adverise with khmeread Technology

សញ្ញា ៨ បង្ហាញថាកូនរបស់អ្នកត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់បច្ចេកវិជ្ជា

សព្វថ្ងៃ ក្មេងៗភាគច្រើនចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាតាំងពីអាយុនៅតិចបំផុត។ ក្មេងខ្លះសូម្បីតែនិយាយមិនទាន់ចេះផង តែពួកវាស្គាល់អ្វីទៅជាកុំព្យូទ័ររួចទៅហើយ និងចេះពីរបៀបប្រើវាថែមទៀតផង។ រឿងគួរឲ្យចាប់អារម្មណ៍បំផុតគឺថា ពួកវាអាចប្រើប្រាស់កុំព្យូទ័រយ៉ាងត្រឹមត្រូវនៅអាយុត្រឹម ៤ ឬ ៥ ឆ្នាំប៉ុណ្ណោះ ដោយពុំមាននរណាជួយនោះឡើយ។ សំណួរគឺថាតើអាយុប៉ុន្មានដែលពិតជាសក្តិសមសម្រាប់ប្រើបច្ចេកវិជ្ជា? មាតាបិតាតិចតួចណាស់ដែលគិតពីសំណួរនេះ ប៉ុន្តែសំណួរនេះគឺពិតជាសំខាន់ខ្លាំងណាស់។ ដូច្នេះបើអ្នកចង់ស្វែងយល់ថាតើពេលណាកូនរបស់អ្នកត្រៀមខ្លួនជាស្រេចដើម្បីប្រើប្រាស់រាល់ទូរស័ព្ទ ថេប្លេត កុំព្យូទ័រយួរដៃ និងរាល់ឧបករណ៍បច្ចេកវិជ្ជាផ្សេងៗទៀត សូមក្រឡេកមើលសញ្ញាទាំងអស់នេះដូចតទៅ...

១- ពួកវាអាចរាប់លេខបាន
រឿងដំបូងត្រូវចាប់អារម្មណ៍ នៅពេលដែលអ្នកព្យាយាមពិនិត្យមើលថាតើកូនតូចរបស់អ្នកបានត្រៀមខ្លួនប្រើប្រាស់បច្ចេកវិជ្ជាហើយឬនៅ គឺសមត្ថភាពក្នុងការរាប់លេខរបស់វា។ បច្ចេកវិជ្ជាឌីជីថលគឺជាពិភពនៃលេខ ហេតុដូចនេះអ្នកប្រើប្រាស់គួរតែមានចំណេះដឹងមូលដ្ឋានខ្លះក្នុងគណិតវិទ្យាដើម្បីអាចប្រើប្រាស់បច្ចេកវិជ្ជាបានត្រឹមត្រូវ។ ការដឹងយ៉ាងតិចត្រឹមលេខ ១០ គឺល្មមគ្រប់គ្រាន់ឲ្យកូនរបស់អ្នកចូលប្រើកុំព្យូទ័របានហើយ។ 

២- ពួកវាដឹងថាអ្វីដែលល្អ និងអ្វីដែលមិនល្អ
បច្ចេកវិជ្ជាទំនើបមិនអាចទៅរួចនោះទេបើគ្មានអ៊ីនធឺណេត។ កូនរបស់អ្នកច្បាស់ជាបានដឹងរួចហើយនូវអ្វីដែលល្អ និងអ្វីដែលមិនល្អ​ ហើយរឿងទាំងអស់នោះគឺមាននៅលើអ៊ីនធឺណេតនេះឯង។ អ្នកគឺជាមនុស្សដ៏សំខាន់ ដែលគួរតែបង្រៀនកូនអ្នកពីអ្វីដែលមានប្រយោជន៍ មិនមែនឲ្យអ៊ីនធឺណេតជាអ្នកបង្រៀនកូនរបស់អ្នកនោះទេ។

