Feature image

ចង់ឱ្យ​ធ្មេញ​ស​តាមបែប​ធម្មជាតិ​ក្នុង​រយៈពេល ១០ នាទី​មានអី​ពិបាក​!

​    ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​គ្រឿងសម្អាង​បច្ចុប្បន្ន បញ្ហា​ធ្មេញ​ស និង​សក់​ក្រាស​ខ្មៅ​រលោង​គឺជា​រឿង​អាទិភាព​ដែល​គេ​គិតគូរ​ជាង​បំផុត​។ រៀងរាល់ឆ្នាំ ប្រជាជន​អាមេរិក​បាន​ចំណាយលុយ​ជាង ១,៤ ពាន់​លាន​ដុល្លារ​សម្រាប់​ផលិតផល​ធ្វើឱ្យ​ធ្មេញ​ស​។ ប៉ុន្តែ​ផលប៉ះពាល់​គឺថា​ធ្មេញ​ចាប់ផ្តើម​ស្រៀវ​បន្ទាប់ពី​ប្រើ​ផលិតផល​ទាំងនោះ​។ ដំណឹង​ល្អ​គឺថា​មាន​ជម្រើស​បែប​ធម្មជាតិ​ដើម្បីឱ្យ​ទទួលបាន​ធ្មេញ​សបាន​ដូចគ្នា​ដោយ​មិនចាំបាច់​ប្រើ​ផលិតផល​ថ្លៃៗ​នោះទេ​។

​    ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​អំពី​របៀប​ធ្វើឱ្យ​ធ្មេញ​ស​តាមបែប​ធម្មជាតិ​នៅផ្ទះ​របស់លោក​អ្នក​៖

* លាយ​ម្សៅ​មេនំ​ប៉័ង (BAKING SODA) និង ទឹកក្រូច​ឆ្មា​ចូលគ្នា​ឲ្យ​ខាប់ៗ
​    ​ម្សៅ​មេនំ​ប៉័ង (Baking soda) ឬ​ហៅថា សូ​ដ្យូ​ម​ប៊ី​កាបូ​ណាត​គឺជា​វត្ថុ​ធាតុ​ជួយ​ដុសខាត់​ឱ្យ​រលោង​ដ៏​មាន​ប្រសិទ្ធភាព​មួយ​។ ដោយ​គ្រាន់តែ​យក​ម្សៅ​មេនំ​ប៉័ង​មក​ត្រដុស​លើ​ធ្មេញ ក៏​នឹង​ជួយ​បំបាត់ចោល​នូវ​កំណក​លឿង​លើ​ធ្មេញ​បាន​ភ្លាម​ដែរ​។ ហើយ​ប្រសិនបើ​អ្នក​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អាស៊ីត​ច្រើន ម្សៅ​មេនំ​ប៉័ង​ក៏​នឹង​ជួយ​រក្សា​តុល្យភាព​សមាសធាតុ​គីមី​នៅលើ​ធ្មេញ​របស់​អ្នក​បាន​ផងដែរ ដោយសារ​ម្សៅ​មេនំ​ប៉័ង​ជា​ប្រភេទ​អាស៊ី​តបាស​ស្រាប់​។ ទឹកក្រូច​ឆ្មា​គឺជា​ឱសថ​ធ្វើឱ្យ​ធ្មេញ​ស​ពី​ធម្មជាតិ ហើយ​អ្នក​អាច​ប្រើ​វា​មាន​ប្រសិទ្ធភាព​ដោយ​លាយ​ជាមួយ​ម្សៅ​មេនំ​ប៉័ង​តាម​វិធី​ដូចខាងក្រោម​៖
​    ​អ្នកនឹង​ត្រូវការ​៖
​    ​- ម្សៅ​មេនំ​ប៉័ង ១ ស្លាបព្រា​
​    ​- ទឹកក្រូច​ឆ្មា ឬ​ទឹក​ធម្មតា​ក្នុង​បរិមាណ​ល្មម​ដើម្បី​បង្កើតជា​របស់​ខាប់ៗ​
​    ​- ច្រាស​ដុសធ្មេញ​មួយ​
​    ​លាយ​ម្សៅ​មេនំ​ប៉័ង​ឱ្យ​សព្វ​ជាមួយ​ទឹកក្រូច​ឆ្មា​រហូតដល់​វា​ខាប់​។ យក​ក្រដាសអនាម័យ​ជូត​ធ្មេញ​ឱ្យ​ស្ងួត​។ បន្ទាប់មក​យក​ទឹក​ខាប់ៗ​នោះមក​ដុស​លើ​ធ្មេញ រួច​ទុកចោល ១ នាទី សឹម​លាង​ទឹក​សម្អាត​ចេញ​វិញ​។ ប្រសិនបើ​អ្នកយក​ទឹក​ធម្មតា​មក​លាយ​ជាមួយ​ម្សៅ​មេនំ​ប៉័ង អ្នក​ត្រូវ​ទុក​ដុសធ្មេញ​ជាមួយ​ទឹក​ខាប់ៗ​នោះ​រយៈពេល ៣ នាទី​។

