adverise with khmeread Parents

វិធី ៨ ដើម្បីស្រឡាញ់ឪពុកម្តាយរបស់អ្នកទាន់ពួកគាត់នៅមានជីវិត

យើងឧស្សហ៍ភ្លេចណាស់នូវតម្លៃពិតប្រាកដរបស់ឪពុកម្តាយរបស់យើង។ មនុស្សជាច្រើនពុំមានឱកាសរស់នៅហ៊ុំព័ទ្ធទៅដោយការយកចិត្តទុកដាក់ និងការស្រឡាញ់ពីឪពុកម្តាយនោះទេ​ ដូច្នេះប្រសិនបើអ្នកមានឪពុកម្តាយ ដែលស្រឡាញ់អ្នក សូមផ្តល់ឲ្យពួកគាត់នូវការដឹងគុណឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ការដែលនៅមានវ័យក្មេងគឺជាពេលវេលាមួយ ដែលអ្នកអាចមានពេលធ្វើរឿងសប្បាយៗច្រើន ហើយអ្នកចង់ធ្វើរឿងទាំងអស់នោះពេលណាក៏បាន។ ប៉ុន្តែផ្ទុយមកវិញ អ្នកពុំមានពេលវេលាដើម្បីទៅជួបឪពុកម្តាយរបស់អ្នករៀងរាល់សប្តាហ៍នោះទេ ហើយជួនកាលអ្នកពុំមានពេលពីរបីនាទីដើម្បីទូរស័ព្ទទៅពួកគាត់ថែមទៀត។ និយាយដោយស្មោះទៅចុះ ភាគច្រើននៃពួកយើងតែងចង់មានឪពុកម្តាយរស់នៅជានិច្ច ហើយពួកគាត់នឹងមិនរស់នៅជារៀងរហូតនោះទេ អ៊ីចឹងសូមចេះដឹងគុណពួកគាត់ផង ខណៈដែលពួកគាត់នៅមានជីវិត។ ខាងក្រោមនេះគឺជាគំនិតខ្លះៗដែលអាចធ្វើឲ្យអ្នកបង្កើនក្តីស្រឡាញ់ចំពោះឪពុកម្តាយ។ 

១- រៀនសូត្រមេរៀនជីវិតពីពួកគាត់
ឪពុកម្តាយរបស់អ្នកមានបទពិសោធន៍ច្រើនជាងអ្នក ព្រោះពួកគាត់បានរស់នៅយូរជាងអ្នក។ ហេតុដូច្នេះហើយ ពួកគាត់មានរឿងត្រូវនិយាយច្រើនណាស់អំពីមេរៀនដែលគាត់បានរៀនក្នុងដំណើរជីវិតរបស់គាត់។ បទពិសោធន៍ច្រើនអនេករបស់ពួកគាត់អាចបង្ហាញអ្នកនូវអ្វីមួយ ដែលអ្នកតែងតែខកខាន ហេតុដូចនេះហើយអ្នកគួរតែរៀនសូត្រពីមេរៀនរបស់គាត់ផងដែរ។ ដូចអ្នកអ៊ីចឹង ពួកគាត់ធ្លាប់មានកំហុស ហើយពួកគាត់បានតម្រែតម្រង់ផ្លូវជីវិតរបស់គាត់ឡើងវិញតាមវិធីរបស់គាត់រហូតមកទល់ពេលបច្ចុប្បន្ន។ សូមព្យាយាមកុំព្រងើយកន្តើយនឹងមេរៀនជីវិតរបស់ពួកគាត់ ហើយបង្ហាញចំណាប់អារម្មណ៍របស់អ្នកដើម្បីធ្វើជាមនុស្សដែលមានគំនិតវែងឆ្ងាយ និងបង្ហាញការដឹងគុណចំពោះស្នាដៃដ៏សំខាន់ដែលពួកគាត់បានសាង។ 

