adverise with khmeread 1

អ្នក​គួរ​អាន​អត្ថបទ​នេះ ទោះ​មិនទាន់​រៀបការ​ក៏ដោយ​!!!

    ​នៅពេលដែល​ខ្ញុំ​ទៅដល់​ផ្ទះ​នៅ​យប់​មួយ​ស្របពេល​ប្រពន្ធ​របស់ខ្ញុំ​រៀបចំ​អាហារ​ពេល​ល្ងាច ខ្ញុំ​បាន​កាន់​ដៃ​នាង​និង​និយាយប្រាប់​នាង​ថា "​បង​មានរឿង​មួយ​ចង់​ប្រា​ប់អូន​"​។ នាង​អង្គុយ​ចុះ​ហើយ​ញ៉ាំ​អាហារ​យ៉ាង​ស្រងូតស្រងាត់ ហើយ​នៅពេលនោះ​ខ្ញុំ​បាន​សង្កេត​ភាពឈឺចាប់​ក្នុង​កែវភ្នែក​របស់​នាង​។​

​    ​រំពេច​នោះ ខ្ញុំ​មិនដឹងថា​តើ​គួរ​ហើបមាត់​និយាយ​ដូចម្តេច​នោះទេ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ឱ្យ​នាង​ដឹង​ពីអ្វី​ដែល​ខ្ញុំ​កំពុង​គិត​។ ខ្ញុំ​ចង់​លែងលះ​។ ខ្ញុំ​បាន​លើក​រឿងនេះ​មក​និយាយ​យ៉ាង​ស្ងៀមស្ងាត់​។ នៅពេលនោះ​នាង​មិនមាន​ប្រតិកម្ម​ខ្លាំង​នោះទេ ផ្ទុយទៅវិញ​នាង​បាន​សួរ​ខ្ញុំ​ក្នុង​សម្តី​ថ្នមៗ​បែប​អស់​សង្ឃឹមថា "​ហេតុអ្វី​?"​។​

​    ​ខ្ញុំ​មិន​ឆ្លើយ​សំណួរ​របស់​នាង​ទេ ជាហេតុ​ធ្វើឱ្យ​នាង​ខឹង​យ៉ាងខ្លាំង​។ នាង​បាន​គប់​សម​ចោល​ទៅ​ដី​និង​ស្រែក​ដាក់​ខ្ញុំ​ថា "​បង​មិនមែនជា​មនុស្ស​ប្រុស​ទេ​"​។ នៅ​យប់នោះ យើង​មិនបាន​និយាយ​រកគ្នា​ឡើយ ហើយ​នាង​បាន​ត្រ​ហូ​រយំ​តែម្នាក់ឯង​។ ខ្ញុំ​ដឹងថា នាង​ចង់ដឹងថា​មានរឿង​អ្វី​បាន​កើតឡើង​ចំពោះ​អាពាហ៍ពិពាហ៍​របស់​យើង​។ ទោះយ៉ាងណា ខ្ញុំ​អាច​ផ្តល់នូវ​ចម្លើយ​ដ៏​ពិបាក​មួយ​យ៉ាង​ដូច្នេះ "​បេះដូង​បង​បានប្រគល់​ឱ្យទៅ​ជែ​ន​ហើយ បង​មិន​ស្រឡាញ់​អូន​ទៀត​ទេ បង​គ្រាន់តែ​អាណិត​អូន​ប៉ុណ្ណោះ​"​។​

