដូវវស្សា​ព្រះសង្ឃ​អាច​និមន្ត​ចេញ​បិណ្ឌ​បាត្រ​បាន​មិន​ខុស​វិន័យ​ឡើយ ព្រោះ​គ្រឿង​ឧបភោគបរិភោគ​ទុក​បង្ការ​សម្រាប់តែ​ពេល​មាន​ភ្លៀង​ប៉ុណ្ណោះ។​

    គួររំលឹកថា​នៅ​ទូទាំង​ប្រ​ទស មាន​ព្រះសង្ឃ ជាង​៥​ម៉ឺន​៨​ពាន់​អង្គ និង​វត្តមាន​ចំនួន​៤៧៥៥​វត្ត។ សម្រាប់​រាជធានី​ភ្នំពេញ មាន​វត្ត​ចំនួន​១៤៩​វត្ត និង​ព្រះសង្ឃ​ជិត​៨​ពាន់​អង្គ​៕

adverise with khmeread

មតិយោបល់