1 %281%29

លោក​ឧកញ៉ា ​ឌី ​ប៉ូ​ ប្រគល់​អណ្តូងស្នប់​ទឹកស្អាត​១៣​កន្លែង​ និង​ស្រះ​ទឹក​៤​ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាធាយ​

    កំពង់ចាម ៖ ស្រះ​ទឹក​ចំនួន​៤ ​និង​អណ្តូងស្នប់​ទឹកស្អាត​ចំនួន​១៣ ត្រូវបាន​លោក​ឧកញ៉ា​ ឌី ប៉ូ អគ្គនាយក​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍ ធ្វើការ​ប្រគល់ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​បាធាយ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​២៧ ​កក្កដា​ ឆ្នាំ​២០១៦​ម្សិល​មិញ។​

    លោក​ តាំង សុខ​ឃី ជំនួយការ​លោក​ឧកញ៉ា​ ឌី ​ប៉ូ បានឱ្យដឹងថា អនុវត្តតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​គ្រប់​ស្ថាប័ន ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​សប្បុរសជន​ឱ្យចូល​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​នាពេល​រដូវប្រាំង​កន្ល​ង​មក​។​

    លោក​ឧកញ៉ា​ ឌី ប៉ូ ក៏បានប្រកាស​ផ្ដល់​អណ្តូងស្នប់​ទឹកស្អាត​ចំនួន​១៣​កន្លែង​ និង​ស្រះ​ទឹក​៤​កន្លែង​ទៀត​ ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាធាយ​សម្រាប់​ប្រើប្រាស់​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​នា​ឆ្នាំ​កន្លងទៅ​ធាតុអាកាស​ក្តៅ​ហួតហែង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ខ្វះខាត​ទឹក​ប្រើប្រាស់​។​

    ការផ្ដល់​អំណោយ​ជា​ស្រះ​ទឹក​និង​អណ្ដូងស្នប់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នាពេលនេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ឧកញ៉ា​ឌី​ប៉ូ​បាន​សន្យា​ផ្ដល់ជូន​ពលរដ្ឋ​តាម​សំណូមពរ​ក្នុង​ឪ​កាស​ជួប​សំណេះសំណាល ​និង​នាំ​អំណោយ​ចែកជូន​ពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​នៅ​ស្រុក​បាធាយ​កាលពី​អំឡុង​ខែឧសភា​កន្លងមក​ថ្មីៗ​នេះ​។​

    លោក​ តាំង សុខ​ឃី បន្តថា នៅពេលនេះ​ស្រះ​ចំនួន​៤ កន្លែង​ និងអណ្តូងស្នប់​ទឹកស្អាត​ចំនួន​១៣​ ត្រូវបាន​លោក​ឧកញ៉ា ឌី ប៉ូ ប្រគល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​២៧ ​កក្កដា​នេះ ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​គឺ​នៅ​ភូមិ​រោ​ធ ឃុំ​ត្រប់ ស្រុក​បាធាយ និង នៅ​ភូមិ​-​ឃុំ​-​មួយចំនួនទៀត​ក្នុងស្រុក​បាធាយ​។​

    លោក ​ជ្រូក ជ្រន មេភូមិ​រោ​ធ បាន​និយាយថា ភូមិ​រោ​ធ​ជា​ភូមិ​ដាច់ស្រយាល​ពុំ​សូវ​មាន​អង្គការ​ឬ​ស្ថាប័ន​ណា​ចុះ​មកជួយ​នោះទេ ហើយ​ឆ្នាំទៅ​មិ​ញ​នៅ​ភូមិ​នេះ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ ហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​ឧកញ៉ា​ ឌី ប៉ូ ​ជួយ​ជីក​ស្រះ​ចំនួន​៤​កន្លែង​។ នៅថ្ងៃនេះ​ស្រះ​ទឹក​ត្រូវបាន​លោក​ឧកញ៉ា​ប្រគល់ជូន​ប្រជាពលរដ្ឋ​តាម​ការ​សំណូមពរ​។​ លោក​សង្ឃឹមថា​ឆ្នាំនេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​នឹងមិន​ខ្វះ​ទឹក​ប្រើប្រាស់​ទៀតឡើយ។

    លោក​មេភូមិ​បន្តទៀតថា លោក​ឧកញ៉ា​ក៏បាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។ ​ក្នុងនាម​លោក​ជា​មេភូមិ​តំណាងអោយ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តាជួយ​ធ្វើ​ថ្នល់​ចាក់​កៅស៊ូ​ឬ​បេតុង​មួយ​ខ្សែ​ចូលទៅក្នុង​ភូមិ​ផង​។

    ចំណែក​លោក​ ម៉ន វិ​ន ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​-​ឃុំ​បាធាយ​ បាន​សម្តែង​ទឹកចិត្ត​ត្រែ​ក​អរ​ និង​សប្បាយរីករាយ នៅពេលដែល​លោក​ឧកញ៉ា ឌី ប៉ូ​ បាន​ជួយផ្ដល់​អណ្តូងស្នប់​ទឹកស្អាត​ដែល​អ្នកបច្ចេកទេស​ បាន​ខួង​ជម្រៅ​ដល់​៥៧​ម៉ែត្រ​តាម​ស្តង់ដារ ហើយ​ទឹក​នេះ​ស្អាត​ប្រហែល​ទឹកភ្លៀង។ អណ្តូងទឹក​នេះ​មាន​សារៈសំខាន់​ណាស់ ​ដែល​បម្រើ​ដល់​ការប្រើប្រាស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​និង​ក្នុងភូមិ​ទាំងមូល​តែម្ដង៕

មតិយោបល់