​    ​ជាមួយ​អារម្មណ៍​ខុស​ដ៏​ធ្ងន់ធ្ងរ ខ្ញុំ​បាន​ព្រាង​កិច្ចព្រមព្រៀង​លែងលះ​ដែល​បាន​បញ្ជាក់ថា នាង​អាច​គ្រប់គ្រង​ផ្ទះ​របស់​យើង ឡាន​របស់​យើង និង​ភាគហ៊ុន ៣០ ភាគរយ​នៅ​ក្រុមហ៊ុន​របស់ខ្ញុំ​។ នាង​បាន​មើល​កិច្ចព្រមព្រៀង​នោះ​ហើយ​ហែក​វា​ចោល​។ នារី​ដែល​បាន​ចំណាយពេល​ជាមួយ​ខ្ញុំ​អស់ ១០ ឆ្នាំ​បាន​ក្លាយជា​មនុស្ស​រឹងប៉ឹង​មិន​ធ្លាប់​ជួប​ពីមុន​។ ខ្ញុំ​ពិតជា​អាណិត​នាង​ដែល​បាន​ចំណាយពេល​ឥតប្រយោជន៍ ធនធាន​និង​កម្លាំង​ប៉ុន្តែ​ខ្ញុំ​មិនអាច​លេបសម្តី "​បង​ស្រឡាញ់​ជែ​ន​" បានទេ​។ ដូច​ការរំពឹងទុករ​បស់​ខ្ញុំ​អ៊ីចឹង ទីបំផុត​នាង​បាន​យំ​យ៉ាងខ្លាំង​នៅ​ចំពោះមុខ​ខ្ញុំ​។ សម្រាប់​ខ្ញុំ ទឹកភ្នែក​របស់​នាង​គឺ​ដើម្បី​សម្រាល​ភាព​តានតឹង​ឱ្យ​ធូរ​ពី​ទ្រូង​ប៉ុណ្ណោះ​។ គំនិត​លែងលះ​នេះ​បាន​លងបន្លាច​ខ្ញុំ​អស់​ជាច្រើន​សប្តាហ៍​។​

​    ​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ត្រឡប់មកផ្ទះ​នៅ​យប់​ជ្រៅ​ហើយ​ខ្ញុំ​បានឃើញ​នាង​កំពុង​សរសេរ​លិខិត​អ្វីមួយ​នៅលើ​តុ​។ ខ្ញុំ​មិនបាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​សម្តៅទៅ​បន្ទប់ដេក ហើយ​ដេកលក់​តែម្តង​ព្រោះ​ខ្ញុំ​ពិតជា​អស់កម្លាំង​បន្ទាប់ពី​ចំណាយពេល​ដ៏​អស្ចារ្យ​នៅ​ជាមួយ​ជែ​ន​។ នៅពេល​ខ្ញុំ​ភ្ញាក់ឡើង នាង​នៅតែ​ស្ថិតនៅ​តុ​កំពុង​សរសេរ​លិខិត​ដដែល​។ ខ្ញុំ​មិន​ខ្វល់​អ្វី​ទាំងអស់ ក៏​ចេញទៅ​ធ្វើការ និង​ត្រឡប់មកផ្ទះ​វិញ​ដេក​ធ្វើ​មិនដឹង​។ នៅ​ព្រឹក​មួយ នាង​បានបង្ហាញ​លក្ខខណ្ឌ​លែងលះ​របស់​នាង​ដល់​ខ្ញុំ​។ នាង​មិន​ចង់បាន​អ្វី​ពី​ខ្ញុំ​នោះទេ ប៉ុន្តែ​នាង​ត្រូវការ​ពេលវេលា​មួយខែ​នៅ​ជាមួយ​ខ្ញុំ មុននឹង​លែងលះ​។ នាង​បាន​ស្នើសុំ ក្នុង​រយៈវេលា​មួយខែ យើង​ត្រូវតែ​នៅ​ជាមួយគ្នា​តាមតែ​អាចធ្វើ​បាន​។ ហេតុផល​របស់​នាង​គឺថា កូនប្រុស​របស់​ពួកយើង​នឹង​ប្រលង​ក្នុង​រយៈពេល​មួយខែ​ទៀត ហើយ​នាង​មិន​ចង់​រំខាន​អារម្មណ៍​កូន​ដោយសារ​ការបែកបាក់​គ្រួសារ​នោះឡើយ​។​

​    ​សំណើ​នេះ​គឺអាច​ទទួលយកបាន​ស​ម្រា​ប់​ខ្ញុំ ប៉ុន្តែ​នាង​មានកូន​សំណើ​មួយទៀត​។ នាង​ឱ្យ​ខ្ញុំ​រំលឹក​ថ្ងៃ​ដែល​ខ្ញុំ​បី​នាង​ចូល​បន្ទប់​កូនក្រមុំ​នៅ​ថ្ងៃ​រៀបការ​របស់​ពួកយើង​។ នាង​បាន​ស្នើឱ្យ​ខ្ញុំ​បី​នាង​ពី​គ្រែ​ដេក​ទៅ​ទ្វារ​ខាងមុខផ្ទះ​រៀងរាល់​ព្រឹក​ក្នុង​រយៈពេល​ពេញ​មួយខែ​។ ខ្ញុំ​គិតថា នាង​ប្រហែលជា​រន្ធត់ចិត្ត​រហូតដល់​ឆ្កួត​ហើយ ប៉ុន្តែ​ខ្ញុំ​បាន​ទទួលយក​សំណើ​របស់​នាង​ឥត​ប្រកែក​នោះទេ​។​