៣- ពួកវាស្គាល់អ្វីទៅជាលុយ
អ៊ីធឺណេតគឺអាចចូលប្រើប្រាស់ដោយសេរី ក៏ប៉ុន្តែដូចដែលយើងបានដឹងហើយ មិនមែនអ្វីៗសុទ្ធតែអាចចូលដោយសេរីដោយមិនបង់ប្រាក់នោះទេ។ យើងទាំងអស់គ្នាដឹងរឿងនេះ ប៉ុន្តែកូនៗរបស់យើងមិនដឹងនោះទេ។ ក្នុងស្មាតហ្វូន ហ្គេមខ្លះត្រូវបានដាក់លក់ ដូច្នេះត្រូវប្រយ័ត្នបំផុតនៅពេលកូនរបស់អ្នកចូលក្នុង AppStore រួចទិញហ្គេមតាមទំនើងចិត្តរបស់វា។ អ្នកអាចនឹងខាតបង់ច្រើនដោយមិនដឹងខ្លួនដោយសារតែវាស្គាល់លុយ និងដឹងពីរបៀបទិញតាម AppStore។ 

៤- ពួកវាអាចអានបាន
អ្វីៗសុទ្ធតែជាការអានទាំងអស់នៅក្នុងបច្ចេកវិជ្ជា។ មិនថាអ្នកលេងហ្គេមវីដេអូ ឬ ស្វែងរកចម្លើយសម្រាប់សំណួររបស់អ្នកទេ គឺថាអ្វីទាំងអស់សុទ្ធតែត្រូវបានសរសេរឡើងក្នុងបច្ចេកវិជ្ជា ហើយអ្នកនឹងមិនអាចប្រើឧបករណ៍បច្ចេកវិជ្ជាបានត្រឹមត្រូវទេ ប្រសិនបើអ្នកមិនចេះអាន។ ជំនាញអានគឺជាសញ្ញាមួយទៀតបង្ហាញថាកូនរបស់អ្នកត្រៀមខ្លួនជាស្រេចដើម្បីប្រើប្រាស់បច្ចេកវិជ្ជាទំនើបដោយខ្លួនឯង។ បើមិនចេះអានទេ ពួកវាអាចនឹងគប់បំបែករបស់បច្ចេកវិជ្ជាទាំងនោះ ឬមិនដឹងពីរបៀបប្រើរបស់បច្ចេកវិជ្ជាសោះតែម្តង។ 

៥- ពួកវាដឹងពីក្បួនការពារសុវត្ថិភាព
បច្ចេកវិជ្ជាមិនមែនចេះតែមានសុវត្ថិភាពរហូតនោះទេ។ ខណៈដែលវាមិនមានគ្រោះថ្នាក់ដល់អ្នក ប៉ុន្តែវាអាចបំផ្លាញសុខភាពកូនរបស់អ្នក។ ត្រូវធ្វើឲ្យប្រាកដថា កូនៗរបស់អ្នកបានដឹងរួចហើយអំពីក្បួនការពារសុវត្ថិភាពមុនពេលអ្នកឲ្យពួកវាប្រើប្រាស់បច្ចេកវិជ្ជា។ តើត្រូវធ្វើយ៉ាងណា នៅពេលមានបញ្ហាពាក់ព័ន្ធនឹងអគ្គីសនី? ត្រូវឲ្យកូនរបស់អ្នកដឹងពីព័ត៌មានដ៏សំខាន់នេះដើម្បីចៀសវាងបញ្ហាធ្ងន់ធ្ងរ។ 

៦- ពួកវាចំណាយពេលគ្រប់គ្រាន់នៅជាមួយអ្នក
ការចំណាយពេលគ្រប់គ្រាន់នៅជាមួយកូនៗរបស់អ្នកគឺជាគន្លឹះមួយក្នុងការចិញ្ចឹមវាឲ្យក្លាយទៅជាមនុស្សខ្លាំងក្លា មានប្រាជ្ញាវៃឆ្លាត និងចេះដឹងគុណ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នឹងកូន ហើយទុកឲ្យពួកវាមើលស្គ្រីនម៉ូនីទ័រពេញៗមួយថ្ងៃ អ៊ីចឹងអ្នកបានទុកឲ្យបច្ចេកវិជ្ជាបង្រៀននូវរឿងគ្រោះថ្នាក់ជាច្រើនដល់កូនរបស់អ្នកហើយ។ ក្មេងៗតែងតែចាំឥតភ្លេចរាល់ព័ត៌មានដែលវាមើលឃើញ។ ពួកវាមិនបានគិតពីអ្វីដែលពួកវាចង់ឃើញនោះទេ។ ពួកវាគ្រាន់តែមើលនូវអ្វីដែលបានបង្ហាញ ហើយគិតថាពិភពលោកពិតប្រាកដគឺបែបនោះឯង។ អ្នកគួរតែដើរលេងជាមួយកូនរបស់អ្នក និងនិយាយទៅកាន់វាឲ្យបានញឹកញាប់តាមដែលអាចធ្វើបាន។ ពួកវាត្រូវតែដឹងថា ពិភពលោកពិតប្រាកដមិនមែនជាអ្វីដែលពួកវាឃើញលើអេក្រង់នោះទេ។

