ប៉ៃលិន ៖ យុវជនម្នាក់ត្រូវបានប៉ូលិសស្រុកសាលាក្រៅចាប់ខ្លួនកាលថ្ងៃទី៣០ ខែធ្នូ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតខណ:ពេលប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅចំណុច រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បន្ទាប់មកចាប់ខ្លួនបក្ខពួក២នាក់ទៀតប្រើគ្រឿងញៀន ។
ប៉ូលិសស្រុកសាលាក្រៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យួន ធីម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទូល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ទេស ឡុង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពីបានធ្វើការសាកសួរនិងស្ដាប់ចម្លើយរួចមកប៉ូលិសយល់ឃើញថាជនសង្ស័យនេះបានប្រើប្រាស់គ្រឿងញៀនជាមួយពួកម៉ាក់របស់ខ្លួនដែលមានគ្នាចំនួនពីរនាក់ទៀតមុននឹងប៉ុនប៉ងលួចខាងលើនេះ ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នោះទៀត ដែលពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនទីមួយឈ្មោះ រឿម អិន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទីពីរឈ្មោះ ហង្ស សារ៉ន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ខុប្បន្នជនសង្ស័យបានបញ្ជូនទៅស្នងការដ្ឋានប៉ូលិសខេត្តប៉ៃលិនដើម្បីចាត់ការបន្ត៕