​    ​ខ្ញុំ​បាន​ប្រាប់​ជែ​ន​ពី​លក្ខខណ្ឌ​របស់​ប្រពន្ធ​ខ្ញុំ​។ នាង​បាន​សើច​ឮៗ​និង​គិតថា វា​មិន​សម​ទាល់តែសោះ​។ ជែ​ន​បាន​និយាយថា "​មិន​ថា​នាង​ប្រើល្បិច​យ៉ាងណាទេ នាង​នឹង​នៅតែ​លែងលះ​ដដែល​ហ្នឹង​"​។​

​    ​ប្រពន្ធ​របស់ខ្ញុំ​និង​ខ្ញុំ​មិនបាន​ប៉ះពាល់​ខ្លួនប្រាណ​គ្នា​ចាប់តាំងពី​ការលើកឡើង​ពី​ការ​លែងលះ​។ នៅពេលដែល​ខ្ញុំ​បី​នាង​នៅ​ថ្ងៃ​ដំបូង យើង​ទាំងពីរ​ដូចជា​ឆ្គងៗ​យ៉ាងម៉េច​ទេ ប៉ុន្តែ​កូនប្រុស​របស់​យើង​បាន​ទះដៃ​និង​និយាយ​ទាំង​រីករាយ​ថា "​មើល​ន៎​! ប៉ា​ប៉ា​បី​ម៉ាក់​ហើយ​"​។ ពាក្យសម្តី​របស់​កូនប្រុស​ខ្ញុំ​បានធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​យ៉ាងខ្លាំង​។ ពី​បន្ទប់ដេក​ទៅកាន់​បន្ទប់ទទួលភ្ញៀវ​និង​ទៅកាន់​ទ្វារ​ខាងមុខផ្ទះ ខ្ញុំ​បាន​ដើរ​ជាង ១០ ម៉ែត្រ​ជាមួយ​នាង​នៅក្នុង​ដៃ​របស់ខ្ញុំ​។ នាង​បាន​បិទ​ភ្នែក​របស់​នាង​និយាយ​ខ្សឹបៗ​ថា "​កុំ​ប្រាប់​កូនប្រុស​របស់​យើង​អំពី​រឿង​លែងលះ​"​។ ខ្ញុំ​បាន​ងក់ក្បាល​ហើយ​នៅពេលនោះ​ខ្ញុំ​ហាក់​មាន​អារម្មណ៍​ស្រណោះ​ណាស់​។ ខ្ញុំ​ដាក់​នាង​ចុះ​នៅ​ទ្វារ​ខាងក្រៅ​។ នាង​បាន​រង់ចាំ​រថយន្តក្រុង​ដើម្បី​ធ្វើដំណើរ​ទៅធ្វើ​ការ ហើយ​ខ្ញុំ​បានធ្វើ​ដំណើរ​ម្នាក់ឯង​ទៅ​ការិយាល័យ​។​

​    ​នៅ​ថ្ងៃទី​ពីរ យើង​ទាំងពីរ​ហាក់​មាន​អារម្មណ៍​លែង​សូវ​ឆ្គង​ជាមួយគ្នា​។ នាង​បាន​ផ្អែក​ក្បាល​លើ​ទ្រូង​ខ្ញុំ​។ ខ្ញុំ​អាច​ធុំក្លិន​ដ៏​ក្រអូប​របស់​នាង​។ បន្ទាប់មក ខ្ញុំ​បានដឹងខ្លួន​ថា ខ្ញុំ​មិនបាន​យកចិត្តទុកដាក់​ជាមួយ​នារី​ម្នាក់នេះ​ឱ្យបាន​ល្អ​អស់​រយៈពេល​ជា​យូរ​មកហើយ​។ ខ្ញុំ​បានដឹងថា នាង​មិនមែន​នៅ​ក្មេង​តទៅទៀត​នោះទេ​។ មាន​ស្នាម​ជ្រួញ​ជាច្រើន​នៅលើ​មុខ សក់​របស់​នាង​ក៏​ដុះ​ស្កូវ​ដែរ​។ អាពាហ៍ពិពាហ៍​របស់​យើង​បាន​ដាក់អំរែក​ដ៏​ធ្ងន់​លើ​ស្មា​នាង​។ មួយសន្ទុះ​ក្រោយមក ខ្ញុំ​ឆ្ងល់​ខ្លួនឯង​ថា​តើ​ខ្ញុំ​បានធ្វើ​អ្វី​ខុសឆ្គង​ចំពោះ​នាង​។​

