adverise with khmeread C3a8a7e3 6691 4b2a b796 5093f601955a

សាលាក្រុង​ឯកភាព​តាម​ការស្នើសុំ​ពី​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី ក្នុងការ​ដង្ហែ​សព​ទៅ​ខេត្តតាកែវ​

    ភ្នំពេញ ​៖ កិច្ចប្រជុំ​ជជែក​និង​ពិភាក្សា​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ព្រឹក​ថ្ងៃទី​២០​ និង​២១ កក្កដា ​នៅ​សាលា​រាជធានី​ភ្នំពេញ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជាមួយ​ក្រុមគ្រួសារ​សព​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ដង្ហែ​យកទៅ​បញ្ចុះ​នៅ​ខេត្តតាកែវ នៅ​ថ្ងៃទី​២៤ ​កក្កដា​ខាងមុខនេះ ជា​លទ្ធផល គឺ​សាលាក្រុង​បាន​ឯកភាព​យក​តម្រាយ​ផ្លូវ​តាម​គ្រួសារ​សព​វិញ​ហើយ។​

    លោក​ មាន ចាន់​យ៉ា​ដា ​នាយក​រដ្ឋបាល​និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹងថា បន្ទាប់ពី​ប្រជុំ​ជជែក និង​ពិភាក្សា​មាន​រយៈពេល​ពីរ​ថ្ងៃ រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជាមួយ​ក្រុមគ្រួសារ​សព​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ដង្ហែ​យកទៅ​បញ្ចុះ​នៅ​ខេត្តតាកែវ​នៅ​ថ្ងៃទី​២៤ ខែកក្កដា​ខាងមុខនេះ ជា​លទ្ធផល​ចុងក្រោយ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឯកភាព​យក​តម្រាយ​ផ្លូវ​តាម​គ្រួសារ​សព​វិញ​ហើយ គឺ​ហែ​ចេញពី​វត្ត​ចាស់ ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ បត់​តាម​មហាវិថី​ព្រះមុនីវង្ស ដល់​ស្តុ​ប​បេ​កា​សេ​រួច​បត់​ស្តាំ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ដល់​រង្វង់​មូល​ចោមចៅ រួច​តម្រង់​ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​៣ ដើម្បី​បន្តដំណើរ​ទៅកាន់​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ​តែម្តង។​

    ប៉ុន្តែ​អាជ្ញាធរ​មិន​តម្រូវឱ្យ​មានការ​ដង្ហែ​ដោយ​ថ្មើរជើង និង​ស្រែ​ក​ជ័យ​យោ​ឬ​លើក​បដា​ដែល​ពាក់ព័ន្ធ​ជាមួយ​នយោបាយ​ឡើយ​។​ ដើម្បី​សហ​ការជួយ​សម្រួល​ដល់​ពិធី​ដង្ហែ​កុំឱ្យ​រញ៉េរញ៉ៃ​បាត់បង់​សណ្ដាប់ធ្នាប់ សាលា​រាជធានី​ក៏​ជួយផ្ដល់​ម៉ូតូ​ស៊ី​រ៉ែ​ន​បើកផ្លូវ១​គ្រឿង ​និង​រថយន្ត​ពេទ្យ​ចំនួន​២​គ្រឿង ដល់​ក្បួន​ដង្ហែ​ផងដែរ​។​

    អ្នកស្រី ​ប៊ូ រចនា ភរិយា​ សព​លោក​បណ្ឌិត​កែម ឡី បាន​និយាយថា អ្នកស្រី​នឹងធ្វើ​ការអំពាវនាវ​ឱ្យអ្នកចូលរួម​ហែសព​ប្ដី​របស់​អ្នកស្រី​ទាំងអស់​ត្រូវ​ចូលរួម​ពិធី ដង្ហែ​ដោយ​មធ្យោបាយ​ម៉ូតូ និង​រថយន្ត​ចៀសវាង​ការ​ដង្ហែ​ដោយ​ថ្មើរជើង ដើម្បី​ជាការ​យល់ស្រប​ទៅតាម​សំណូមពរ​របស់​សាលា​រាជធានី​ភ្នំពេញ​។​

    លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ដែនដី​លោក​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ ដូចនេះ​គ្រួសារ​សព​ត្រូវ​ធ្វើការ​អំពាវ​នា​ដល់​អ្នកចូលរួម​ដង្ហែ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ និង​អនុវត្ត​តាមបែប​ព្រះពុទ្ធសាសនា​ ដើម្បី​បង្ហាញឱ្យឃើញថា​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ដង្ហែ​ពិត​ជាមាន​សីលធម៌​សាក​សមជា​ប្រជាពលរដ្ឋ​ដែលមាន​វប្បធម៌​ខ្ពង់ខ្ពស់​។​

    ប្រសិនបើ​មាន​ជន​ឆ្លៀតឱកាស​ប្រើប្រាស់​ការ​ដង្ហែ​សព​បម្រើឱ្យ​ឆន្ទៈ​នយោបាយ អាជ្ញាធរ​សមត្ថកិច្ច​និង​ចាត់វិធានការ​ក្នុង​គោលដៅ​រក្សា​សន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ​។​

    ដោយឡែក​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប៉ូលិស​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​ត្រូវដាក់​កម្លាំង​ការពារ​តាម​ដងផ្លូវ​ដែល​ក្បួន​ឆ្លងកាត់ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​។

    លោក នឿន ចាន់នី បងថ្លៃ​លោក​បណ្ឌិត កែម ឡី ក្នុង​អង្គប្រជុំ​នោះបាន​ស្នើ​សុំឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​ខិតខំ​ជួយ​ការពារ​ឱ្យបាន​ខ្លាំងក្លា​ក្នុងការ​ដង្ហែ​សព​នេះ​ព្រោះ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ចម្រុះ​ហើយ​មិនដឹងថា​អ្នកណាខ្លះ​មានបំណង​បែបណា​ទេ​។ ក្នុងនាម​គ្រួសារ​នៃ​សព​លោក​សូម​ថ្លែងអំណរគុណ​លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​បានអនុញ្ញាត​តាមតម្រាយ​ផ្លូវ​ដែល​បាន​ស្នើសុំ និង​ស្នើសុំ​ឱ្យមាន​រថយន្ត​ពេទ្យ​តាម​ក្បួន​ដង្ហែ​ដើម្បី​ងាយស្រួល​ក្នុងការ​សង្គ្រោះ​។​

គួររំលឹកថា លោក កែម ឡី ជា​អ្នកវិភាគ​ឯករាជ្យ​តាម​បណ្ដាញសារព័ត៌មាន នានា​នោះ ត្រូវបាន​ឃាតករ​បាញ់សម្លាប់​នៅក្នុង​ស្តារ​ម៉ា​ត ស្តុ​ប​បូកគោ កាលពី​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​កន្លងមកនេះ​។​

    តាម​ប្រភពព័ត៌មាន​បញ្ជាក់ថា មុនពេល​កើតហេតុ លោក កែម ឡី បាន​ជិះ​រថយន្ត​ឡិច​​ស៊ី​ស​១​គ្រឿង ពណ៌​ស មក​ចូល​ផឹក​កាហ្វេ​នៅក្នុង​ស្តារ​ម៉ា​ត ស្តុ​ប​បូកគោ ហើយ​ក្រោយមក ក៏មាន​ឃាតករ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចូលមក​បាញ់សម្លាប់ ខណៈ​កំពុង​ផឹក​កាហ្វេ​នោះ​តែម្ដង។ ​ហើយ​បាន​ព្យាយាម​គេចខ្លួន​។  ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ​បាន​នៅ​ម្តុំ​វត្ត​ស្វាយ​ពពែ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ជនសង្ស័យ​ឈ្មោះ អឿត អាង​ អះអាង​ខ្លួនឯង​ថា​ឈ្មោះ ​ជួប សម្លាប់ ភេទ​ប្រុស អាយុ៤៤​ឆ្នាំ មាន​ទីលំនៅ​កំណើត​ភូមិ ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​ត្រូវ​តុលាការ​ឃុំខ្លួន​នៅ​គុក​ព្រៃ​ស​រួចហើយ នៅ​រង់ចាំ​ថ្ងៃ​បើកសវនាការ​ប៉ុណ្ណោះ៕

adverise with khmeread

មតិយោបល់