Pacquiao 1

មែននី ផាកគីអាវ និង ធីម៉ូធី ប៊្រែដលី នឹងសាកកណ្តាប់ដៃគ្នាជាលើកទី៣នៅសង្វៀនអែមជីអែមហ្គ្រែន

          ជាអ្វីដែល​គេជឿថា​ ជាការប្រកួត​លើក​ចុងក្រោយ​ក្នុងអាជីព​ដ៏ជោគ​ជ័យ​​របស់​លោក កំពូល​កីឡាករ​ប្រដាល់​ហ្វីលីពីន មែននី ផាកគីអាវ (Manny Pacquiao) នឹងឡើង​ប្រកួត​ជាលើក​ចុង​ក្រោយ​ ប៉ុន្តែ​ជាមួយ​គូប្រកួត ដែល​លោក​ធ្លាប់ស្គាល់ច្បាស់ពី​មុន​គឺកីឡាករ​អាមេរិក ធីម៉ូធី ប៊្រែដលី (Timothy Bradley) ។​

          ផាកគីអាវ និង ប៊្រែដលី​ នឹង​ប្រកួត​យក​ឈ្នះចាញ់​នៅ​ថ្ងៃទី​៩ខែមេសា​នៅ​សង្វៀនអែមជីអែម ហ្គ្រែន​ ហ្គាឌិន អារ៉េណា (MGM Grand Garden Arena) ក្នុងទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា។ ការ​ប្រកួត​នេះនឹងត្រូវ​ផ្សាយផ្ទាល់​តាម​ទូរទស្សន៍ HBO ផងដែរ។

          ការប្រកួតនៅថ្ងៃទី​៩​ខែមេសា គឺជា​ការប្រកួត​លើក​ទី​៣​ រវាង​​ ផាកគីអាវ និង​ ប៊្រែដលី ។ កីឡាករទាំងពីរនេះ​បានជួបប្រកួត​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១២ ដែល​ពេលនោះ ផាកគីអាវ ចាញ់កីឡាករ ប៊្រែដលី ដោយ​ការ​កាត់សេចក្តី​មិន​ឯកច្ឆន្ទ​និងដ៏ចម្រូងចម្រាសបំផុត។

          កីឡាករទាំងពីរក៏បាន​ជួបប្រកួត​ជាលើកទី​២​កាលពីឆ្នាំ​២០១៤ ហើយ​នៅ​ពេល​នោះ ផាកគីអាវ ទទួល​បាន​ជ័យជម្នះ​ដោយការកាត់សេចក្តី​ជា​ឯក​ច្ឆន្ទ។ ការ​ប្រកួត​ទាំងបី​លើកនេះ នឹងរៀបចំធ្វើនៅ​សង្វៀន MGM Grand Garden Arena ។

          ផាកគីអាវ វ័យ៣៧​ឆ្នាំ​ ប្រកួត​លើក​ចុងក្រោយ​កាលពី​ខែឧសភា​ឆ្នាំ២០១៥​​ជា​មួយ​កំពូលកីឡាករ​ប្រដាល់​គ្មាន​គូប្រៀប​របស់អាមេរិកគឺកីឡាករ ផ្លយ ម៉េវេឌ័រ (Floyd Mayweather) នៅក្នុង​ការប្រកួត​ដែលទទួល​បាន​តម្លៃខ្លួន​ខ្ពស់បំផុត​ក្នុង​ប្រ​វត្តិ​កីឡាប្រដាល់អាជីព។ ផាកគីអាវ ចាញ់ការប្រកួត​នោះ ដោយការកាត់សេច​ក្តី​ជា​ឯកច្ឆន្ទ។ ស្ថិតិ​ប្រកួត​របស់​ ផាកគីអាវ គឺ​ឈ្នះ៥៧​លើក ចាញ់​៦លើក​និងស្មើ​២​លើក​។

            ប៊្រែដលី វ័យ៣២​ឆ្នាំ ថ្មីៗនេះបានយក​ឈ្នះ​កីឡាករអាមេរិក ប៊្រែនឌិន រីយ៉ូស (Brandon Rios) ដោយវាយឲ្យ​សន្លប់នៅទឹក​ទី​៩។ ស្ថិតិរបស់ ប៊្រែដលី គឺ​ឈ្នះ​៣៣​លើក ចាញ់​១​លើកនិង​ស្មើ​១​លើក។ នេះគឺជាការប្រកួត​ដណ្តើម​ខ្សែ​ក្រ​វាត់​ប្រភេទទម្ងន់ welterweight របស់ស្ថាប័ន WBO ៕

មតិយោបល់