​    ​នៅ​ថ្ងៃទី​បួន នៅពេលដែល​ខ្ញុំ​បី​នាង អារម្មណ៍​ស្និទ្ធស្នាល​ពីមុន​បាន​វិល​ត្រឡប់មកវិញ​។ នៅពេលនោះ​ខ្ញុំ​បានដឹងខ្លួន​ថា នារី​ម្នាក់នេះ​បានប្រគល់​ជីវិត​អស់ ១០ ឆ្នាំ​មកឱ្យ​ខ្ញុំ​។ នៅ​ថ្ងៃទី​ប្រាំ​និង​ប្រាំមួយ អារម្មណ៍​ស្និទ្ធស្នាល​របស់​ពួកយើង​បាន​កើតឡើង​ម្តងទៀត​។ ខ្ញុំ​មិនបាន​ប្រាប់​ជែ​ន​អំពី​រឿងនេះ​ទេ​។ ពេល​បី​យូរ​ទៅ​មាន​អារម្មណ៍​ថា​នាង​កាន់តែ​ស្រាល នោះ​ប្រហែល​មកពី​ខ្ញុំ​ហាត់ប្រាណ​រាល់ថ្ងៃ​ហើយ​ទើប​រាងកាយ​ខ្ញុំ​ខ្លាំងក្លា​។ 

​    ​នៅ​ព្រឹក​មួយ នាង​បានជ្រើសរើស​ឈុត​មួយ​មក​ស្លៀកពាក់​។ នាង​បាន​សាក​ឈុត​ពីរ​បី​ប៉ុន្តែ​មិនអាច​ស្វែងរក​ឈុត​ដែល​ពាក់​ត្រូវ​នឹង​នាង​នោះទេ​។ បន្ទាប់មក​នាង​បាន​ដកដង្ហើម​ធំ និង​បាន​និយាយថា "​ឈុត​របស់ខ្ញុំ​ទាំងអស់​បាន​រីក​មាឌ​អស់ហើយ​"​។ រំពេច​នោះ ខ្ញុំ​បានដឹងថា នាង​ធ្លាក់ខ្លួន​ស្គម នេះ​ប្រហែលជា​ហេតុផល​ដែល​ធ្វើឱ្យ​ខ្ញុំ​បី​នាង​យ៉ាង​ងាយ​។​

​    ​រំពេច​នោះ វា​បានធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​ឥត​គណនា​។ នាង​បាន​លាក់ទុក​ការឈឺចាប់​និង​ភាព​ល្វីង​ជូរចត់​នៅក្នុង​បេះដូង​របស់​នាង​យ៉ាងច្រើន​។ នៅពេលនោះ ខ្ញុំ​បាន​ទៅជិត​នាង​និង​បាន​ឱប​ក្បាល​របស់​នាង​។​

​    ​នៅពេល​នោះដែរ កូនប្រុស​របស់​យើង​បាន​ចូលក្នុង​បន្ទប់​និង​បាន​និយាយថា "​ប៉ា​ប៉ា​! ដល់ពេល​បី​ម៉ាក់​ទៅ​ក្រៅ​ហើយ​"​។ ចំពោះ​កូនប្រុស​ខ្ញុំ ពេល​ឃើញ​ឪពុក​ខ្លួន​បី​ម្តាយ​រៀងរាល់ថ្ងៃ វា​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​របស់គេ​ទៅហើយ​។ ប្រពន្ធ​របស់ខ្ញុំ​បាន​បក់ដៃ​ហៅ​កូន​របស់​ពួកយើង​និង​ឱប​រូបគេ​។ ខ្ញុំ​បាន​បែរមុខ​ចេញ​ព្រោះ​ខ្ញុំ​ខ្លាច​ថា ខ្ញុំ​នឹង​ប្តូរ​ចិត្ត​ឈប់​ស្រឡាញ់​ជែ​ន​។ បន្ទាប់មក​ខ្ញុំ​បាន​ចាប់ដៃ​នាង​និង​ដើរ​ចេញពី​បន្ទប់​គេង​ទៅកាន់​បន្ទប់​ទទួល​ភ្ញៀ​ង​និង​ទៅកាន់​ទ្វារ​ខាងមុខ​។ ដៃ​របស់​នាង​បាន​កៀក​ជុំវិញ​ក​របស់ខ្ញុំ​ដូច​ធម្មតា​។ ខ្ញុំ​បាន​ឱប​នាង​ដូច​ថ្ងៃ​រៀបការ​របស់​យើង​លើកដំបូង​អ៊ីចឹង​។​

