adverise with khmeread 07b10819 0f3c 448f a03b 6c000e3dc1d0

សង្ស័យ​ឆ្លង​ចរន្ត​អគ្គិសនី​ទុស្សេ​ ទូ​ក្លាស្សេ​ផ្លែឈើ​ បង្ក​ជា​ភ្លើង​ឆាបឆេះ​ផ្សារ​បន្លែ​

    ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ សមត្ថកិច្ច និង​រថយន្ត​ពន្លត់អគ្គិភ័យ​មក​អន្តរាគមន៍ ដែល​សង្ស័យ​បណ្តាលមកពី​ទុស្សេ​ចរន្ត​អគ្គិសនី​ទូ​ក្លាស្សេ​ផ្លែឈើ បណ្តាលឱ្យ​ឆេះ​អស់​៦​តូប។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៣៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ផ្សារ​បន្លែ ផ្សារ​សុ​វណ្ណា ខាងក្រោយ​ផ្សារ​ទំនើប​សុ​វណ្ណា ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅខាងមុខ​ផ្សារ​បានឱ្យដឹងថា ដំបូង​រូបគាត់​បាន​អង្គុយ​យាម​ដូច​សព្វដង ដោយ​អស់កម្លាំង​ពេក​ក៏​សម្រាក​លក់​មួយភាំង ហើយ​ពេលនោះ​ស្រាប់​តែមាន​ក្លិន​ឈ្ងៀម ក៏​ស្រាប់​តែមាន​អគ្គិភ័យ​ឆាបឆេះ​ឡើង​បាត់ទៅហើយ បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ជួយ​ពន្លត់ តែ​ដោយ​ភ្លើង​មាន​ទំហំ​ធំ​ពេក​នោះ ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន។​

    ភ្លាមនោះ​រថយន្ត​អគ្គិភ័យ​ជាច្រើន​គ្រឿង​បាន​មកដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការបាញ់​ពន្លត់​ភ្លាមៗ អស់​ទឹក​ចំនួន​៣​រថយន្ត ក៏​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ដោយ​មិនឱ្យ​រាល់ដាល​ដល់​តូច​ដទៃទៀត។​

    ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ សមត្ថកិច្ច​សង្ស័យថា​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ចេញពី​ទូ​ក្លាស្សេ​ផ្លែឈើ ទើប​បង្ក​ជា​អគ្គីភ័យ​ដូច្នេះ ហើយក៏​មិនមាន​នរណាម្នាក់​គ្រោះថ្នាក់​នោះដែរ គ្រាន់តែ​ខូចខាត​តូច​ចំនួន​៦ សម្ភារៈ និង​ផ្លែឈើ​មួយចំនួន​ប៉ុណ្ណោះ៕

 

adverise with khmeread

មតិយោបល់