F16jet

មន្ទីរពេទ្យ​មួយ​តេ​ហៅ F-16 ឱ្យជួយ​ដឹក​សម្ភារៈ​ពេទ្យ​ដើម្បី​ជួយ​អ្នកជំងឺ​ត្រូវ​សង្គ្រោះបន្ទាន់​ម្នាក់​

    ​ជីវិត​អ្នកជំងឺ​សំខាន់​ម្នាក់​ត្រូវបាន​ជួយសង្គ្រោះ បន្ទាប់ពី​យន្តហោះ​ចម្បាំង F-16 មួយគ្រឿង​បាន​ប្រញាប់ប្រញាល់​ដឹកយក​ឧបករណ៍​ឯកទេស​វេជ្ជសាស្ត្រ​ឆ្លងកាត់​ពាក់កណ្ដាល​ប្រទេស​ន័​រ​វែ​ស​ដោយ​ប្រើពេល​មិន​ដល់​កន្លះ​ម៉ោង​។​

​    ​អ្នកជំងឺ​ប្រុស​ម្នាក់​ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​មួយ​ក្នុង​ទីក្រុង Bodo ប៉ុន្ដែ​ទីនោះ​មិនមាន​ឧបករណ៍ ECMO ដែល​ជួយ​ទ្រទ្រង់​បេះដូង​និង​សួត​ទេ ហើយ​បើ​គ្មាន​ឧបករណ៍​នេះ គាត់​នឹង​ស្លាប់​។​

​    ​វេជ្ជបណ្ឌិត​បានដឹងថា មន្ទីរពេទ្យ​ជិត​បំផុត​ពី​ទីនេះ​គឺ​ក្នុង​ទីក្រុង Tronheim ចម្ងាយ​ដល់​ទៅ ៤៥០ គីឡូម៉ែត្រ​នៅ​ភាគខាងត្បូង​ប្រទេស​ឯណោះ​។ ប្រសិនបើ​ធ្វើដំណើរ​តាម​រថយន្ត​ត្រូវ​ចំណាយពេល ១០ ម៉ោង ហើយ​ពួកគេ​ភ័យខ្លាច​បុរស​នោះ​អាច​នឹង​ស្លាប់ មុនពេល​ទៅដល់​មន្ទីរ​ពេទ្យ​។​

​    ​យ៉ាងណាមិញ​បន្ទាប់ពី​នឹកឃើញ​គំនិត​មួយ ពួកគេ​បានសម្រេច​ចិត្ត​ទាក់ទង​ទៅ​កងកម្លាំង​ជើង​អាកា​សមាន​មូលដ្ឋាន​នៅ​ជិត​ទីក្រុង Trondheim ដោយ​ស្នើ​សុំឱ្យ​យក​ឧបករណ៍​ជួយសង្គ្រោះ​មក​ទីក្រុង Bodo ឱ្យទាន់​ពេលវេលា​ដើម្បី​ជួយ​រក្សា​ជីវិត​អ្នកជំងឺ ដែលមាន​ស្ថាន​ភាពមិនច្បាស់លាស់​។​

​    ​បន្ទាប់ពី​ទាក់ទង​អស់​រយៈពេល ៤០ នាទី ឧបករណ៍​ជួយសង្គ្រោះ​បានមក​ដល់​ម​ន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង Bodo​។ សកម្មភាព​ក្រុម​កម្លាំង​ជើង​អាកាស Swift បានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​ដោយ​ក្រុម​វេជ្ជបណ្ឌិត​៕

ប្រភព៖ Independent

មតិយោបល់