ស្ទឹងត្រែង ៖ ប៉ូលិសខេត្តស្ទឹងត្រែងបានរាយការណ៍នៅព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះថា ជនប្រដាប់អាវុធ៤នាក់ ដោយសហការជាមួយមន្ត្រីមន្ទីរបរិស្ថានចាប់ខ្លួនបានកាលពីម្សិលមិញ បានប្រគល់ឱ្យប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តនាថ្ងៃនេះ។
គួររំលឹកថា ជនប្រដាប់អាវុធ៤នាក់ ត្រូវបានកម្លាំងអង្គការបរិស្ថានសហការជាមួយនឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរស្វាយ ធ្វើការឃាត់ខ្លួនព្រមទាំងដកហូតកាំភ្លើងច្នៃ២ដើមនិងអាកា ៣ដើមកាលពីវេលាម៉ោង១១ និង៤៥នាទីថ្ងៃ២៤ ខែកក្កដា ២០១៦ ក្នុងព្រៃសហគមន៍ ត្រង់ចំណុចភ្នំតាកោ ស្ថិតក្នុងភូមិវ៉ឺនសៀន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន៤នាក់ទី១- ឈ្មោះ ឡេង ណាត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង, ទី២- ឈ្មោះ ឡុង ប៊ុនប៉ែង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង, ទី៣- ឈ្មោះ នៃ ផែង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រង ខេត្តស្ទឹងត្រែង និងទី៤-ឈ្មោះ លី សុខុម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រង ខេត្តស្ទឹងត្រែង។
ប៉ូលិសបន្តថា ជនសង្ស័យខាងលើនេះបានចូលទៅក្នុងតំបន់ការពារសត្វព្រៃវឿនសៀនស្ថិតក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ដើម្បីបរបាញ់សត្វព្រៃ និងឆក់ត្រីយកមកលក់។
ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានកាំភ្លើង៥ដើម ក្នុងនោះមានកាំភ្លើងអាកាពិតចំនួន៣ដើម និង កាំភ្លើងវែងកែច្នៃ២ដើម ព្រមទាំង ប្រដាប់ឆក់ត្រី២ អាគុយ១ និងគោយន្ត១គ្រឿងផងដែរ។
ក្នុងករណីខាងលើនេះប៉ូលិសបានកសាងសំណុំរឿងនិងជនសង្ស័យទៅតុលាការ ចាត់ការតាមច្បាប់នាថ្ងៃនេះ៕
