1

Mane ពន្យល់​ពី​មូលហេតុ​បដិសេធ Man U មក​ចូលរួម​ជាមួយ Liverpool! ស្តាប់​ហើយ​ប្រិយមិត្ត​ហង្ស​ក្រហម​ថ្លើម​រីក​មួយ​រំពេច​

    ​Sadio Mane បាន​បង្ហើប​ថា​គាត់​បាន​បដិសេធ​ជាមួយ​បិសាច​ក្រហម Manchester United មុនពេល​គាត់​បានបញ្ចប់​កិច្ចព្រមព្រៀង​តម្លៃ ៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លារ​) ផ្ទេរ​មកកាន់​ក្រុម​ហង្ស​ក្រហម Liverpool ។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​ធ្លាប់​ទទួលបាន​សំណើ​មួយ​ពី​បិសាច​ក្រហម ពេលដែល​គាត់​កំពុង​ពិចារណា​ជម្រើស​របស់គាត់ បន្ទាប់ពី​បានសម្រេច​ចិត្ត​ចាក​ចេញពី Southampton កាលពី​ខែ​មុន​។

​    ​ទោះជា​យ៉ាងណា វត្តមាន​របស់ Jurgen Klopp នៅ​ទឹកដី Anfield បាន​ជួយ​បញ្ចុះបញ្ចូល Mane ឱ្យ​គិតថា Liverpool គឺ​ពិតជា​កន្លែង​ដ៏​ត្រឹមត្រូវ​សម្រាប់​គាត់​ដែល​អាចមាន​ភាព​រីកចម្រើន​ទៅមុខ​ក្នុង​អាជីព​របស់ខ្លួន​។​

​    ​ពេល​ត្រូវបាន​សួរថា​តើ Jose Mourinho ចាប់អារម្មណ៍​លើ​ខ្លួន ជាការ​ពិត​ឬ​អត់ Mane បាន​បញ្ជាក់ថា "​បាទ វា​ជា​ការពិត​។ មាន​ចំណាប់អារម្មណ៍​ពី​ក្លឹប​ជាច្រើន មិន​ត្រឹមតែ Manchester United ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខណៈដែល​ខ្ញុំ​ដឹងថា Liverpool បានបង្ហាញ​ចំណាប់អារម្មណ៍ ខ្ញុំ​គ្រាន់​តែមាន​អារម្មណ៍​ថា​នោះ​ពិតជា​ក្លឹប​មួយ ជាមួយនឹង​គ្រូបង្វឹក​ដ៏​ស័ក្តិសម​។ វា​ពិតជា​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ដែល​មក​ទីនេះ​"​។​

​    ​វា​ជា​ដំណើរ​មួយ​ទៅកាន់​ទឹកដី Anfield សម្រាប់​កីឡាករ​អាហ្វ្រិក​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​។​

​    ​Mane បាន​ធំ​ឡើង​នៅក្នុង​ភូមិតូច​មួយ​ក្បែរ​តំបន់​ដាច់ស្រយាល Sedhiou នៅ​ភាគខាងត្បូង​នៃ​ប្រទេស​សេ​ណេ​ហ្គា​ល់​។​

​    ​បាល់ទាត់​បានក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​ជីវិត​របស់គាត់ ហើយ​នៅ​អាយុ ១៣​ឆ្នាំ​គាត់​បាន​ទស្សនា និង​ស្ញប់ស្ញែង​ក្នុង​ចិត្ត ពេល​ហង្ស​ក្រហម​ឈ្នះ​ពាន  Champions League ឆ្នាំ​២០០៥ ក្នុងជំនួប​ជាមួយ AC Milan ក្នុង​លទ្ធផល​អព្ភូតហេតុ​មួយ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​។​

​    ​Mane បានបញ្ជាក់​ពី​ក្តី​សុបិន​របស់គាត់​ថា "​ខ្ញុំ​គឺជា​ប្រិយមិត្ត Barcelona ម្នាក់​។ កីឡាករ​សំណព្វ​របស់ខ្ញុំ​គឺជា Ronaldinho​។ ប៉ុន្តែ​ខ្ញុំ​បាន​ទស្សនា​បាល់ទាត់​អង់គ្លេស​ច្រើន និង​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ទៅលើ​ក្រុមបាល់ទាត់​អង់គ្លេស​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ការប្រកួត​មួយ​ដែល​ពិតជា​បាន​ឆក់​ចិត្ត​ខ្ញុំ​គឺ Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង AC Milan​។ ខ្ញុំ​គិត​អំពី​ការប្រកួត​មួយ​នោះ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាន​ចុះហត្ថលេខា​សម្រាប់ Liverpool​។ វា​គឺជា​ការប្រកួត​ដ៏​ល្បីល្បាញ ហើយ​ការប្រកួត​នោះបាន​ឆក់យក​ចិត្ត​អ្នកគាំទ្រ​សឹងតែ​គ្រប់រូប​ក្នុង​ទ្វីបអាហ្វ្រិក​នៅពេលនោះ​"៕

ប្រភព៖ Liverpoolecho

 

មតិយោបល់