4e69d1b4 35da 472c a544 b0be416da0a3

ចេញពី​ជប់លៀង​ឌុប​គ្នា​បើក​ម៉ូតូ​លឿន​ជ្រុលបុក​រថយន្ត​ឡិច​ស៊ី​សរ​បួស​ម្នាក់​ស្លាប់​ពីរ​នាក់​

    ព្រៃវែង ៖ បន្ទាប់ពី​ជប់លៀង​ផឹក​ស្រវឹងធ្លាក់ភ្នែក​ជិះ​ម៉ូតូ ក្នុង​ល្បឿន​លឿន​ចូល​គន្លង​រថយន្ត ​បុក​ជាមួយ​រថយន្ត ផ្លោង​ធ្លាក់​ម៉ូតូ​និង​មនុស្ស​ពីលើ​ផ្លូវ​ជាច្រើន​ម៉ែត្រ​ បណ្ដាល​ឱ្យរបួសធ្ងន់​ទាំង​៣នាក់​តែ​ក្រោយមក​បាន​ស្លាប់​2​នាក់​ខណៈ​បញ្ជូនទៅ​មន្ទីរពេទ្យ។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី ម៉ោង៧ និង៤០យប់ ថ្ងៃទី២៧ កក្កដា​ ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ៨ នៅ​ចន្លោះ​គីឡូ​ម៉ែត​លេខ ៤៩-៥០ ចំណុច​ភូមិ​គគរ ឃុំ​កំពង់​ពពិល ស្រុក​ពារាំង​ ខេត្តព្រៃវែង​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​មាន​គ្នា​៣នាក់ ទី​១-​ឈ្មោះ តូ​នី បូ​ផា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មាន​មុខរបរ​ជាង​សំណង់ រស់នៅ​ភូមិ​ព្រៃខ្លា ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង បាន​រងរបួស​ធ្ងន់ ដាច់​កំភួនជើង និង​ដៃ, ​ទី​២-ឈ្មោះ ក្រេង ចក់ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នាបាន​រងរបួស​ដាច់​ករ​ជើង​និង​ភ្លៅ, ដោយ​របួសធ្ងន់​ពេក​បាន​ស្លាប់​ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ទី៣​-​ឈ្មោះ ស៊ុន លាងមឹក ភេទ​ប្រុស ​អាយុ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា បាន​របូត​គល់ភ្លៅ និង​កំភួន​ជើងដៃ​ជាច្រើន​កន្លែង បាន​ស្លាប់​ខណៈ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

    ប្រភព​បន្តថា អ្នក​ទាំង​៣​នាក់​ បាន​បើក​ម៉ូតូ​ម៉ាក​ហុង​ដាសេ​១២៥ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ 1FX-6970 ស៊េរី​ឆ្នាំ២០១៦ ឌុប​គ្នា​៣​នាក់​ក្នុងទិសដៅ​ពី​លិច​មក​កើត​មកពី​តំបន់​​ក្រុមហ៊ុន 7NG​។​

    ខណៈ​ចេញពី​ជប់លៀង​ចាក់​ផ្លូវ​បេតុង​រួច ដោយមាន​សភាព​ស្រវឹង​ផង​នោះ បើក​ក្នុងល្បឿន​លឿន​ពេក  ពេលមកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ចង្កូត​មក​ចិញ្ចើមផ្លូវ​ខាងជើង​ផុត​គំនូស​ស ​ហើយ​ស្របពេល​រថយន្ត មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស៣០០ ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AF-1907 បើក​ដោយ​ឈ្មោះ ពេជ្រ ណុប ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅឯ ​ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ និង​នាក់​រួម​ដំណើរ​៤​នាក់​ទៀត តែ​រត់​អស់​៣នាក់ នៅសល់​២នាក់ ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។​

    គ្រោះថ្នាក់​នេះ​ បណ្ដាល​ឱ្យ​បុក​ចំ​ខាងស្ដាំ​នៃ​រថយន្ត យ៉ាង​ពេញទំហឹង ផ្លោង​ម៉ូតូ​ហោះចូល​ទឹក និង​ប៉ើង​មនុស្ស​២​នាក់​ធ្លាក់​ពីលើ​ផ្លូវ​ និង​ម្នាក់ទៀត​ខ្ទាត​មក​ចិញ្ចើមផ្លូវ​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ គេ​ឃើញ​ឡានពេទ្យ​ពីរ​គ្រឿង​ បាន​ទៅ​ដឹក​ជនរងគ្រោះ​ជា​បន្តបន្ទាប់ ហើយ​បាន​ស្លាប់​ម្នាក់​នៅ​ព្រឹក​ទី២៨ កក្កដា ឆ្នាំ២០១៦នេះ​។​

    លោក ស៊ឹម កុសល អធិការ​ស្រុក​ពារាំង បាន​ឱ្យ​ដឹងថា មនុស្ស​ទាំង​២នាក់ ​ដែល​ឃាត់​កាលពី​យប់មិញ​នោះបាន​ឱ្យ​ទៅផ្ទះ​វិញ​ហើយ​ព្រោះ មិនមែនជា​តៃកុង​ទេ​។ ករណីនេះ​សមត្ថកិច្ច​ បាន​ចុះ​ធ្វើការ​វាស់វែង និង​ប្រមូល​វត្ថុតាង​ទាំង​ម៉ូតូ​ និង​រថយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ម្ល៉េះ​និង​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​៕

មតិយោបល់