* ដុសធ្មេញ​ជាមួយនឹង​ស្ត្រ​បឺ​រី អំបិល និង ម្សៅ​មេនំ​ប៉័ង​លាយ​ជាមួយគ្នា​
​    ​ស្ត្រ​បឺ​រី​សម្បូរ​ដោយ​វីតាមីន C ដែល​ជួយ​កម្ចាត់​ចេញ​នូវ​កំណក​បាក់តេរី​ដែល​ធ្វើឱ្យ​ធ្មេញ​លឿង​។ ស្ត្រ​បឺ​រី​ក៏មាន​អាស៊ីត​ម៉ាលី​ក (Malic Acid) ផងដែរ ដែល​វា​ជា​ប្រភេទ​អង់ស៊ីម​ជួយ​សម្អាត​កម្ទេចកម្ទី​ជាប់​ធ្មេញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ អំបិល​លាយ​ប៉ិៗ​នៅក្នុង​ស្ត្រ​បឺ​រី​ក៏​ដើរតួ​ជា​អ្នក​ខាត់​ធ្មេញ​ឱ្យ​រលោង និង​កម្ចាត់​ចោល​កំណក​លឿងៗ​ផងដែរ​។ លោកអ្នក​អាច​បន្ថែម​ម្សៅ​មេនំ​ប៉័ង ឬ​មិន​បន្ថែម​ក៏បាន អាស្រ័យ​លើ​ចិត្ត​ចង់​របស់​លោកអ្នក​ប៉ុណ្ណោះ​។
​    ​អ្នកនឹង​ត្រូវការ​៖
​    ​- ផ្លែ​ស្ត្រ​បឺ​រី​ធំៗ​ចំនួន ១ ទៅ ៣ ផ្លែ​
​    ​- អំបិល​មួយ​ចឹប​
​    ​- ម្សៅ​មេនំ​ប៉័ង​កន្លះ​ស្លាបព្រា​តែ (​អាចដាក់​ក៏បាន មិន​ដាក់​ក៏បាន​)
​    ​កិន​ស្ត្រ​បឺ​រី​ឱ្យ​ម៉ដ្ត ដាក់​អំបិល​មួយ​ចឹប និង​ម្សៅ​មេនំ​ប៉័ង​កន្លះ​ស្លាប​តែ (​ប្រសិនបើ​អ្នក​ចង់​ដាក់​)​។ បន្ទាប់ពី​យក​ក្រដាសអនាម័យ​ជូត​ធ្មេញ​ឱ្យ​ស្ងួត​ហើយ​នោះ ត្រូវយក​ស្ត្រ​បឺ​រី​ដែល​លាយ​ខាប់ៗ​ជាមួយ​អំបិល​និង​ម្សៅ​មេនំ​ប៉័ង​មក​ដុស​លើ​ធ្មេញ​ដោយ​ប្រើ​ច្រាស​ដុសធ្មេញ​។ រួច​ទុកចោល ៥ នាទី សឹម​លាង​សម្អាត​ចេញ​។ ធ្វើបែបនេះ​រៀងរាល់​យប់​។

* ខ្ព​ល់​សម្អាត​ធ្មេញ​ជាមួយនឹង​ប្រេងដូង​
​    ​ស្តាប់ទៅ​ដូចជា​មិន​ទំនង​ទេ ប៉ុន្តែ​ការ​ខ្ព​ល់​មាត់​សម្អាត​ជាមួយ​ប្រេងដូង​គឺជា​ឱសថ​ព្យាបាល​ដ៏​ពិសេស និង​មាន​វ័យ​ចំណាស់​ជា​យូរ​មកហើយ ដែល​ចាស់ៗ​តែង​និយាយថា​មាន​ប្រសិទ្ធភាព​ណាស់​។ អាស៊ីត​លួ​រីក​ក្នុង​ប្រេងដូង​អាច​កម្ចាត់​បាក់តេរី​ចេញពី​ធ្មេញ​បាន​។ វា​ក៏​ជួយ​ឱ្យ​អញ្ចាញធ្មេញ​មាន​សុខភាព​ល្អ និង​ជួយ​ឱ្យ​ក្លិន​ដង្ហើម​ស្រស់ថ្លា​ផងដែរ​។
​    ​អ្នកនឹង​ត្រូវការ​៖
​    ​- ប្រេងដូង​ប្រហែល​មួយ​ស្លាបព្រា​បាយ​
​    ​មុនពេល​អ្នក​ដុសធ្មេញ​ពេលព្រឹក ត្រូវ​ដួស​ប្រេងដូង​មួយ​ស្លាបព្រា ឬ​តិចជាង​នេះ​បន្តិច​ក៏បាន​។ ខ្ព​ល់វា​ក្នុង​មាត់​ប្រហែល ១០ ទៅ ១៥ នាទី​បន្ទាប់មក​សឹម​សម្អាត​វា​ជាមួយ​ទឹក ដោយ​ប្រើ​ច្រាស​ដុសធ្មេញ​៕

​វីដេអូ​៖

 

មតិយោបល់