adverise with khmeread 2711391 big lnd

កម្ពុជា​បាត់​តួឯក​២​នាក់​សម្រាប់​ជំនួប​មិត្តភាព​ជាមួយ​សិង្ហ​បុរី​ថ្ងៃស្អែក​នេះ​

​    ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារពត៌មាន​រួមគ្នា​មួយ កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​នៅ​ណាហ្គា​វើ​ល​ស្តីពី​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ វេលា​ម៉ោង ៦​និង​៣០​នាទី​។​

​    ​លោក Lee TaeHoon គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជាមាន​ប្រសាសន៍ថា សម្រាប់​ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ នឹង​មិនមាន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ចាន់ វឌ្ឍនាកា​នោះឡើយ ដោយ​កីឡាករ​ដ៏​សំខាន់​ទាំងពីរ​រូបនេះ​កំពុង​រងរបួស​។​


 
​    ​លោក​បន្ថែមថា ថ្វីត្បិតតែ​ការប្រកួត​នេះ​ជា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ ប៉ុន្តែ​លោក​និង​កូនក្រុម​របស់លោក​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ស្វែងរក​ជ័យជម្នះ​ដ៏​ល្អ​មួយ សម្រាប់​ប្រិយមិត្ត​អ្នកគាំទ្រ​របស់ខ្លួន​ជាពិសេស​គឺ​ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស និង​បទពិសោធន៍ នៅលើ​ទីលាន​ប្រកួត​ឱ្យ​កាន់​ប្រសើរឡើង​បន្ថែមទៀត​។ លោក​បន្ថែមថា បច្ចុប្បន្ននេះ​នៅ​ប្រទេស​កម្ពុជា​សម្បូរ​កីឡាករ​លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ និង​ខ្សែបម្រើ​ប៉ុន្តែ​មិនសូវ​សម្បូរ​អ្នកលេង​ក្នុង​តំណែង​ខ្សែការពារ​ឡើយ​។ ដូច្នេះហើយ​ទើបបានជា​លោក​បាន​កោះហៅ​កីឡាករ​ថ្មីៗ​មួយចំនួន​ឱ្យចូល​ជម្រើសជាតិ សម្រាប់​ការប្រកួត​លើក​នេះ​។ គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា​រូបនេះ អះអាងថា លោក​សង្កេតឃើញថា ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​កម្ពុជា ក្លឹប​នានា​មិនសូវ​ដាក់​កីឡាករ វ័យក្មេង​ច្រើន​ទេ ប៉ុន្តែ​កីឡាករ​វ័យក្មេង​មួយចំនួន​នោះ​មាន​សក្តានុពល​ខ្ពស់ៗ ហើយ​លោក​នឹង​ជ្រើសរើស​ពួកគេ ដើម្បី​ឱ្យចូល​មកលេង​ក្នុង​ក្រុម​ជម្រើសជាតិ ដើម្បី​ផ្តល់​ការហ្វឹកហាត់​បន្ថែម ជាមួយនឹង​ការ​ផ្តល់ឱកាស​ឱ្យ​គាត់​បានបង្ហាញ​សមត្ថភាព​ផងដែរ​។​

​    ​ចំណែកឯ​លោក Varadaraju Sundramoorthy គ្រូបង្វឹក​ជម្រើសជាតិ​សឹង្ហ​បុរី ថ្លែង​បញ្ជាក់ដែរថា ក្រុម​របស់លោក​ក៏​នឹងត្រូវ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដូចគ្នា​ផងដែរ ដើម្បី​ធ្វើឱ្យ​ការប្រកួត​មួយ​នេះ​ទទួលបាន​នូវ​ជ័យជម្នះ និង​ទទួលបាន​នូវ​កម្រិត​បច្ចេកទេស​ដ៏​ល្អ​មួយ​សម្រាប់​ការត្រៀម​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup រដូវ​កាល ២០១៦ នា​ចុង​ឆ្នាំនេះ​។​

​    ​សូម​រំលឹកថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ពុំទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​សឹង្ហ​បុរី​ទេ​គិត​ចាប់តាំងពី​ឆ្នាំ ២០០៥​មក សម្រាប់​ប្រវត្តិ​ជំនួប​ផ្លូវការ​៦​ដង ដោយ​សឹង្ហ​បុរី​ឈ្នះ​ទាំង​៦​ដង ដោយ​ស៊ុត​ប​ញ្ជូ​ល​ទី​លើ​ក្រុម​កម្ពុជា បាន​១៨​គ្រាប់ ហើយ​របូត​តែ​៣​គ្រាប់​ប៉ុណ្ណោះ​។​

​    ​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup រដូវ​កាល ២០១៦​នេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​វគ្គ​ជម្រុះ​បឋម នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥​ដល់​ថ្ងៃទី​២១ តុលា ដែលមាន​៤​ប្រទេស រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា​, ឡាវ ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត ដោយ​យកតែ​១​ក្រុម​ប៉ុណ្ណោះ​ឡើងទៅ​ប្រកួត​បន្ត​នៅ​ជុំ​ចែក​ពូ​ល​ជាមួយ​ក្រុម​ថៃ​, វៀតណាម​,​ម៉ាឡេស៊ី​, ហ្វីលីពីន​, ឥណ្ឌូណេស៊ី​, មី​យ៉ាន់​ម៉ា និង​សិង្ហ​បុរី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់