adverise with khmeread 2

​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ស្នាម​ប្រេះ​ដ៏​ធំ​មួយ​នៅ​ស្រទាប់ផែនដី​ដែល​អាច​សម្លាប់​មនុស្ស​១០​លាន​នាក់​ប្រសិនបើ​កើត​រញ្ជួយ​ផែនដី​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា ស្នាម​ប្រេះ​ដ៏​ធំ​មួយ​នៅលើ​ស្រទាប់ផែនដី​ដែល​គ្របដណ្តប់​ទៅដោយ​ល្បាប់​រាប់លាន​តោន និង​ស្ថិតនៅក្នុង​តំបន់​ដែលមាន​ប្រជាជនរស់នៅ​ច្រើនជាងគេ​មួយ​ក្នុង​ពិភពលោក អាច​នឹង​សម្លាប់​ជីវិត​មនុស្ស ១០ លាន​នាក់​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បានដាក់​ពង្រាយ​ប្រព័ន្ធ GPS កម្រិត​ខ្ពស់​រាប់រយ​នៅក្នុង​តំបន់​ជុំវិញ​ប្រទេស​ឥណ្ឌា បង់​ក្លា​ដែ​ស​និង​មី​យ៉ាន់​ម៉ា​ហើយ​បាន​ត្រួតពិនិត្យ​តាម​ឧបករណ៍ទាំងនោះ​ជាង ១០ ឆ្នាំ និង​ឥឡូវនេះ អ្នកវិទ្យាសាស្ត្រ​ព្រួយបារម្ភ​ថា តំបន់​ទាំងនេះ​គឺជា​ស្នាម​ប្រេះ​ផែន​ដ៏​ធំ​និង​ដ៏​សកម្ម​ដែល​អាច​បង្កឱ្យមាន​គ្រោះ​រញ្ជួយ​ផែនដី​កម្រិត ៩,០ រ៉ិ​ច្ឆ​ទ័​រគ្រប់ពេលវេលា​។​

​    ​អ្នកជំនាញ​បាន​រកឃើញថា ដីល្បាប់​រាប់លាន​តោន​ពី​ទន្លេ Ganges និង Brahmaputra បាន​ធ្លាក់​ចូលក្នុង​ស្នាម​ប្រេះ​ដ៏​ធំ​នេះ ដែលជា​កន្លែង​ស្រទាប់ផែនដី​ពីរ​កំពុង​ទាញចូលគ្នា​។​

​    ​ប្រភេទ​ស្នាម​ប្រេះ​របៀបនេះ​បាន​បង្កើតឱ្យមាន​គ្រោះ​រញ្ជួយ​ផែនដី​ដ៏​ធំ​ដែល​ធ្លាប់បាន​កើតឡើង​កាលពី​ឆ្នាំ ២០០៤ ដោយ​គ្រោះ​រញ្ជួយ​ដី​និង​មហារ​រលក​យក្ស​ស៊ូ​ណា​ម៉ិនៅក្នុង​មហាសមុទ្រ​ឥណ្ឌា​ក៏ដូចជា​ស៊ូ​ណា​ម៉ិ​ឆ្នាំ ២០១១ នៅ​ប្រទេស​ជប៉ុន​។​

​    ​លោក​សាស្ត្រាចារ្យ Michael Steckler មកពី​សាកលវិទ្យាល័យ Columbia University ដែល​ដឹកនាំ​ក្រុម​អ្នកស្រាវជ្រាវ​លើ​បញ្ហា​នេះ​បាន​និយាយថា មាន​មនុស្ស​ច្រើនជាង១៤០ លាន​នាក់​រស់​នៅលើ​តំបន់​ជាង ៩៦ គីឡូម៉ែត្រ​នៅលើ​ស្នាម​ប្រេះ​នេះ​។ គាត់​ក៏​ព្រួយបារម្ភ​ដែរ​ថា ស្នាម​ប្រេះ​នេះ​អាច​នឹងមាន​សកម្មភាព​នៅពេល​ណាមួយ​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​មិនអាច​ទស្សន៍ទាយ​ថា​តើ​នៅពេលណា​នឹងមាន​គ្រោះ​រញ្ជួយ​ផែនដី​នោះទេ ប៉ុន្តែ​លោក Michael Steckler បាន​និយាយថា រដ្ឋាភិបាល​ក្នុង​តំបន់ទាំងនេះ​គួរតែ​សាងសង់​សំណង់​ការពារ​រញ្ជួយ​ដី​ឱ្យបាន​ច្រើន ខណៈ​កែលម្អ​ប្លង់​មេ​ទីក្រុង​ខ្លួន​ដើម្បី​ដោះស្រាយ​គ្រា​មាន​អាសន្ន និង​ដើម្បី​ជា​ជម្រក​សុវត្ថិភាព​សម្រាប់​ប្រជាជន​ពេលមាន​រញ្ជួយ​ដី​៕

ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់