adverise with khmeread Untitled 1

កូនប្រសា​ស្រី​រៀប​គម្រោង​បំពុល​ម្តាយក្មេក ហើយ​គ្រូឱសថបុរាណ​បាន​ហុច​កញ្ចប់​ថ្នាំពុល​មួយ​ឱ្យ​នាង​! ចុងក្រោយ រឿង​ដែល​មិន​នឹកស្មាន​ដល់​បាន​កើតឡើង​

    ​កាលពី​គ្រា​យូរលុង​ណាស់​មកហើយ​នៅក្នុង​ប្រទេស​ចិន នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​ឈ្មោះ​លី​លី​បាន​រៀបការ ហើយក៏​ចូលទៅ​រួមរស់​ជាមួយ​ប្តី​របស់​នាង​និង​ម្តាយក្មេក​។​

​    ​ក្រោយ​រួមរស់​ជាមួយគ្នា​បាន​ត្រឹម​រយៈពេល​ខ្លី លី​លី​ហាក់​មិន​ចុះសម្រុង​ជាមួយ​ម្តាយក្មេក​ទាល់តែសោះ​។ បុគ្គលិកលក្ខណៈ​របស់​អ្នក​ទាំងពីរ​ខុសគ្នា​ដាច់ស្រឡះ ហើយ​លី​លី​តែងតែ​ខឹង​ដោយសារ​ទង្វើ​របស់​ម្តាយក្មេក ជាពិសេស​គឺ​គាត់​តែងតែ​ស្តីបន្ទោស​ឱ្យ​នាង​ជានិច្ច​។​

​    ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ លី​លី​និង​ម្តាយក្មេក​របស់​នាង​មិនដែល​ឈប់​ឈ្លោះប្រកែក​គ្នា​ម្តងណា​ឡើយ ហើយ​អ្វីដែល​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៀត​នោះ​គឺ បើតាម​ប្រពៃណី​របស់បុរាណ​ចិន លី​លី​ត្រូវតែ​ឱនលំទោន​និង​គោរព​ម្តាយក្មេក​របស់​នាង​ជានិច្ច​។ បរិយាកាស​ដ៏​អាប់អួរ​ក្នុងផ្ទះ​បែបនេះ បានធ្វើឱ្យ​ប្តី​របស់​លី​លី​កើតទុក្ខ​ព្រួយ​ដេក​មិនល្អ​បក់​មិន​ល្ហើយ​ទាល់តែសោះ​។​

​    ​ខណៈ​លី​លី​ទ្រាំ​មិនបាន​ចំពោះ​ការបង្ក​រឿង​និង​ការបញ្ជា​ផ្តាច់ការ​ពី​ម្តាយក្មេក​របស់​នាង លី​លី​បាន​សម្រេចចិត្តថា នាង​ត្រូវតែ​ធ្វើ​អ្វីមួយ​ហើយ​ទើបបាន​។​

​    ​លី​លី​បាន​ទៅ​ជួប​មិត្តភក្តិ​របស់​ឪពុក​នាង​គឺ​លោក​ហុង ដែលជា​អ្នកលក់​ឱសថ​ធម្មជាតិ​។ នាង​បាន​ប្រាប់​លោក​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​នា​ង​និង​បាន​សុំ​ថ្នាំពុល​មួយចំនួន​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ស្មុគស្មាញ​ទាំង​ប៉ុន្មាន​។ នៅពេលនោះ លោក​ហុង​បានគិត​មួយសន្ទុះ ហើយ​ក៏បាន​និយាយថា "​លី​លី​! ខ្ញុំ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​របស់​នាង ប៉ុន្តែ​នាង​ត្រូវតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​ប្រាប់​"​។​

​    ​លី​លី​បាន​និយាយថា "​ចា៎​លោក​ហុង​! នាង​ខ្ញុំ​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​ដែល​លោក​ប្រាប់​"​។ លោក​ហុង​បាន​ទៅ​បន្ទប់​ដាក់​ថ្នាំ​ហើយ​ត្រឡប់មកវិញ​ជាមួយ​កញ្ចប់​ថ្នាំ​មួយ​។​

​    ​គាត់​បាន​ប្រាប់​លី​លី​ថា "​នាង​មិនអាច​ប្រើ​ថ្នាំពុល​មាន​ប្រសិទ្ធភាព​ភ្លាមៗ​នោះទេ​ដើម្បី​សម្លាប់​ម្តាយក្មេក​របស់​នាង ព្រោះ​ញាតិសន្តាន​របស់គាត់​នឹង​ចាប់ផ្តើម​សង្ស័យ​។ ដូច្នេះហើយ​ទើប​ខ្ញុំ​ឱ្យ​ថ្នាំ​រុក្ខជាតិ​មួយចំនួន​នេះ ព្រោះ​វា​នឹង​ជ្រៀបចូល​រាងកាយ​របស់គាត់​បន្តិច​ម្តងៗ​។ រៀងរាល់ថ្ងៃ នាង​ត្រូវ​រៀបចំ​អាហារ​ឆ្ងាញ់ៗ​ដោយ​លាយ​ជាមួយ​ថ្នាំ​ទាំងនេះ​។ ឥឡូវ ដើម្បី​កុំឱ្យ​មាន​គេ​សង្ស័យ​នៅពេល​ម្តាយក្មេក​នាង​ស្លាប់ នាង​ត្រូវតែ​ប្រុងប្រយ័ត្ន​ដោយ​សម្តែង​អាកប្បកិរិយា​រួសរាយ​រាក់ទាក់​ចំពោះ​គាត់​។ កុំ​ឈ្លោះប្រកែក​ជាមួយ​គាត់ គោរព​គាត់​និង​បម្រើ​គាត់​ដូច​ម្ចាស់​ក្សត្រិយ៍​"​។​

