adverise with khmeread C60d5e1a 018d 4598 84b0 ffedbaea69fa

«កុំ​ទុកចិត្ត​មេឃ កុំ​ទុកចិត្ត​ផ្កាយ កុំ​ទុកចិត្ត​ប្រពន្ធ​ថា​អត់​មាន​សហាយ កុំ​ទុកចិត្ត​ម្តាយ​ថា​គ្មាន​បំណុល​»

    ព្រះវិហារ ៖ «កុំ​ទុកចិត្ត​មេឃ កុំ​ទុកចិត្ត​ផ្កាយ កុំ​ទុកចិត្ត​ប្រពន្ធ​ថា​អត់​មាន​សហាយ កុំ​ទុកចិត្ត​ម្តាយ​ថា​គ្មាន​បំណុល​» ប្រយោគ​ខាងលើនេះ គេ​តែងតែ​ឮ​ច្រើន​ជំនាន់​មកហើយ​នៅក្នុង​សង្គម​ខ្មែរ​យើង។​

    ក្នុង​អត្ថបទ​នេះ ខ្មែរ​រីដ​បានជ្រើសរើស​យក​ជ្រុង​មួ​យមក​ផ្សព្វផ្សាយ​គឺ ​«​កុំ​ទុកចិត្ត​ប្រពន្ធ​ថា​អត់​មាន​សហាយ» ​ដែល​បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ខេត្តព្រះវិហារ។​

    ពីមុនមក​ករណី​កម្រ​បែបនេះ​យូរៗ​គេ​បាន​ជួប​ម្តង ប៉ុន្តែ​នៅ​សម័យ​ Intrnet, Facebook, WhatApp, Line, WeChat, Viber...​ គេ​សង្កេតឃើញថា​មានការ​កើនឡើង ដោយសារតែ​ការទំនាក់ទំនង​ស្នេហា​ខុស​មាត្រា​កាន់តែ​ងាយ​ស្រួ​ល។​

    ខ្មែរ​រីដ​សូម​លើក​រឿងរ៉ាវ​ជាក់ស្តែង​មួយ​គឺ​ករណី​ស្ត្រី​មាន​ប្តី​មានកូន​លួច​មាន​សហាយស្មន់​មួយ​ បានធ្វើឱ្យ​ញាប់​ញ័រ​កណ្តាល​ក្រុង​ព្រះវិហារ ខណៈដែល​សមត្ថកិច្ច​បា​ន​ឆ្មក់​ចូល​ឆែកឆេរ​បន្ទប់​មួយ​នៃ​ផ្ទះសំណាក់​ព្រះវិហារ​ទៅតាម​បណ្តឹង​របស់​បុរស​ជា​ប្តី​ដែល​ចោទថា ភរិយា​របស់ខ្លួន​បាន​ស្ថិតនៅក្នុង​បន្ទប់​ផ្ទះសំណាក់​ជាមួយ​ប្រុស​សហាយ ដែលមាន​ប្រពន្ធ​និង​កូន​រៀងៗ​ខ្លួន ហើយ​នៅពេល​ប្តី​និង​ប៉ូលិស​តាម​ទាន់​ពួកគេ​បាន​ឱប​គ្នា​យ៉ាង​ស្អិត។​

    រឿងរ៉ាវ​ផិតក្បត់​លួច​មាន​សហាយស្មន់​នេះ​ត្រូវបាន​ប្រភពព័ត៌មាន​រាយការណ៍​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣ ឧសភា មកម្ល៉េះ ដោយ​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ខេត្តព្រះវិហារ បាន​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ​អ៊ុង មេ​ង​ហៀ​ង ហៅ​អា​មួយ អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សួង ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មាន​ប្តី​និង​កូន​២​នាក់ និង​ប្រកប​របរ​លក់​បាយ​នៅ​ក្រុង​ព្រះវិហារ។​

    ជាមួយនឹង​ការឃាត់ខ្លួន​ស្ត្រី​រូបនេះ​ក៏បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ផងដែរ ឈ្មោះ​សាន វណ្ណា អាយុ​៣៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ជា​បុរស​មាន​ប្រពន្ធ​និង​កូន​តែ​បាន​លួច​មាន​សហាយស្មន់​ល្មើសច្បាប់​ឯក​ពន្ធភាព។​

