adverise with khmeread 057cd693 2050 4d45 9e56 7e9bd8076ac0

ជនរងគ្រោះ​ដែល​ត្រូវ​ឃាតករ​សម្លាប់​នៅ​ទន្លេបាទី​ញាក់ភ្នែក​ឱ្យ​ហេតុ​តាំងពី​បួន​ថ្ងៃមុន

    តាកែវ ៖ យុវតី​ដែល​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​សម្លាប់​យក​សម្ភារៈ​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ ចំណុច​ផ្ទះទឹក​នៃ​រមណីយដ្ឋាន​ទន្លេបាទី​ស្ថិតក្នុង​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ហើយ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជា សុជាតិ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល ស្នាក់នៅ​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ដោយមាន​ឪពុក​ឈ្មោះ អ៊ូ ជា អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ខាងលើ​។
 
    ជនរងគ្រោះ​ត្រូវបាន​ឃាតករ​កាប់​នឹង​កាំបិត​របួស​ច្រើន​កន្លែង​ពីក្រោយ​រួច​រុញ​ទម្លាក់​ទឹក​ឱ្យស្លាប់ នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី ស្ថិត​ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។ ក្នុងករណីនេះ​សមត្ថកិច្ច​បានដាក់​ការសង្ស័យ​ជា​ករណី​កាប់​ប្លន់​យក​ម៉ូតូ និង​គ្រឿងអលង្ការ​។ 

    ហើយ​នៅមុន​ថ្ងៃកើតហេតុ​កាលពី​ថ្ងៃ​១៧​កន្លងទៅ​នារី​រងគ្រោះ​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម Facebook របស់​នាង​ថា "​អ្នកណា​ដឹង​ជួយ​ប្រាប់​ខ្ញុំ​ផង ញាក់​ត្របកភ្នែក​តាំងពី​ម្សិលមិញ​រហូតមកដល់​ឥលូវ​នេះ​អត់​ទាន់​បាត់​ទៀត​។​" តើ​នេះ​ជាហេតុ​ភេទ​ដែល​ប្រាប់ឱ្យដឹង​មុន​ពី​ហេតុការណ៍​ដ៏​អាក្រក់​ដែរឬទេ​?

    ក្រោយពី​ការស្រាវជ្រាវ និង​សាកសួរ​សាច់ញាតិ​ជនរងគ្រោះ បាន​ឱ្យដឹងថា ជនរងគ្រោះ​បាត់បង់​សម្ភារៈ​រួមមាន ម៉ូតូ​១​គ្រឿង  ម៉ាកវ៉េវ ពណ៌​ខ្មៅ ផ្លាកលេខ កណ្តាល 1S-6861, ​កងដៃ ១​វង់​,​ ខ្សែក​ប្លា​ក​ទីន ១​ខ្សែ និង​ទូរស័ព្ទដៃ​១​គ្រឿង។
 
    បច្ចុប្បន្ន កម្លាំង​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវស៊ើបអង្កេត​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ ដើម្បីផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់