adverise with khmeread 09dc3d4f 01f6 4f04 b962 091942202fab

លោក សន សម្បត្តិ មន្ត្រី​យោធា​បើករថយន្ត​បុក​បុរស​ម្នាក់​កំពុងបើក​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ភ្លាម​

    កំពង់ធំ ៖ នៅ​ខេត្តកំពង់ធំ ក្នុង​មួយថ្ងៃ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​៣​កន្លែង បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់ ២ របួសធ្ងន់​១ ដែល​ត្រូវបាន​គេ​សង្កេតឃើញថា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ កំពុង​តែមាន​សន្ទុះ​កើនឡើង​ជាប់​លំដាប់ថ្នាក់។​

    ជាក់ស្តែងមន្រ្តី​យោធា ឈ្មោះ​សន សម្បត្តិ បាន​បើក​រថយន្តបុក​ម៉ូតូ​បុក​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​បន្ទាប់ពី​បត់​ចូល​ស្ថានីយ៍​ប្រេង​មួយកន្លែង។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២០ ​ខែកក្កដា ​ឆ្នាំ​២០១៦​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ (​ផ្លូវ​អាស៊ាន​ថ្មី​)​ ស្ថិត​ភូមិ​វាំង​ខាងជើង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ។​

    លោក​ ស៊ីវ វណ្ណា​ អធិការរង​ស្រុក​សន្ទុក​បានឱ្យដឹងថា ដំបូង​រថយន្ត ​Range Rover​ ពាក់​ស្លាក​លេខ ខម​2-8886​ បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ហើយ​គេ​ឃើញ​អ្នកបើក​ម៉ូតូ​ហុងដា C125​ ពណ៌​ខ្មៅ​ស្លាក​លេខ​កំពង់ធំ ​1T-0891​ ចេញពី​ត្បូង​ទៅ​ជើង​បញ្ច្រាស់ទិស​គ្នា​។​

    ពេលមកដល់​កន្លែងកើតហេតុ​គេ​ឃើញ​អ្នកបើក​ម៉ូតូ​បត់​ចូល​ស្ថានីយ៍​ប្រេង​ ដោយ​មិន​មើល​ឆ្វេង​ស្តាំ​ ហើយ​រថយន្ត​ទំនើប​នោះ​ជាន់​ហ្វ្រាំង​មិនទាន់​បណ្តាល​បុក​បុក​ពេញ​ទំ​ហ៊ឹង​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ ​ប៉ន ប៉ុន ជា​សិស្ស​សិក្សា​ថ្នាក់​ទី​11C នៃ​វិទ្យាល័យ​តាំងក្រសាំង ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ទីលំនៅ​ភូមិ​ផ្លុ​ង ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ចំណែក​ម្ចាស់​រថយន្ត​សេរី​ទំនើប​ឈ្មោះ សន សម្បត្តិ​ ភេទ​ប្រុស​ អាយុ៤៧​ឆ្នាំ​ជាម​ន្ត្រី​យោធា។​

    បន្ទាប់ពី​បង្កឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ លោក សន សម្បត្តិ បាន​យក​រថយន្ត​ទៅ​ទុក​ក្នុង​បន្ទាយ​របស់ខ្លួន នៅ​ឃុំ​តាំងក្រសាំង ​ដោយ​ហាម​មិនឱ្យ​អ្នកសារព័ត៌មាន​ថតរូប​រថយន្ត​ឡើយ។​

    បច្ចុប្បន្ន​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សន្ទុក រី​ឯក​រថយន្ត​ត្រូវបាន​យក​ទុក​នៅ បន្ទាយ​របស់​យោធា។ រីឯ​សាកសព​ជនរងគ្រោះ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់