adverise with khmeread 207d3742 2548 44be 8050 9765c6267909

សយអ្វីម្លេះ! ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា អ្នករបួស​ទៅ​ពេទ្យ​អស់ មិនទាន់​លើក​ម៉ូតូ​ចេញពី​ផ្លូវត្រូវ​រថយន្តក្រុង​បើក​មក​កិន​ខ្ទេច​បន្ថែមទៀត

    ភ្នំពេញ ៖ បុរស ៣​នាក់​អ្នក​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និងម៉ូតូ ហើយ​ខណៈពេលដែល​រថ​យន្ត​សង្គ្រោះ​មក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​អស់ មិនទាន់​លើក​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ ក៏ត្រូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពេញ​បើក​មក​យ៉ាង​លឿន បានមក​បុក​កិន​ម៉ូតូ​មួយគ្រឿង​ជាប់​ក្រោម​អូស​ជាង​១០០​ម៉ែត្រ​ទើប​ឈប់។

    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង១១ ​និង​១០​នាទី​យប់​ថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខកា​រ៉ា​ស់​សាំង​ស៊ូ​គី​ម៉ិច ស្ថិត​ក្នុងភូមិ អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​1AI-1536 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​កន្លែងកើតហេតុ បាន​ឆ្លងផ្លូវ​មក​ខាងឆ្វេង​ដៃ ស្របពេលនោះ​ក៏មាន​បុរស​២​នាក់​ជិះ​ឌុប​គ្នា​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្សុ​យ​ស៊ី​គី​ស្តេ​ប ជិះ​ទិសដៅ​ច្រាស់​គ្នា​បាន ទៅបុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់​២​នាក់​ស្រាល​ម្នាក់។

    បន្ទាប់មក​ក៏មាន រថយន្ត​គ្លីនិក​ឯកជន​មក​ដឹក​ជនរងគ្រោះ​ដែល​ធ្ងន់​ទៅ​ព្យា​ល​បាលហើយ​។ ខណៈដែល​ជនរងគ្រោះ​ទៅ​ពេទ្យ​អស់នោះ ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ គាត់​បាន​យក​បាវ​ស​ និង​មែកឈើ​មក​ដាក់​ជា​សញ្ញា​សម្គាល់​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ទៀត។​

    តែ​ជៀស​មិន​ផុត ក៏មាន​រថយន្តក្រុង​ដឹក​ជនជាតិ​បរទេស​ពេញ ដែល​ធ្វើដំណើរ​ពី​ក្រុងព្រះសីហនុ បើក​តាម​បណ្តោយ​ផ្លូវជាតិ​៤​មកដល់​ចំណុចកើតហេតុ បាន​ទៅបុក ​និង​កិន​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ​ដែល​ទុក​នៅលើ​ថ្នល់​មិនទាន់មាន​សមត្ថកិច្ច​វា​ស់វែង អូស​ម៉ូតូ​ជាប់​ក្រោយ​រថយន្ត​អូស​ជាង​១០០​ម៉ែត្រ ហើយ​រថយន្ត​បាន​រឺ​យែ ថយក្រោយ​វិញ​បន្តិច ដើម្បី​យក​ម៉ូតូ​ចេញ ប្រុង​បើក​រត់ តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ជួយ​ឃាត់​បាន​។​

    ក្រោយមក​ក៏មាន​វត្តមាន កម្លាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ​ខណ្ឌ​ចុះទៅ​កន្លែងកើតហេតុ ព្រោះ​ខា្ល​ច​មានការ​ផ្ទុះ​ហិង្សា​កើតឡើង។​

    បន្ទាប់ពី​កើតហេតុ ជាងមួយ​ម៉ោង​ប្រជាពលរដ្ឋ​ព្រមទាំង​សាច់ញាតិ​ខាង​ម៉ូតូ​រងគ្រោះ មានការ​ក្តៅក្រហាយ​ជាមួយ​ខាង​រថយន្ត ក្រុង​ដោយ​មិនឱ្យ​អ្នកដំណើរ​បរទេស​ទាំង​អស់​ចាក​ចេញពី​រថយន្ត​បង្ក​ឡើយ ធ្វើឱ្យ​យឺតយ៉ាវ​ជើង​ឡើង​យន្តហោះ​របស់​អ្នកដំណើរ​ជនជាតិ​បរទេស​ថែមទៀត។

    តែ​ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច ទើប​ព្រមឱ្យ​យក​រថយន្ត​មួយគ្រឿង​ទៀត​មក​សាង​ធ្វើដំណើរ​បន្តទៀត។ ដោយឡែក​ម៉ូតូ​២​គ្រឿង​និង​រថយន្ត ក្រុង​ទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ៕
 

adverise with khmeread

មតិយោបល់