    ស្ត្រី​ឈ្មោះ ​អ៊ុង មេ​ង​ហៀ​ង ហៅ​អា​មួយ ទើបតែ​មក​រស់នៅ​រក​ស៊ី​លក់​បាយ​ជាមួយ​ប្តី​ឈ្មោះ​បាន រតនា អាយុ​៣២​ឆ្នាំ នៅក្នុង​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​បាន​ប្រហែល​២​ខែ​ប៉ុណ្ណោះ។​

    ការ​ឈានដល់​ប្តឹង​ប៉ូលិស​ឱ្យចូល​ឆែកឆេរ​បន្ទប់​ផ្ទះសំណាក់​នេះ​គឺ​បន្ទាប់ពី​បុរស​ជា​ប្តី​បាន​តាមដាន​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​បាន​លួច​មាន​ប្រុស​សហាយ​ជា​យូរ​មកហើយ។ តែ​មិនអាច​ចាប់បាន​ជាក់ស្តែង ទើបតែ​ពេលនេះ​បានដឹងថា ស្ត្រី​ជា​ប្រពន្ធ​និង​ប្រុស​សហាយ​បាន​ណាត់​ជួបគ្នា​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ព្រះវិហារ។​

    ទោះបីជា​ដឹង​ច្បាស់​ក្តី បុរស​ជា​ប្តី​មិនដឹងថា​ធ្វើ​យ៉ាងណាទេ ដើម្បី​បកអាក្រាត​ពី​ភាព​គម្រក់​របស់​ប្រពន្ធ​ក៏​រាយការណ៍​សុំ​យោបល់​ពី​លោក ស ថា​វី អភិបាលរង​ខេត្ត ទទួលបន្ទុក​សន្តិសុខ។​

    ពេលនោះ លោក​អភិបាលរង​ខេត្ត​បាន​ជូនដំណឹង​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ ស្នងការ​ប៉ូលិស​ខេត្ត ដើម្បី​ជួយ​អន្តរាគមន៍។​

    លោកស្នងការ​ប៉ូលិស​ខេត្ត​បន្ទាប់ពី​ទទួលដំណឹង​នេះ​បាន​ចាត់​កម្លាំង​ប៉ូលិស​ស្នងការដ្ឋាន​ខេត្ត និង​ប៉ូលិស​ក្រុង​ព្រះវិហារ ទៅ​ឆែកឆេរ​ជាក់ស្តែង​នៅក្នុង​បន្ទប់​មួយ​ដែល​បិទ​ជិត​។​

    ដោយមាន​ការអនុញ្ញាត​ពី​ម្ចាស់ផ្ទះ​សំណាក់​ក៏បាន​រកឃើញ​បុរស​ជាស​ហាយ​ឈ្មោះ​ សាន វណ្ណា នៅក្នុង​បន្ទប់។​

    តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា ពេល​ចាក់សោ​ចូលទៅក្នុង​បន្ទប់​នោះ​មិនបាន​រកឃើញ​ស្ត្រី​ជា​ដៃគូ​ភ្លាម​ទេ​ដោយសារតែ​ប្រុស​សហាយ​មាន​ល្បិច​ខ្ពស់ យក​ស្ត្រី​ជាស​ហាយ​ទៅ​លាក់​ក្រោម​គ្រែ​ដេក​ក្នុង​បន្ទប់​ធ្វើឱ្យ​សមត្ថកិច្ច​ប៉ូលិស​ចង់​ភាំង ព្រោះ​មិនអាច​វែកមុខ​រឿងរ៉ាវ​សហាយស្មន់​នេះ​បាន។​

    ទោះបីជា​បែបណា​ក្តី ប៉ូលិស​មាន​ល្បិច​មិន​ចាញ់​ចោរលួច​បេះដូង​ប្រពន្ធ​គេ​នេះ​ទេ គឺ​បាន​លើក​ពូក​និង​រនាប​គ្រែ​ចេញ​ទើប​ប្រទះឃើញ​ស្ត្រី​អស់លក្ខណ៍​នៅក្នុង​ក្រោម​គ្រែ។​

    ពេលនោះ​នាង​មេ​ង​ហៀ​ង​ងើប​ចេញ ហើយ​ស្ទុះ​ទៅ​ឱប​ប្រុស​ស្នេហ៍​បេះ​ដៃ​ស្ទើរតែ​មិន​ចេញ។ បន្ទាប់មក​ប៉ូលិស​បាន​នាំខ្លួន​នាង​និង​ប្រុស​សហាយ​ចេញពី​ក្នុង​បន្ទប់ និង​នាំ​ទៅកាន់​ការិយាល័យ​ជួញដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​ខេត្តហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។​

