កណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង១ និង៣០នាទីនៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពីបទលួចផ្លែចេក។
ប៉ូលិសនិយាយថា ជនល្មើស២ នាក់គឺ១-ឈ្មោះ ណាវ វណ្ណាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) និង២-ឈ្មោះ រត្ន័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរពុំពិតប្រាកដ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ (គេចខ្លួន)។
វត្ថុតាងដកហូត១.ចេក ១៨ ស្និត, ២.កូនកាំបិត ដងពណ៌ក្រហមមួយ, ៣.បាវ ច្រកចេក ០១, និង៤.ម៉ូតូ ០១ គ្រឿង ម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច ស្លាកលេខភ.ព១-ផ ៤៧៥៤។
ប៉ូលិសបន្តថា នៅថ្ងៃ ខែ ឆ្នាំខាងលើ ជនល្មើសឈ្មោះ រ័ត្ន បានលួចកាប់ចេក ប្រជាពលរដ្ឋក្នុងភូមិ បន្ទាប់មកបានយកចេកទាំងនោះច្រកបាវជិះម៉ូតូ មកបបួល ឈ្មោះ ណាវ វណ្ណាក់ ដែលកំពុងដេកនៅផ្ទះ ដើម្បីយកចេកទៅលក់ ពេលនោះឈ្មោះ ណាវ វណ្ណាក់ ក៏បានឡើងជិះម៉ូតូ ឌុប ឈ្មោះ រ័ត្ន យកចេកទៅលក់។
ដោយមានការសង្ស័យ ប្រជាការពារភូមិរទាំងត្បូង ក៏ជិះម៉ូតូដេញតាមខណៈនោះឈ្មោះ រ័ត្ន បានលោតចុះពីលើម៉ូតូ រត់គេចខ្លួនបាត់ នៅសល់ឈ្មោះ ណាវ វណ្ណាក់ ក៏បានឃាត់ខ្លួនមកប្រគល់ឱ្យប៉ុស្តិ៍ ដើម្បីសួរនាំនិងបញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕
