Ab344653 a853 4098 ab70 703212bc4a07

បង្ក្រាប​ជនសង្ស័យ​លក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ព្រំដែន​ដកហូត​ថ្នាំញៀន​១៦០​គ្រាប់​

    បាត់ដំបង ៖ ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​នៅ​ព្រំដែន​ក​ម្ពូ​ជា​-​ថៃ​យ៉ាងសកម្ម​ម្នាក់​ ត្រូវបាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ពី​កម្លាំង​ប៉ូលិស​ស្រុក​កំរៀង​និង​រកឃើញ​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ​WY ១៦០​គ្រាប់​ច្រក​ក្នុង​ថង់​ពណ៌​ខៀវ ខណៈដែល​កម្លាំង​ប៉ូលិស​ចុះ​ល្បាត​ពង្រឹង​សន្តិសុខ​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​។​

    ប៉ូលិស​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

    ប៉ូលិស​ស្រុក​កំរៀង​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហ៊ុន កែវ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

    ដំបូង​កម្លាំង​ប៉ូលិស​បាន​ល្បាត​ក្នុងភូមិ​មូលដ្ឋាន​ទទួល​ខុសត្រូវ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​។​ ខណៈដែល​កម្លាំង​សមត្ថកិច្ច​ល្បាត​ដល់​ខាងមុខផ្ទះ​ជនសង្ស័យ​កំពុង​អង្គុយ​លើ​គ្រែ​ក្នុងផ្ទះ​ទ្វារ​បើកចំហរ។ ​ជនសង្ស័យ​ឃើញ​សមត្ថកិច្ច​ក៏​រត់​ចុះ​ពីលើ​គ្រែចេញទៅ​ខាងក្រៅ​ផ្ទះ​សមត្ថកិច្ច​ ឃើញ​ជនសង្ស័យ​យក​កញ្ចប់​ខៀវ​ប​បោះចោល​ក្នុងព្រៃ​ខាងត្បូង​ផ្ទះ​។​

    សមត្ថកិច្ច​ឃើញ​បែប​នោះ​ក៏​ដេញតាម​ចាប់​ជនសង្ស័យ​បាន ហើយ​នាំខ្លួន​ទៅរក​វត្ថុ​ដែល​ជនសង្ស័យ​បោះចោល​។ ​នៅពេលនោះ​ក៏​ឃើញ​ថង់​ពណ៌​ខៀវ​ ដែលមាន​ថ្នាំញៀន​សរុប​ចំនួន​១៦០​គ្រាប់​។​

    ជនសង្ស័យ​និង​វត្ថុ​តា​ថ្នាំញៀន​បន្ទាប់មក​ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​កំរៀង នាំខ្លួន​មកកាន់​អធិការដ្ឋាន​ស្រុក ហើយ​ធ្វើការ​សាកសួរ កសាង​សំណុំរឿង​បញ្ជូន ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​យកទៅអនុវត្ត​តាមផ្លូវ​ច្បាប់​៕


 

មតិយោបល់