Index

លោក Jose Mourinho បដិសេធក្រុម Real Madrid ពីព្រោះគាត់កំពុងរង់ចាំការងារថ្មីនៅ Old Trafford

    អតីត​គ្រូបង្វឹក​ក្រុម Chelsea លោក Jose Mourinho ត្រូវបាន​គេ​រាយការណ៍​មក​ថា លោក​បាន​ច្រានចោល​ឱកាស​ត្រឡប់​ទៅ​ក្រុម Real Madrid ពីព្រោះ​គាត់​មាន​ចេតនា​ដើម្បី​ក្លាយជា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United​។​
   គ្រូបង្វឹក​វ័យ ៥២ ឆ្នាំ​រូបនេះ ត្រូវបាន​ក្រុម​តោ​ខៀវ​បណ្តេញ​ចេញពី​ការងារ​កាលពី​ខែធ្នូ ឆ្នាំ ២០១៥ បន្ទាប់ពី​ចាប់ផ្តើម​រដូវ​កាល​ចំនួន ១៦ ប្រកួត ក្នុងនោះ​ទើបតែ​ឈ្នះ​បួន​ប្រកួត​ប៉ុណ្ណោះ​។​
    ជាមួយនឹង​លោកគ្រូ​បង្វឹក Louis van Gaal ដែល​មិនដែល​ឈ្នះ​សោះ​ក្នុងជំនួប​ប្រាំបី​ប្រកួត​ចុងក្រោយ លោក Mourinho ត្រូវបាន​គេ​រំពឹងថា នឹង​ជំនួស​កន្លែង​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​នៅ Old Trafford​។​
     យ៉ាងណាក៏ដោយ ម្ចាស់​ក្លឹប Real Madrid លោក Florentino Perez ចាប់អារម្មណ៍​ក្នុង​ការនាំ​លោក Mourinho មក​ទឹកដី Bernabeu មកវិញ​ជា​លើក​ទី​ពីរ ដោយសារ​សម្ពាធ​កំពុង​កើន​ឡើងលើ​លោក Rafael Benitez​។​
   ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន Sport របស់​អេ​ស្ប៉ា​ញ លោក Jose Mourinho បាន​ច្រានចោល​នូវ​ឱកាស​ដើម្បី​ជំនួស​កន្លែង​លោក Rafael Benitez ពីព្រោះ​រូបគាត់​កំពុង​រង់ចាំ​ការហៅ​របស់​ក្លឹប​បិសាច​ក្រហម​៕​

មតិយោបល់