adverise with khmeread 574ce888 b092 4433 a428 9630ff82f43f

ស្ត្រី​ជើងឆើត​២​នាក់​ពាក់ព័ន្ធ​ទម្លាក់យោង​ត្រូវបាន​នារី​មួយក្រុម​ដេញចាប់​ឃាត់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​

    ភ្នំពេញ ៖ ស្ត្រី​ជើងឆើត​២​នាក់​ត្រូវបាន​នារី​មួយក្រុម​ដេញចាប់​ឃាត់ខ្លួន​យកទៅ ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ូលិស​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១ និង​១៥​នាទី​ព្រឹក ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ផ្សារ​ក្បែរ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ ផ្លូវ​លេខ​៨៨ កែង​ផ្លូវ​លេខ​៦១ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ស្ត្រី​សង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំង​២​នាក់​មាន ១-​ឈ្មោះ លឹម សុធា អាយុ​៥៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង-​ឈ្មោះ នួ​ច ស៊ីណា អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពួកគេ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជាមួយគ្នា។​

    ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ សយ លីន អាយុ​២៤​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​លាង​រថយន្ត ស្នាក់នៅ​កន្លែង​លាង​រថយន្ត​យីហោ រ៉ូយ៉ាល់ សើ​វី​ស ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៦១​ក្បែរ​កន្លែងកើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ខណៈពេលដែល​ស្ត្រី​រងគ្រោះ​ម្នាក់​ទៅ​ផ្សារ​រក​ទិញ ម្ហូបអាហារ​ក៏បាន​ប្រទះឃើញ​ស្ត្រី​ជើងឆើត​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​១ គ្រឿង​យកមក​ទម្លាក់​ឱ្យ​ចុះ​ដើរ​ក្នុង​ផ្សារ។​

    ពេលនោះ​រូបនាង​ក៏បាន​រត់​ទៅប្រាប់​អ្នកធ្វើការ​ជាមួយគ្នា​ជាច្រើន​នាក់ ឱ្យ​មកជួយ​ឃ្លាំមើល និង​ព័ទ្ធ​ចាប់ខ្លួន​ពួកគេ​តែម្តង។​

    ស្ត្រី​រងគ្រោះ​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​គឺ​ដោយសារតែ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ រូបនាង​ធ្លាប់បាន​ចាញ់បោក​ពួកគេ​អស់​ចិញ្ចៀន​១​វង់​ទម្ងន់​១​ជី នៅពេលដែល​ពួកគេ​ទាំង​២​នាក់​ធ្វើ​លេស​ជា​ទម្លាក់​កញ្ចប់​សំណរ​មួយ ហើយ​នាំ​នាង​ទៅ​ដោះយក​នៅ​កន្លែង​ស្ងាត់​នៅលើ​វាល​ខ្សាច់​បឹងកក់​ក្នុង សង្កាត់​ស្រះចក​នោះ។​

    ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង ចំណែក​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​ក៏​ត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រសាក​សួរ និង​ធ្វើ​កំណត់ហេតុ​បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ជា​បន្តទៅទៀត៕

adverise with khmeread

មតិយោបល់