1

រដ្ឋមន្ត្រីក្រសួង​អប់រំ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុ​ជាមុន​ចេញទៅ​ប្រកួត​អូឡាំពិក​ហ្គេម​នៅ​ប្រេ​ស៊ី​ល​

    ​គណៈប្រតិភូ​កីឡា​លើ​៤​ប្រភេទ​កីឡា ទទួលបាន​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ មុនពេល​ដែល ពួកគេ​នឹងត្រូវ​ទៅ​ចូល​រូ​ម​បំពេញ​បេស​សកម្ម​ដ៏​ធំ​មួយ នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង រី​យ៉ូ ប្រទេស ប្រេ​ស៊ី​ល នា​ដើមខែ​សីហា ខាងមុខនេះ​។​

​    ​ថ្លែង​នៅក្នុង​ពិធី​ជួបជុំ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នៅ​ទីស្តីការក្រសួង​អប់រំ​, ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់ ដោយ​សូមឱ្យ កីឡាករ កីឡាការិនី ត្រូវ​គិតគូរ​ពី​សុខភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ពិសេស​ត្រូវខិតខំ​ប្រឹង​ប្រែង​ដណ្តើម​ជ័យលាភី​សម្រាប់​ខ្លួនឯង ជួយ​លើកមុខ​លើក​មាត់​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ​។ ឯកឧត្តម​បន្ថែមថា សម្រាប់​កីឡា​អូឡាំពិក​នាពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាច្រើន សម្រាប់​ការចំណាយ​លើ​ការហូបចុក​ស្នាក់នៅ ប្រាក់​លើកទឹកចិត្ត សម្រាប់​បេស​សកម្ម ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​កីឡា​កាន់តែ​ល្អប្រសើរ​។​

​    ​ឯកឧត្តម វាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា​បាន​មានប្រសាសន៍​ដែរ​ថា ប្រតិភូ​ទាំង​៤​ប្រភេទ​កីឡា​របស់​កម្ពុជា ដែល​គ្រោង​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​រី​យ៉ូ ប្រទេស ប្រេ​ស៊ី​ល​នោះ គឺ​ត្រូវ​ចេញដំណើរ​នៅ​ដើមខែ​សីហា​ខាងមុខនេះ​តែម្តង ដោយនៅ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​នឹងមាន​ប្រារព្ធ​ពិធី​ជូន​ដំណើរ និង​លើកទឹកចិត្ត​ដ៏​ធំ​មួយ​ដល់​អត្ត​ព​លិ​ក​របស់ខ្លួន ដូច​កាលពី​ព្រឹត្តិការណ៍ កីឡា​អូឡាំពិក​ហ្គេម​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស កាលពី​ឆ្នាំ ២០១២ កន្លងទៅ​ដែរ​។​

​    ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង នា​ថ្ងៃទី ៥​សីហា​ដល់​ថ្ងៃទី​២១ ខែសីហា ខាងមុខនេះ​។ ដោយឡែក​កម្ពុជា​បាន​ត្រៀម​អត្ត​ព​លិ​ក​ចំនួន​៦​រូប លើ​៤​ប្រភេទ​កីឡា​គឺ​កីឡាអត្តពលកម្ម​,​ហែល​ទឹក​, ចំបាប់​, តេ​ក្វាន់​ដូ ដែល​កីឡាករ កីឡាការិនី​កម្ពុជា​ម្នាក់ៗ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ទាំង​ការហ្វឹកហាត់ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដើម្បី​ឈានទៅ​ដណ្តើម មេដាយ​មក​ជូន​ជាតិ​មាតុភូមិ​របស់ខ្លួន​៕

មតិយោបល់