ប៉ូលិសថៃបាននិយាយនៅថ្ងៃអាទិត្យទី ២៤ កក្កដាថា ក្មេងស្រីអាយុ ៨ ឆ្នាំពីរនាក់ក្នុងប្រទេសថៃត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់យុទ្ធនាការបោះឆ្នោតនៅមុនការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាសនៅខែក្រោយ បន្ទាប់ពីហែកបញ្ជីឈ្មោះបោះឆ្នោតបិតលើជញ្ជាំង ព្រោះក្មេងទាំងពីរចូលចិត្តក្រដាសពណ៌ផ្កាឈូក ដែលគេព្រីនបិតពីលើបញ្ជីនោះ។
រដ្ឋាភិបាលយោធាថៃបានបង្ក្រាបអ្នកប្រឆាំងនៅមុនការបោះឆ្នោតប្រជាមតិថ្ងៃទី ៧ សីហាទាក់ទិននឹងច្បាប់រដ្ឋធម្មនុញ្ញគាំទ្រដោយយោធា ដែលនិយាយថា ខ្លួននឹងធានាស្ថេរភាពក្នុងប្រទេសដែលអង្រួនដោយចលាចលនយោបាយជាង ១ ទសវត្សរ៍មកនេះ។
លោក Damrong Phetpong មេបញ្ជាការប៉ូលិសនៅខេត្តភាគខាងជើងប្រទេសថៃ Kamphaeng Phet បាននិយាយថា ក្មេងស្រីទាំងពីរត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យរាំងស្ទះដំណើរការបោះឆ្នោតប្រជាមតិ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ បន្ទាប់ពីហែកក្រដាសបញ្ជីឈ្មោះបោះឆ្នោតបិតនៅក្រៅសាលារៀនមួយ។
លោក Damrong និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ក្មេងទាំងពីរបានសារភាពថាបានហែកបញ្ជីឈ្មោះបោះឆ្នោត ព្រោះពួកគេចូលចិត្តក្រដាសពណ៌ផ្កាឈូក"។
លោកបន្តថា ក្មេងទាំងពីរនឹងមិនប្រឈមការដាក់ទោសទេ ព្រោះនៅក្មេងពេក។ ការបោះឆ្នោតប្រជាមតិនេះនឹងជាការធ្វើតេស្តមតិសាធារណជនដ៏ធំបំផុតលើកដំបូងអំពីរដ្ឋាភិបាលយោធា ចាប់តាំងពីខ្លួនឡើងកាន់អំណាចក្រោយរដ្ឋប្រហារខែឧសភា ២០១៤៕
