adverise with khmeread 1

ថាក់ស៊ីន​បន្ទោស "​ព្រេងវាសនា​" នៅ​ថ្ងៃ​ខួបកំណើត​ទី ៦៧ ខណៈ​ប្អូនស្រី យី​ង​ឡាក់ ច្រៀង​បទ​ទួញ​សោក​បង្ហោះ​លើ Facebook

    ​អតីត​នាយករដ្ឋមន្ត្រី​និរទេស​ខ្លួន ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​និយាយ​នៅ​ថ្ងៃ​ខួបកំណើត​ទី ៦៧ របស់ខ្លួន​កាលពី​ថ្ងៃ​អង្គា​រថា ព្រេងវាសនា​ពិតជា "​ឃោរឃៅ​" ចំពោះ​លោក​ខ្លាំងណាស់ ខណៈ​លោកស្រី​យី​ង​ឡាក់​បានបង្ហាញ​ការ​ទួញ​សោក​អំពី​ការលំបាក​វេទនា ដែល​បំបែក​អ្នក​ទាំងពីរ​ក្នុង​វីដេអូ​បទ​ចម្រៀង​មួយ​បទ​ផ្ញើ​ទៅ​បងប្រុស​សម្រាប់​ជា​កាដូ​ថ្ងៃកំណើត​។ 

​      លោក​ថាក់ស៊ីន​បាន​និយាយ​ដូច្នេះ បន្ទាប់ពី​បាន​មើល​វីដេអូ​ចម្រៀង​បង្ហោះ​លើ​ទំព័រ Facebook របស់លោក​ស្រី​យី​ង​ឡាក់​។ ក្នុង​រូបភាព គេ​ឃើញ​លោក​ថាក់ស៊ីន​កំពុង​មើល​វីដេអូ​បទ​ចម្រៀង​នេះ​ជាមួយ​ប្អូនស្រី​ពៅ ឈ្មោះ ផែ​ថោង​តាន (Paethongtarn) នៅ​លំនៅដ្ឋាន​ខ្លួន​ក្នុង​ទីក្រុង​ឡុង​ដ៍​។ ព្រឹត្តិការណ៍​ខួបកំណើត​នេះ​បាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​ផែ​ថោង​តាន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។ 

​    ​លោក​ថាក់ស៊ីន​បាន​និយាយថា "​បង​ស្រឡាញ់​ប្អូនស្រី​ខ្លាំងណាស់​។ អ្វីៗ​គឺ​ដោយសារ​ព្រេងវាសនា​...​ជីវិត​មនុស្ស​ទាំងអស់​សុទ្ធតែ​ត្រូវបាន​កំណត់ដោយ​ព្រេងវាសនា​រួច​អស់ហើយៗ​ក្នុង​ពេលនេះ មនុស្ស​មានតែ​ត្រូវ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​តែប៉ុណ្ណោះ​...​ខ្ញុំ​ដឹងថា​ព្រេងវាសនា​របស់ខ្ញុំ​ជា​រឿង​ដែល​ខ្ញុំ​គួរ​មាន​មោទនភាព ប៉ុន្តែ​វា​ពិតជា​ឃោរឃៅ​ខ្លាំងណាស់​។ យើង​ត្រូវតែ​អត់ធ្មត់​និង​ទទួលយក​វា​...​យើង​មិនអាច​ទន់ខ្សោយ​បានទេ ព្រោះ​មនុស្ស​ជាច្រើន​កំពុង​រង់ចាំ​យើង និង​គាំទ្រ​យើង​"​។ 

​    ​លោក​បាន​ថ្លែងអំណរគុណ​ប្រជាជន​ថៃ​ទាំងអស់​ដែល​បាន​ជូនពរ​ថ្ងៃកំណើត​លោក និង​បាន​និយាយថា លោក​មាន​ភាព​ជឿជាក់ថា លទ្ធិប្រជាធិបតេយ្យ​នឹង​ស្តារឡើងវិញ​ក្នុងប្រទេស​ថៃ​ឆាប់ៗ​នេះ​៕

​ប្រភព​៖ បាងកក​ប៉ុស្តិ៍

adverise with khmeread

មតិយោបល់