adverise with khmeread D16bca0a 6cda 4848 8338 094e2a3f79c1

លោក​ឧត្ដមសេនីយ៍ទោ ​សៀ សម្បត្តិ បដិសេធ រឿង​បើក​រថយន្តបុក​សិស្សសាលា​ម្នាក់​ស្លាប់​នៅ​ខេត្តកំពង់ធំ​

    កំពង់ធំ ៖ ក្រោយពី​គេហទំព័រ​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ ដោយ​ដាក់​ចំណងជើង​ថា «​លោក​ សៀ សម្បត្តិ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បើករថយន្ត​បុក​សិស្សសាលា​ស្លាប់​ម្នាក់​» នោះ​រួចមក លោក​ឧត្ដមសេនីយ៍ទោ​សៀ សម្បត្តិ ស្នងការ​ស្នងការដ្ឋាន​យុ​ត្តិ​ធ​ម៏​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​បដិសេធ និង​បំភ្លឺថា «​ករណីនេះ មិនមែន​រូបលោក ជា​អ្នកបង្ក​ឡើយ ពោលគឺ​ក្នុង​ថ្ងៃកើតហេតុ លោក ជាប់​ប្រជុំ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ភ្នំពេញ​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​លោកនាយ​ឧត្ដមសេនីយ៍​ សៅ សុខា​»​។​

    មុននឹង​ឈានដល់​ការបដិសេធ និង​បំភ្លឺ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ទោ ​សៀ សម្បត្តិ​នេះ ដែរ​អង្គភាព​កា​សែត​មួយចំនួន​បានទទួល​ព័ត៌មាន​ពីស​ហការី ដែលជា​អ្នកសរសេរ​ព័ត៌មាន​នោះ​ដោយ​បញ្ជាក់ថា មិនមែន​ឈ្មោះ ​សៀ សម្បត្តិ ទេ គឺ​ឈ្មោះ ​សន សម្បត្តិ អាយុ​៤៨ឆ្នាំ ជា នាយរង​សរុប អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ជា​អ្នកបើក​រថយន្តបុក​ជាមួយ​អ្នកជិះ​ម៉ូតូ បណ្ដាល​ឱ្យ​អ្នកជិះ​ម៉ូតូ ដែលជា​សិស្សសាលា​នោះ​ស្លាប់​នៅនឹងកន្លែង​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាមៗ​កាសែត​មួយចំនួន​ក៏បាន​ធ្វើការ​កែតម្រូវ​ផងដែរ​។​

    ក្រោយមក​លោក​ឧត្ដមសេនីយ៍ សៀ សម្បត្តិ ដែលជា​មន្ត្រីជាន់ខ្ពស់​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏បាន​បដិសេធ និង​ធ្វើការ​បំភ្លឺថា «​ក្នុង​ថ្ងៃកើតហេតុ​នោះ លោក​ជាប់​ប្រជុំ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ភ្នំពេញ​។ ដូច្នេះ​ករណីនេះ សូម​ឱ្យ​អ្នកបង្ក​ហេតុ​ក្នុង​រឿងនេះ ជា​អ្នកទទួលខុសត្រូវ​ចុះ និង​សូមកុំ​ឱ្យ​មហាជន​មានការ​យល់ច្រឡំ​លើ​រូបលោក ថា​ជា​អ្នកបង្ក​ហេតុ​ក្នុង​រឿងនេះ​នោះ​»​។​

    ជាមួយគ្នា​នោះ នៅលើ​ផេ​ក​របស់​កងរាជអាវុធហត្ថ​ក៏បាន​បញ្ជាក់ ផងដែរ​ថា នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ធំ ដែល​បង្កឡើង​ដោយ​រថយន្ត និង​ម៉ូតូ ហើយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​។​

    ខ្ញុំបាទ ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ឱ្យបាន​ជ្រាបថា លោក ឧ​ត្ត​ម​សេនីយ៍​ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋាន​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពុំមាន​បេសកកម្ម​ទៅ​ខេត្ត​ទេ គឺ​គាត់​នៅ​ធ្វើការ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​រថយន្ត​ដែល​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មិនមែនជា​របស់គាត់​ទេ​។​

    សូមបញ្ជាក់ថា "​លោក សន សម្បត្តិ ដែល​សារព័ត៌មាន​ចុះផ្សាយ​នោះ​មិនមាន​ឈ្មោះ​ក្នុង​ក្របខណ្ឌ កងរាជអាវុធហត្ថ​ទេ​។ សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​និង​អ្នកសារព័ត៌មាន​ជ្រាប​ជា​ព័ត៌មាន សូម​អរគុណ​"។

    គួរ​បញ្ជាក់ថា កាល​វេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ (​ផ្លូវ​អាស៊ាន​ថ្មី​) ស្ថិត​ភូមិ​វាំង​ខាងជើង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ Range  Rover​ បើកបរ​ដោយ​លោ​ឧត្ដមសេនីយ៍ត្រី សន សម្បត្តិ អាយុ​៤៨ឆ្នាំ នាយរង​សរុប អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ​(​ដំបូង​ច្រឡំ​ថា លោក សៀ សម្បត្តិ​) បុក​ជាមួយ​ម៉ូតូ​របស់​សិស្សសាលា​១​គ្រឿង បណ្ដាល​ឱ្យសិស្ស​នោះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

    លោក ស៊ីវ វណ្ណា អធិការរង​ស្រុក​សន្ទុក បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត Range  Rove​ ពាក់​ស្លាក​លេខ ខម​2-8886 បើក​ចេញពី​ជើង​ទៅ​ត្បូង ស្របពេលនោះ ក៏មាន​ម៉ូតូ​ឌ្រី​ម​សង់ C125​ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ធំ​1T-0891 បើក​ចេញពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​។​

    ពេលមកដល់​កន្លែងកើតហេតុ គេ​ឃើញ​អ្នកជិះ​ម៉ូតូ​បត់​ចូល​កា​រ៉ា​ស់​សាំង ដោយ​មិន​មើល​ឆ្វេង​ស្តាំ ក៏ត្រូវ​រថយន្ត​ Range  Rover ​ស៊េរី​ទំនើប ជាន់​ប្រាំង​មិនទាន់ បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​។​

    ជនរងគ្រោះ មានឈ្មោះ ប៉ន ប៉ុន ជា​សិស្ស ថ្នាក់​ទី​១១C វិទ្យាល័យ​តាំងក្រសាំង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្លុ​ង ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

    ចំណែក​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ឈ្មោះ សន សម្បត្តិ​អាយុ​៤៨ ជា​នាយរង​សរុប អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ​។​

    បន្ទាប់ពី​បង្ក​ឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ស្លាប់ លោក សន សម្បត្តិ បាន​យក​រថយន្ត​ទៅ​ទុក​ក្នុង​បន្ទាយ​របស់ខ្លួន នៅ​ឃុំ​តាំងក្រសាំង ដោយ​ហាម​មិន​ឱ្យ​អ្នកសារព័ត៌មាន​ថតរូប​រថយន្ត​៕

adverise with khmeread

មតិយោបល់