​    ​បន្ទាប់ពី​ទទួល​ដំបូន្មាន លី​លី​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​។ នាង​បាន​អរគុណ​លោក​ហុង​និង​ប្រញាប់ប្រញាល់​ទៅផ្ទះ​ដើម្បី​រៀបចំ​ផែនការ​បំពុល​ម្តាយក្មេក​។​

​    ​ពេលវេលា​កន្លងផុត​ច្រើន​ខែ លី​លី​បាន​បម្រើ​ម្តាយក្មេក​នាង​បាន​យ៉ាង​ល្អ​។ នាង​នៅចាំ​លោក​ហុង​ប្រាប់ថា មិនត្រូវ​ឱ្យគេ​សង្ស័យ​ឡើយ ដូច្នេះ​នាង​បាន​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង គោរព​ម្តាយក្មេក បម្រើ​គាត់​ដូច​ម្តាយបង្កើត​។ ពេលវេលា​ប្រាំ​មួយខែ​បាន​កន្លងផុត បរិយាកាស​អាប់អួរ​ទាំ​ង​ប៉ុន្មាន​បាន​ផ្លាស់ប្តូរ​។​

​    ​លី​លី​បាន​អនុវត្ត​អំពី​ការគ្រប់គ្រង​កំហឹង​បាន​ច្រើន ហើយ​នាង​ក៏​មិន​ពិបាកចិត្ត​ឬ​ខឹង​ខ្លាំង​ដូច​ពីមុន​នោះដែរ​។ នាង​មិនបាន​ឈ្លោះប្រកែក​ជាមួយ​ម្តាយក្មេក​រយៈពេល​ប្រាំ​មួយខែ ហើយ​នាង​ថែមទាំង​មើលទៅ​ហាក់​ចាប់ផ្តើម​មានចិត្ត​ល្អ​និង​ងាយ​ចុះសម្រុង​ជាមួយ​ម្តាយក្មេក​ខ្លាំងណាស់​។​

​    ​ឥរិយាបថ​ម្តាយក្មេក​ចំពោះ​លី​លី​បាន​ផ្លាស់ប្តូរ ហើយ​គាត់​ចាប់ផ្តើម​ស្រឡាញ់​លី​លី​ដូច​កូនបង្កើត​។ គាត់​ថែមទាំង​បាន​ប្រាប់​ញាតិមិត្ត​ថា លី​លី​ជា​កូនប្រសា​ល្អឥតខ្ចោះ​ពិបាក​រក​ណាស់ ហើយ​ស្របពេល​នោះដែរ អ្នក​ទាំង​ពីរបាន​យល់ចិត្ត​និង​ស្រឡាញ់គ្នា​ដូច​ម្តាយ​និង​កូនបង្កើត​។ ក្រោយពេល​នោះមក ប្តី​របស់​លី​លី​ក៏​សប្បាយចិត្ត​ដូចគ្នា​ដែរ​។​

​    ​ថ្ងៃមួយ លី​លី​បាន​ទៅ​ជួប​លោក​ហុង​និង​សុំឱ្យ​គាត់​ជួយ​នាង​ម្តងទៀត​។ នាង​បាន​និយាយថា "​លោក​ហុង​! សូម​លោក​ជួយ​បន្សាប​ជាតិពុល​ទាំងនោះ បើ​មិន​អ៊ីចឹង​ទេវា​នឹង​សម្លាប់​ម្តាយក្មេក​របស់ខ្ញុំ​ជាមិនខាន​! ម្តាយក្មេក​ខ្ញុំ​បាន​ប្តូរ​ទៅជា​ស្ត្រី​ដ៏​ល្អ​ម្នាក់ ហើយ​ខ្ញុំ​ស្រឡាញ់​គាត់​ដូច​ម្តាយបង្កើត​ខ្ញុំ​អ៊ីចឹង​។ ខ្ញុំ​មិន​ចង់ឱ្យ​គាត់​ស្លាប់​ដោយសារ​ថ្នាំពុល​ដែល​ខ្ញុំ​ឱ្យ​គាត់​ពិសា​នោះទេ​"​។​

​    ​នៅពេលនោះ លោក​ហុង​ញញឹម​និង​ប្រាប់​លី​លី​ថា "​លី​លី​! គ្មានអ្វី​ត្រូវ​បារម្ភ​នោះទេ​។ ខ្ញុំ​មិនដែល​ឱ្យ​ថ្នាំពុល​ទៅ​នាង​នោះទេ​។ ថ្នាំ​រុក្ខជាតិ​ដែល​ខ្ញុំ​ឱ្យ​នាង​នោះ​គឺជា​វីតាមីន​ដើម្បី​ជួយ​ដល់​សុខភាព​ប៉ុណ្ណោះ​។ ថ្នាំពុល​តែមួយគត់​នោះ​គឺ ចិត្ត​និង​ឥរិយាបថ​របស់​នាង​ចំពោះ​ម្តាយក្មេក ប៉ុន្តែ​រាល់​អតីតកាល​ទាំង​ប៉ុន្មាន​បាន​រសាត់​បាត់​ជា​រៀងរហូត​ដោយសារ​សេចក្តីស្រឡាញ់​ដែល​នាង​បាន​ជូន​ដល់​គាត់​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់