២- បង្ហាញការដឹងគុណចំពោះការជួយជ្រោមជ្រែងរបស់ពួកគាត់
ឪពុកម្តាយរបស់អ្នកប្រហែលនៅតែយកចិត្តទុកដាក់នឹងអ្នកបើទោះបីជាអ្នកលែងនៅជាកូនក្មេងតទៅទៀតក៏ដោយ។ ពួកគាត់អាចឲ្យលុយអ្នកចាយយូរៗម្តង ធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីឲ្យអ្នកឆាប់ជាសះស្បើយ នៅពេលអ្នកឈឺ និងជួយអ្នកដោះស្រាយបញ្ហាផ្សេងៗជាច្រើន។ អ្នកនឹងនៅតែជាក្មេងម្នាក់សម្រាប់ពួកគាត់ជានិច្ចមិនថាអ្នកមានអាយុចាស់ប៉ុនណានោះទេ។ ការដែលបានដឹងនូវការពិតទាំងអស់នេះគឺជាវិធីដ៏អស្ចារ្យដើម្បីស្វែងយល់ពីក្តីស្រឡាញ់របស់ពួកគាត់ និងដឹងគុណឪពុកម្តាយរបស់អ្នកខណៈដែលពួកគាត់នៅមានជីវិតនៅឡើយ។ 

៣- ត្រូវចងចាំពីថ្ងៃបុណ្យជាតិផ្សេងៗ
ខណៈដែលអ្នកមានមិត្តភក្តិជាច្រើនដើម្បីចែករំលែការសប្បាយនៅថ្ងៃបុណ្យផ្សេងៗ ឪពុកម្តាយរបស់អ្នកក៏កំពុងរង់ចាំអ្នកផងដែរ។ កុំភ្លេចពួកគាត់ឲ្យសោះ។ ត្រូវចងចាំពីថ្ងៃខួបកំណើតរបស់ពួកគាត់ ទិវាឪពុក និងម្តាយ និងបុណ្យសំខាន់ៗដទៃទៀត។ អ្នកអាចអបអរខួបអាពាហ៍ពិពាហ៍របស់ពួកគាត់ និងព្រឹត្តិការណ៍សំខាន់ផ្សេងទៀតដូចជាបុណ្យភ្ជុំបិណ្ឌជាដើម។ 

៤- ស្តាប់ពាក្យសម្តីរបស់គាត់ប្រកបដោយការយកចិត្តទុកដាក់
ឪពុកម្តាយតែងតែព្យាយាមបង្រៀនយើងពីរបៀបរស់នៅ ហើយពួកគាត់ជារឿយៗផ្តល់ដំបូន្មានជាច្រើនដល់យើង។ ពួកគាត់ធ្វើបែបនេះព្រោះពួកគាត់ស្រឡាញ់យើង និងចង់ទប់ស្កាត់យើងកុំឲ្យប្រព្រឹត្តកំហុស។ ទោះបីជាអ្នកជួនកាលមិនចង់ស្តាប់នូវអ្វីដែលពួកគាត់និយាយក៏ដោយ ក៏អ្នកគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះអ្វីដែលគាត់បានទូន្មានអ្នកដែរ។ ត្រូវបង្ហាញពួកគាត់ថាអ្នកពិតជាដឹងគុណចំពោះគោលបំណងរបស់គាត់ដើម្បីធ្វើឲ្យអ្នកកាន់តែជោគជ័យ បើទោះអ្នកនឹងមិនធ្វើតាមដំបូន្មានពួកគាត់ក៏ដោយចុះ។

៥- ចំណាយពេលជាមួយពួកគាត់
សូមព្យាយាមចំណាយពេលនៅជាមួយឪពុកម្តាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន។ ជាការពិត ឥឡូវអ្នកមានរឿងជាច្រើនត្រូវធ្វើ ហើយប្រហែលជាមានគ្រួសារផ្ទាល់ខ្លួនទៀតផង ប៉ុន្តែការចំណាយពេលជាមួយកូនៗគឺជាសកម្មភាពដែលចង់បានបំផុតសម្រាប់ឪពុកម្តាយទាំងអស់ក្នុងពិភពលោក។ វាជាការល្អដែលត្រូវចំណាយពេលខ្លះជាមួយពួកគាត់រៀងរាល់ថ្ងៃប៉ុន្តែប្រសិនបើអ្នកពុំមានពេលសោះ អ្នកគ្រាន់តែមកលេងគាត់រាល់ចុងសប្តាហ៍ក៏បានដែរ។

