adverise with khmeread 654e3278 7ed3 437e af24 6e859c103c00

ហួសហេតុពេកហើយ! កាប់គេឱ្យរបួសធ្ងន់ហើយតេទៅវិទ្យុប្រាប់ថា...

    ភ្នំពេញ ៖ យុវជន​៣​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មក​កាប់​យុវជន​ពីរ​នាក់ ​បណ្ដាលឱ្យ​រងរ​បួស​ធ្ងន់​ហើយ​ពេល​ផ្អើល​ឆោឡោឡើង​ជិះ​ម៉ូតូ​មួយគ្រឿង​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង​នៅ​កន្លែងកើតហេតុ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ និង​២០​នាទី​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន សម្រស់​បុប្ផា​ច្បា​អំពៅ ស្ថិតក្នុង​សង្កាត់​ច្បា​អំពៅ​ទី​២ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ចាន់ តូ​នី អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កម្មរ​សំណង់ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ រងរបួស​ក្បាល​ធ្ងន់ធ្ងរ និង​ម្នាក់ទៀត​រងរបួស​ស្រាល​។​

    តាម​ការរៀបរាប់​ពី​នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​មាន​គ្នា​ពីរ​នាក់​បាន​ដើរមក​អង្គុយលេង​នៅខាងមុខ​ភោជនីយដ្ឋាន សម្រស់ បុប្ផា​ច្បា​អំពៅ។​

    ពេលដែល​កំពុងតែ​អង្គុយ​ជជែក​គ្នា​លេង​ស្រាប់​តែមាន​យុវជន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ ​ម៉ាក​ស៊ុយ​ស៊ូ​គី​វីវ៉ា​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ និង​មួយគ្រឿង​ទៀត​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច ព​ណ៌សរ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1BZ-2372 បាន​ជិះ​មក​ឈប់​ក្បែរ​ហើយ​ដក​ដាវ​ពី​ក្នុង​ម៉ូតូ​កាប់​ទៅលើ​ជនរងគ្រោះ​ម្នាក់ ​បណ្ដាលឱ្យ​ចំក្បាល​រង​របួសធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​។​

    ប្រភព​ពីកន្លែងកើតហេតុបាន​បន្តថា ​ក្រោយពី​កាប់​ជន​រងរ​គ្រោះ​ឱ្យ​រងរបួស​រួច អ្នក​នៅ​ជិត​កន្លែងកើតហេតុ​ បាន​ស្រែក​ផ្អើលឆោឡោ​ បណ្ដាលឱ្យ​ជនបង្ក​ភ័យ​ស្លន់ស្លោ​រត់ឡើង​ជិះ​តែ​ម៉ូតូ​មួ​យ​គ្រឿង​គេចខ្លួនបាត់ ដោយ​ទុក​ម៉ូតូ​មួយគ្រឿង​នៅ​កន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ​ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​ មន្ទីរ​បង្អែកច្បា​អំពៅ​។​

    មួយសន្ទុះ​ក្រោយមក​ខាង​ក្រុម​ជនបង្ក​បាន​តេ​ចូល​វិទ្យុ​ដោយ​ប្រាប់ថា ពួកគេ​ត្រូវ​ក្រុម​ជនសង្ស័យ​កាប់​ប្លន់​យក​ម៉ូតូ​ពួកគេ​បាត់​ហើយ​សូមឱ្យសមត្ថកិច្ច​ជួយ​ផង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​។​

    ពេលដែល​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​និង​សួរនាំ​ជនរងគ្រោះ​ទើប​ដឹង​ពី​ដំណើររឿង ទើប​សមត្ថកិច្ច​យក​ម៉ូតូ​ជនបង្ក​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ច្បា​អំពៅ​ទី​២ ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់