ដំណើរទស្សនកិច្ចប្រកួតមិត្តភាពរបស់ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចូលទៅក្នុងរឿងដ៏គួរឱ្យអស់សំណើចក្នុងប្រទេសចិន ខណៈដែល Jose Mourinho បានបង្ខំចិត្តបើកសន្និសីទកាសែតមួយនៅកណ្តាលវាល ដោយសារតែបញ្ហាកម្តៅក្នុងបន្ទប់។
Mourinho បានបដិសេធធ្វើសន្និសីទកាសែតរបស់គាត់ មុនជំនួបដ៏សំខានឈានមកដល់នៅរាត្រីនេះជាមួយនឹងក្រុម Manchester City ក្នុងទីក្រុងប៉េកាំង នៅក្នុងបន្ទប់ចង្អៀតមួយនៅឯមជ្ឈមណ្ឌលកីឡាអូឡាំពិករបស់ក្រុងប៉េកាំង (Beijing's Olympic Sports Centre) ដោយសាតែបញ្ហាសីតុណ្ហភាព។
ការហ្វឹកហាត់របស់បិសាចក្រហម និងសន្និសីទកាសែតរបស់ Mourinho ប្តូរទីតាំងចេញពីពហុកីឡដ្ឋាន Bird's Nest Stadium ជាទីតាំងដែលការប្រកួតត្រូវប្រារព្ធឡើង ដោយសារតែទីលានពិបាកហ្វឹកហាត់ពេក។
នៅក្នុងបន្ទប់ដែល Mourinho បានប្រឈមនឹងការផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយពិភពលោកដោយមិនមានខ្យល់ម៉ាស៊ីនត្រជាក់នោះទេ។ ជាមួយនឹងសីតុណ្ហភាពក្តៅរហូតដល់ទៅ ៤០អង្សានៅខាងក្នុង អ្នកចាត់ការរហស្សនាម Special One បានបដិសេធធ្វើបទសម្ភាសន៍ដើម្បីប្តូរសន្និសីទកាសែតរបស់គាត់ចេញពីទីនោះ។
អ្នកចាត់ការក្រុមមេឃខៀវ Pep Guardiola ក៏ធ្វើសន្និសីទកាសែតនៅក្នុងបន្ទប់ដូចគ្នាទៅនឹង Mourinho មួយនេះផងដែរ ប៉ុន្តែគាត់បានបដិសេធចូលទៅទីនោះដាច់ខាត ព្រោះស្អុះស្អាប់ពេក។
ប៉ុន្តែជាមួយប្រព័ន្ធផ្សព្វផ្សាយបន្ថែមទៀតបញ្ជាក់ថា មនុស្សច្រើនជាង ១០០នាក់ត្រូវបានញាត់ចូលទៅក្នុងបន្ទប់សម្រាប់សន្និសិទកាសែតរបស់ Mourinho ច្រើនជាង Guardiola។ សីតុណ្ហភាពនេះបានក្លាយជាស្ថានភាពមួយដែលមិនអាចទទួលបាន ដែលបានបង្ខំឱ្យអ្នកចាត់ការក្រុមបិសាចក្រហមបានបោះបង់សន្និសីទក្នុងបន្ទប់៕