៦- ជជែកជាមួយពួកគាត់
ឪពុកម្តាយរបស់អ្នកត្រូវការមនុស្សជជែកគ្នា ហើយពួកគាត់ឃើញមុខគ្នាឡើងសឹងត្រលាន់ពេញមួយថ្ងៃៗ ដូច្នេះពួកគាត់នឹងមានការសប្បាយចិត្តណាស់ដែលបានជជែកគ្នាលេងជាមួយកូនៗរបស់គាត់។ ប្រាប់គាត់អំពីការងារ និងទំនាក់ទំនងស្នេហារបស់អ្នក។ ចែករំលែករឿងសប្បាយៗរបស់អ្នកជាមួយពួកគាត់ និងសួរអ្វីដែលអ្នកមិនយល់ ព្រោះពួកគាត់មានបទពិសោធន៍ច្រើនជាង ហើយប្រហែលជាពួកគាត់អាចជួយអ្នកបានទៀតផង។ នៅពេលនិយាយដល់ឪពុកម្តាយ ការសន្ទនាជាមួយពួកគាត់គឺជារឿងចាំបាច់ត្រូវតែធ្វើ។  

៧- សុំដំបូន្មានពីពួកគាត់
អ្នកប្រហែលជាដឹងថាត្រូវធ្វើបែបណាហើយក្នុងស្ថានភាពមួយចំនួន។ ទោះយ៉ាងណា ការសុំដំបូន្មានពីឪពុកម្តាយរបស់អ្នកមិនមានអ្វីខាតបង់នោះទេ។ ប្រសិនបើអ្នកត្រូវធ្វើការសម្រេចចិត្តដ៏លំបាក ឬមិនដឹងថាត្រូវធ្វើអ្វីក្នុងស្ថានភាពខ្លះ អ៊ីចឹងត្រូវសុំការជួយពីម្តាយ ឬឪពុករបស់អ្នក ហើយវាគឺជាការលើកសរសើរមួយផងដែរសម្រាប់ពួកគាត់ ព្រោះវាបានបង្ហាញថាអ្នកពឹងផ្អែកលើពួកគាត់ ហើយមតិយោបល់របស់ពួកគាតមានសារៈសំខាន់ខ្លាំងសម្រាប់អ្នក។  

៨- ធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើល
តើម្តាយរបស់អ្នកចង់បានឆ្នាំងបាយថ្មី ឬម៉ាស៊ីនក្រឡុកថ្មីដែរឬទេ? ប្រសិនបើអ្នកអាចលៃលកទិញវាបាន ហេតុអ្វីមិនអាចធ្វើរឿងនេះបាន? អ្នកមិនចាំបាច់ទាល់តែទិញកាដូនៅថ្ងៃបុណ្យផ្សេងៗ ឬនៅពេលពួកគាត់ទទួលបានជោគជ័យក្នុងរឿងអ្វីមួយនោះទេ។ ធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើលតិចតួចជាមួយនឹងការទិញចំណីចំណុកដែលគាត់ចូលចិត្ត នៅពេលអ្នកទៅលេងពួកគាត់ ក៏ជារឿងសមគួរដែរ។ របស់ធ្វើឲ្យមានភាពរីករាយតិចតួចទាំងនេះគួរមិនថ្លៃអីណាស់ណាទេ។ អ្វីក៏ដោយឲ្យតែអាចធ្វើឲ្យពួកគាត់សើចសប្បាយរីករាយបានគឺវាគ្រប់គ្រាន់ណាស់ទៅហើយ។  

ឪពុកម្តាយផ្តល់ជីវិតឲ្យអ្នក។ មិនថាមានរឿងអ្វីកើតឡើងរវាងអ្នក និងឪពុកម្តាយរបស់អ្នកនោះទេ អ្នកត្រូវតែដឹងគុណពួកគាត់ជានិច្ច។ ត្រូវបង្ហាញថាអ្នកស្រឡាញ់ពួកគាត់ និងចំណាយពេលឲ្យបានច្រើនជាមួយគាត់ទាន់អ្នកនៅមានឱកាសឃើញមុខគាត់។ ក្នុងលោកនេះ គ្មានអ្វីដែលអាក្រក់លើសពីកូនអកតញ្ញូនោះទេ។ តើអ្នកបានសម្តែងការដឹងគុណចំពោះឪពុកម្តាយអ្នកដែរឬទេ? តើអ្នកត្រូវធ្វើអ្វីដើម្បីបង្ហាញក្តីស្រឡាញ់ និងការដឹងគុណរបស់អ្នកដល់ពួកគាត់?

adverise with khmeread

មតិយោបល់