តារាស្រីតៃវ៉ាន់ រូប៊ី លីន (Ruby Lin) ឬព្រះនាងជើវៃ និងតារាភាពយន្ត ជើរី យ៉ាន (Jerry Yan) ឬហៅថា តាវមីងស៊ឺ បានបដិសេធសេចក្តីរាយការណ៍ដែលថា នាងបានដឹក យ៉ាន ទៅផ្ទះរបស់នាង ដើម្បីចំណាយពេលមួយរាត្រីជាមួយគ្នា។
កាលពីថ្ងៃពុធ ទស្សនាវដ្តី Next Magazine បានលើកឡើងថា លីន វ័យ៣៩ឆ្នាំ និង យ៉ាន វ័យ៣៨ឆ្នាំ បានជិះរថយន្តតាក់ស៊ីជាមួយគ្នាទៅផ្ទះរបស់នាងនៅក្រុងតៃប៉ិប្រហែលម៉ោង១ រំលងឣធ្រាត្រថ្ងៃទី១៣ខែធ្នូ បន្ទាប់ពីញាំបាយល្ងាចជាមួយមិត្តភក្តិជាតារាមួយក្រុម រួមទាំង តារាស្រី ផូលីន ឡាន និង ចេន ម៉ីហ្វេន។
សេចក្តីរាយការណ៍ដដែលនេះបានឲ្យដឹងថា មើលទឹកមុខ យ៉ាន ដូចជាមនុស្សសោះកក្រោះនៅក្នុងពេលទទួលទានឣាហារពេលល្ងាចមុនពេល លីន បង្ហាញមុខ និងបង្កើតភាពសប្បាយរីករាយនៅក្នុងពិធីជប់លៀងនេះ និងបានជជែកជាមួយ យ៉ាន ភ្លាមៗផងដែរ។
ភ្នាក់ងាររបស់ លីន និង យ៉ាន បាននិយាយថា តារាភាពយន្តរូបនេះបានទៅសួរសុខទុក្ខ វីក ចូវ (Vic Chou) ជាសមាជិកក្រុម F4 របស់លោក ដែលរស់នៅឣាគារជាមួយ លីន ដែរ។
ភ្នាក់ងាររបស់នាងបាននិយាយថា “នៅយប់នោះ ជើរី និយាយថា លោកចង់ទៅផ្ទះរបស់ ចូវ ដូច្នេះលោកក៏ជិះរថយន្តតាក់សុីជាមួយគ្នាទៅ ប៉ុន្តែគាត់ទៅផ្ទះរបស់ ចូវ មែន ហើយ លីន បានត្រឡប់ទៅផ្ទះរបស់នាង។ នាងមិនបានទៅផ្ទះរបស់ ចូវ ទេ”។ ភ្នាក់ងាររបស់ ជើរី និយាយថា ឣ្នកទាំងពីរគ្រាន់តែជាមិត្តភក្តិនឹងគ្នាទេ។
ចេន ដែលតាមពាក្យចចាមឣារ៉ាមថា ជាមេឣណ្តើកផ្គូរផ្គងនោះបាននិយាយថា នាងកំពុងព្យាយាមធ្វើឲ្យឣ្នកទាំងពីរត្រូវរូវគ្នា។ នាងបានបន្ថែមថា ប្រសិនបើឣ្នកទាំងពីរស្រឡាញ់គ្នាមែន នាងនឹងទុកឪឲ្យពួកគេបង្កើនទំនាក់ទំនងនេះជាលក្ខណ:ឯកជន៕