    តាម​ចម្លើយសារភាព​របស់​ស្ត្រី​ជា​ប្រពន្ធ​ថា នៅវេលា​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ឧសភា នាង​កុហក​ប្តី​ថា​ប្រញាប់​ទៅរក​ទិញ​ម្ហូប​នៅ​ផ្សារ។ ពេល​បាន​ឱកាស​ហើយ​នាង​ប្រញាប់​ទៅ​ជួប​ប្រុស​ស្នេហ៍​តាម​ការ​ណាត់គ្នា​ភ្លាម។​

    ចំណែក​បុរស​ជា​ប្តី​និយាយថា លោក​បាន​ចាំមើល​ផ្លូវ​ប្រពន្ធ​រហូត​ដល់​ម៉ោង​៩​មិនឃើញ​វិល​វិញ​ក៏​តាមដាន​រហូតដល់​ផ្ទះសំណាក់​ហើយ​ឃើញ​រថយន្ត​ប្រុស​សហាយ​ដែល​ធ្លាប់​ទាក់ទង​ប្រពន្ធ​របស់លោក​។ ពេលនោះ​លោក​សុំ​អន្តរាគមន៍​ចូល​ឆែកឆេរ​ក្នុងផ្ទះ​សំណាក់ ក៏​ឃើញ​ប្រពន្ធ​និង​ប្រុស​សហាយ។​

    តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា ស្ត្រី​និង​ប្រុស​សហាយ​នេះ​បាន​ទាក់ទង​គ្នា​តាំងពី​នៅ​ស្រុកកំណើត (​ភូមិ​សួង​) មកម្ល៉េះ។ ទាក់ទិន​ប្រុស​សហាយ​នេះ តាម​ប្រភពព័ត៌មាន​ថា ជា​អ្នករកស៊ី​ដឹកឈើ​គ្រញូង​ទៅ​លក់​នៅ​សួង​ទើបបាន​ជួប​ទាក់ទង​គ្នា​នេះ តែ​ប្តី​ចាប់​ភស្តុតាង​មិនបាន​សោះ។​

    បុរស​ជា​ប្តី​និយាយ​នៅមុខ​សមត្ថកិច្ច​ថា លោក​បានសម្រេច​ចិត្ត​ប្តឹង​លែងលះ​ហើយ ព្រោះ​មិនអាច​ធ្វើជា «​អា​វែក​» បាន​តទៅទៀត​ទេ និង​ប្តឹង​ចោទប្រកាន់​ពី​អំពើ​ផិតក្បត់​តាមច្បាប់​ឯក​ពន្ធភាព។ តាមរយៈ​នៃ​ការប្តឹង​លែងលះ​នេះ បុរស​ជា​ប្តី​បាន​បដិសេធ​មិនឱ្យ​កូន​ទៅខាង​ម្តាយ​ទេ។ ពួកគេ​មានកូន​២​នាក់ គឺ​ប្រុស​ម្នាក់​ស្រី​ម្នាក់​។ ទោះបីជា​បែបណា​ក្តី ស្ត្រី​ជា​ប្រពន្ធ​នៅតែ​ទាមទារ​យក​កូន​។​

    មន្ត្រីប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​និយាយថា គូស្នេហ៍​សហាយស្មន់​ទាំង​២​ត្រូវបាន​ឃុំខ្លួន​សិន ហើយ​នៅថ្ងៃនេះ នឹង​នាំ​ឡើង​ឡើង​តុលាការ​ទៅតាម​បណ្តឹង​បុរស​ជា​ប្តី។​

    ទោះបី​រឿងរ៉ាវ​នេះ​កើតឡើង​តាំងពី​ច្រើន​ខែ​មក​ក៏ដោយ ខ្មែរ​រីដ​បាន​លើក​យកមក​អធិប្បាយ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​គូ​ស្វាមីភរិយា​ខ្មែរ​ទាំងអស់​កុំឱ្យ​លង់ខ្លួន​ប្រាស់ចាក​ពី​ប្រពៃណី​ដ៏​ផូរផង់​របស់​យើង៕

adverise with khmeread

មតិយោបល់