៧- ពួកវាមានភ្នែកដែលមានសុខភាពល្អ
មុនពេលអ្នកអនុញ្ញាតឲ្យកូនប្រើទូរស័ព្ទ ថេប្លេត និងកុំព្យូទ័រ វាជារឿងល្អប្រសើរដែលត្រូវទៅជួបវេជ្ជបណ្ឌិតជាមុនសិន។ ស្គ្រីនទាំងនោះអាចនឹងបំផ្លាញកែវភ្នែកកូនរបស់អ្នក។ ប៉ុន្តែទោះបីជាអ្នកបានដឹងថាភ្នែកកូនរបស់អ្នកមិនមានបញ្ហាអ្វីទាំងអស់ក៏ដោយ ក៏មិនត្រូវបណ្តោយតាមចិត្តវាដែរ ត្រូវកំណត់ម៉ោងច្បាស់លាស់មួយ នៅពេលដែលអ្នកអនុញ្ញាតឲ្យកូនរបស់អ្នកប្រើបច្ចេកវិជ្ជា ព្រោះការចំណាយពេលច្រើនម៉ោងនៅមុខស្គ្រីនអាចនាំទៅរកបញ្ហាសុខភាពជាច្រើន។

៨- ពួកវាអាចអប់រំខ្លួនវាបាន
មានមាតិកាមិនល្អ មិនចាំបាច់ និងមិនសមនឹងក្មេងមើលជាច្រើននៅលើអ៊ីនធឺណេត ប៉ុន្តែមានកម្មវិធីអប់រំ និងហ្គេមមានប្រយោជន៍ជាច្រើនសម្រាប់ក្មេងៗផងដែរ។ វាជាការប្រសើរដែលត្រូវបង្ហាញកូនរបស់អ្នកនូវហ្គេមចម្រុះពណ៌ដ៏មានប្រយោជន៍ទាំងអស់នោះដើម្បីឲ្យមានការអភិវឌ្ឍខ្លួន។ តាមវិធីនេះ អ្នកនឹងប្រាកដថា កូនរបស់អ្នករៀនពីរបៀបប្រើប្រាស់បច្ចេកវិជ្ជា ហើយពួកវាក៏បានចូលរួមក្នុងការអភិវឌ្ឍខ្លួនឯងតាំងពីក្បាលរហូតដល់ចុងជើងផងដែរ។ 

សព្វថ្ងៃបច្ចេកវិជ្ជាមាននៅគ្រប់ទីកន្លែង ហើយអ្នកមិនអាចទប់ស្កាត់កូនរបស់អ្នកមិនឲ្យប្រើប្រាស់បច្ចេកវិជ្ជាទាំងនោះបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងដំណើរការនេះបាន។ សញ្ញាទាំងនេះបង្ហាញប្រាប់អ្នកថា កូនរបស់អ្នកត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់បច្ចេកវិជ្ជា។ អ្នកមិនគួរលាក់ទូរស័ព្ទ និងកុំព្យូទ័រពីពួកវានោះទេ។ វាជាការប្រសើរដែលត្រូវឲ្យឧបករណ៍ទាំងនោះធ្វើការជំនួសអ្នក។ បង្រៀនកូនរបស់អ្នកពីរបៀបប្រើវាឲ្យបានត្រឹមត្រូវ និងព្យាយាមបង្ហាញថា វីដេអូហ្គេមមិនមែនជាអ្វីៗគ្រប់យ៉ាង ដែលយើងអាចទទួលបានពីការច្នៃប្រឌិតចុងក្រោយនៃពិភពបច្ចេកវិជ្ជានោះទេ ប៉ុន្តែនៅមានរឿងមានប្រយោជន៍ជាច្រើនទៀតត្រូវធ្វើជាមួយនឹងបច្ចេកវិជ្ជា។ តើអ្នកគិតថាកូនរបស់អ្នកត្រៀមខ្លួនប្រើបច្ចេកវិជ្ជាឲ្យមានប្រសិទ្ធភាពហើយឬនៅ?

adverise with khmeread

មតិយោបល់