​    ​រាងកាយ​ទន់ខ្សោយ​និង​ស្គម​របស់​នាង​បានធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ទេ​។ នៅ​ថ្ងៃ​ចុងក្រោយ នៅពេលដែល​ខ្ញុំ​ឱប​នាង ខ្ញុំ​ពិតជា​ពិបាក​ដក​ដៃ​ចេញពី​នាង​ណាស់​។ កូនប្រុស​របស់​យើង​បាន​ទៅ​សាលា ខ្ញុំ​បាន​ឱប​នាង​និង​និយាយប្រាប់​នាង​ថា "​បង​មិនបាន​ដឹងថា ជីវិត​របស់​យើង​ខ្វះ​ភាពស្និទ្ធស្នាល​ដូច្នេះ​ទេ​"​។ បន្ទាប់មក​ខ្ញុំ​ក៏បាន​បើកឡាន​ទៅ​ការិយាល័យ ចេញពី​ឡាន​ដោយ​មិនបាន​ចាក់សោរ​ទ្វារ​។ ខ្ញុំ​ពិតជា​ភ័យខ្លាច​ប្រសិនបើ​នៅ​អូសបន្លាយ​បែបនេះ​ទៀត ខ្ញុំ​ច្បាស់​ជា​ផ្លាស់ប្តូរ​ចិត្ត​ជាមិនខាន​។ ខ្ញុំ​បាន​ឡើងទៅ​ជាន់​លើ​អគារ​ហើយ​នៅពេលនោះ​ជែ​ន​បាន​បើកទ្វារ​ហើយ​ខ្ញុំ​បាន​និយាយ​ទៅកាន់​នាង​ថា "​ឱ្យ​ខ្ញុំ​សុំទោស​ជែ​ន ខ្ញុំ​មិន​ចង់​លែងលះ​ត​ទៀត​នោះទេ​"​។​

​    ​ជែ​ន​បាន​សម្លឹងមុខ​ខ្ញុំ​ដោយ​ភ្ញាក់ផ្អើល​។ បន្ទាប់មក​នាង​បាន​ស្ទាប​ថ្ងាស​របស់ខ្ញុំ​ដោយ​និយាយថា "​តើ​បង​ឈឺ​មែន​?"​។ ខ្ញុំ​គ្រវាសដៃ​នាង​ចេញ​និង​និយាយថា "​ជែ​ន​! ខ្ញុំ​សុំទោស​! ខ្ញុំ​នឹងមិន​លែងលះ​ឡើយ​។ អាពាហ៍ពិពាហ៍​របស់ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​ប្រហែលជា​គួរឱ្យ​ធុញទ្រាន់​ដោយសារ​ខ្ញុំ​និង​នាង​មិន​បានឱ្យ​តម្លៃ​លើ​រឿង​បន្តិចបន្តួច​តែប៉ុណ្ណោះ មិន​បានន័យថា​យើង​មិន​ស្រឡាញ់គ្នា​នោះទេ​។ ឥឡូវនេះ​ខ្ញុំ​ដឹងថា ចាប់តាំងពី​ខ្ញុំ​បី​នាង​នៅ​ថ្ងៃ​រៀបការ​ដំបូង ខ្ញុំ​បាន​សន្ម​ត់​ថា ខ្ញុំ​នឹង​មើលថែ​នាង​រហូតដល់​ថ្ងៃ​អ​វ​សាន្ត​"​។ ជែ​ន​ហាក់ដូចជា​ភ្ញាក់ខ្លួន​និង​បាន​ទះកំផ្លៀង​ខ្ញុំ​យ៉ាងខ្លាំង​ហើយ​បាន​ដើរចេញ​ដោយ​បិទទ្វារ​មួយ​ទំហឹង​ទាំង​ទឹកភ្នែក​។ ខ្ញុំ​បាន​ដើរ​ចេញពី​ការិយាល័យ​និង​បើកឡាន​ចេញពី​កន្លែង​ការងារ​។ ខ្ញុំ​បាន​ឈប់​នៅ​ហាង​លក់​ផ្កា​និង​ទិញ​ផ្កា​ជូន​ប្រពន្ធ​ខ្ញុំ​។ អ្នកលក់​បាន​សួរ​ខ្ញុំ​ថា "​តើ​លោក​ចង់​សរសេរ​អ្វី​នៅលើ​កាត​នេះ​ទេ​?" ខ្ញុំ​ញញឹម​ហើយក៏​បានសរសេរថា "​បង​នឹង​បី​អូន​រៀងរាល់​ព្រឹក​រហូតដល់​ថ្ងៃ​ចុងក្រោយ​របស់​ពួកយើង​"​។​

