adverise with khmeread 1

ខឹង​ក្មេងស្ទាវ​គប់​បែក​កញ្ចក់ បើករថយន្ត​ដេញ​បុក​ផ្អើល​ពេញ​ក្រុង​

​    ​ភ្នំពេញ​៖ បុរស​ម្នាក់ ខឹង​ក្រុមក្មេងស្ទាវ​យក​ដុំថ្ម​គប់ បណ្តាលឱ្យ​បែក​កញ្ចក់​រថយន្ត ក៏​បើករថយន្ត​ដេញតាម​បុក​ម៉ូតូ ដួល​ចូល​ក្រោម​រថយន្ត ចំណែក​ក្រុមក្មេងស្ទាវ​បាន​រត់គេច​ទាំង ព្រលឹងចុងសក់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ២៩៤ កែង​នឹង​ផ្លូវ​លេខ​២១ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​    ​ប៉ូលិស​និយាយថា  បុរស​ជា​អ្នកបើកបរ​រថយន្ត ឈ្មោះ​អ៊ឹម អន អាយុ​២៨​ឆ្នាំ មុខរបរ​លក់ កាហ្វេ នៅ​ផ្សារ​ជម្ពូ​វ័ន ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក រថយន្ត ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ២AK–៤២២១​។​

​    ​ចំណែក ក្រុមក្មេងស្ទាវ​ដែល​ទាញ​ដុំថ្ម​គប់​បែក​កញ្ចក់ រថយន្ត​ខាងលើ មាន​គ្នា​៣​នាក់ (​មិន​ស្គាល់  អត្តសញ្ញាណ​) ជិះ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BC–3389​។​

​    ​តាម​សម្តី​បុរស​ជា​ម្ចាស់​រថយន្ត បានឱ្យដឹងថា ខណៈដែល​គាត់​កំពុង​អង្គុយ​នៅ​កន្លែង​លក់​ផ្លែឈើ របស់​បងប្អូន​នៅក្បែរ​សួនច្បារ​សម្តេច​ហ៊ុន សែន ស្រាប់​តែមាន​ក្មេងស្ទាវ​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង បាន​ទាញ​ដុំថ្ម​មក​គប់​កញ្ចក់​រថយន្ត​របស់ខ្លួន​ចំ ពីក្រោយ បណ្តាលឱ្យ​បែក​កញ្ចក់ ទើប​ខ្លួន​ខឹងច្រឡោត​ក៏​ឡើង​បើករថយន្ត​ដេញតាម​ពីក្រោយ ម៉ូតូ​ក្រុមក្មេងស្ទាវ​នោះ រហូតដល់​ចំណុច​ផ្លូវ លេខ​២៩៤ ក៏​ជ្រុល​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត ឡិច​ស៊ី​ស​មួយគ្រឿង ពណ៌​ស្ករ​។​

​    ​បន្ទាប់មក​ក្រុម​ក្មេង ស្ទាវ​ដែល​គប់​កញ្ចក់​រថយន្ត​របស់ខ្លួន​នោះ បាន នាំគ្នា​ឈរ​កាន់​ដាវ​សាមូរ៉ៃ រួច​ស្ទុះ​មក​កាប់​ដំបូល រថយន្ត​របស់ខ្លួន​ថែមទៀត ទើប​ខ្លួន​បានគេច ចង្កូតរថយន្ត​ជ្រុល​ទៅបុក​ម៉ូតូ​ក្មេងស្ទាវ​នេះ ចូល ក្រោម​រថយន្ត​តែម្តង ធ្វើឱ្យ​ក្រុម​ក្មេង​ទំនើង​ទាំង នោះ​ភ័យ ក៏​នាំគ្នា​រត់គេចខ្លួន​បាត់អស់ បន្ទាប់ មក ក៏មាន​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​តែម្តង​។​

​    ​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បន្តថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត កាមរី​បា​ឡែ​ន ពណ៌​ខ្មៅ​លា​យស​ខាងលើ បាន បើក​ចេញ​បុក​ម៉ូតូ​ហុងដា​វ៉េវ ពណ៌​ក្រហម ដោយ មិនដឹង​មូលហេតុ​។ លុះ​ពេល​បើក​លឿន​ពេក ក៏ ជ្រុល​ទៅ​ប៉ះ​រថយន្ត​ឡិច​ស៊ី​ស​ដែល​បើក​បញ្ច្រាស គ្នា ហើយ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ វ៉េវ​ពណ៌​ក្រហម នៅ​ពីមុខ​ជាប់​ពីក្រោយ​រថយន្ត តែម្តង​។​

​    ​ប្រភព​ដដែល​បន្តថា ករណីនេះ​គឺជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ផង និង​ហិង្សា​ផង ដោយសារតែ​ក្រុមក្មេងស្ទាវ​គប់​បែក​កញ្ចក់​រថយន្ត ហើយ​ពេលនេះ​ភាគី​ម្ចាស់​រថយន្ត​បា​ឡែ​ន បាន​សង​សំណង​ទៅ​ភាគី​រថយន្ត​ឡិច​ស៊ី​ស ចំនួន ៣០​ដុល្លារ ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​នៅសល់​ករណី ជាមួយនឹង​ម៉ូតូ​វ៉េវ​មួយទៀត​។​

​    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បានធ្វើការ វាស់វែង រួច​យក​ម៉ូតូ​និង​រថយន្ត ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ​៕​

adverise with khmeread

មតិយោបល់