​    ​នៅពេលដែល​ខ្ញុំ​ទៅដល់​ផ្ទះ​ពេល​ល្ងាច ជាមួយ​ផ្កា​នៅក្នុង​ដៃ​និង​ស្នាមញញឹម ខ្ញុំ​បាន​ប្រញាប់​ឡើងទៅ​បន្ទប់​ដើម្បី​ជួប​នាង ប៉ុន្តែ​ខ្ញុំ​បាន​ត្រឹម​ឃើញ​នាង​ដេកស្លាប់​ម្នាក់ឯង​នៅក្នុង​បន្ទប់​ប៉ុណ្ណោះ​។ ប្រពន្ធ​របស់ខ្ញុំ​បាន​គ្រាំគ្រា​ជាមួយ​ជំងឺមហារីក​អស់​ជាច្រើន​ខែ ប៉ុន្តែ​ខ្ញុំ​បែរជា​រវល់​នៅ​ជាមួយ​ជែ​ន​ដោយ​មិន​កត់សម្គាល់​ពី​ជំងឺ​របស់​នាង​ទៅវិញ​។ នាង​បានដឹងថា នាង​នឹង​លាចាក​លោក​ឆាប់ៗ​នេះ ហើយ​នាង​ចង់​ជួយសង្គ្រោះ​ខ្ញុំ​ពី​សកម្មភាព​អវិជ្ជមាន​ណាមួយ​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កូនប្រុស​ដោយសារ​រឿង​លែងលះ​។ យ៉ាង​ណាស់ នៅក្នុង​ក្រសែភ្នែក​របស់​កូនប្រុស​របស់​ពួកយើង ខ្ញុំ​ជា​ឪពុក​និង​ជា​ប្តី​ដ៏​គួរឱ្យ​គោរព​និង​ស្រឡាញ់​។​

​    ​រឿង​បន្តិចបន្តួច​ក្នុង​ជីវិត ដូចជា​ការ​បីបម​ថ្នម​អង្អែល​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ទំនាក់ទំនង​ស្នេហា​។ វា​មិនមែនជា​ផ្ទះ​វីឡា ឡាន ដីធ្លី និង​លុយ​ក្នុង​ធនាគារ​នោះទេ​។ របស់​ទាំងនេះ​អាចបង្កើត​បរិយាកាសរ​ស់​នៅ​ស្រណុក​ស្រួល​មែន ប៉ុន្តែ​មិនអាច​ផ្តល់​សុភមង្គល​បាន​នោះទេ​។  

​    ​ដូច្នេះ​ចូរ​លៃលក​ពេលវេលា​ដើម្បី​ក្លាយជា​មិត្ត ១០០ ឆ្នាំ​របស់​ដៃគូ​របស់​អ្នក និង​ធ្វើ​រឿង​កំ​ប៉ិច​កំប៉ុក​ទាំងឡាយណា​ដែល​អាច​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​។ ចំណុច​ទាំងអស់​នេះហើយ​ទើប​ជា​សុភមង្គល​ពិតប្រាកដ​រវាង​មនុស្ស​ប្រុស​ស្រី​ដែល​ចាប់ដៃគ្នា​រស់នៅ​ជាមួយគ្នា​អស់​មួយជីវិត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់