Untitled 1

អ្នកគាំទ្រ Chelsea យក​រឿង​អាម៉ាស​របស់ Gerrard មក​ដុត Liverpool មុន​ជំនួប​មិត្តភាព​ជាមួយគ្នា​នៅ​អាមេរិក​

    ​ភាពមិន​ចុះសម្រុង​នឹង​គ្នា​រវាង​ក្រុម​តោ​ខៀវ Chelsea និង​ហង្ស​ក្រហម Liverpool នៅតែ​បន្ត​។​

​    ​ការប្រទូសរ៉ាយ​រវាង​កីឡាករ ការប្រទូសរ៉ាយ​រវាង​អ្នកចាត់ការ និង​ការប្រទូសរ៉ាយ​រវាង​ប្រិយមិត្ត គូប្រជែង​ស៊ីសាច់​ហត់​ឈាម​របស់​ក្លឹប​ទាំងពីរ​ទើបតែ​បាន​កើតឡើង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ និង​ហាក់​ស្ងប់ស្ងាត់​ទៅវិញ​ក្នុង​រយៈពេល​ខ្លី​កន្លងមកនេះ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​ផ្ទុះឡើង​ម្តងទៀត​ហើយ​។​

​    ​នោះ​ហើយ​ជា​មូល​ហេតុដែល​យើង​ប្រហែលជា​មិនគួរ​រៀបរាប់​អំពី​ការប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​រវាង​ពួកគេ​នៅក្នុង​រដ្ឋ​កាលី​ហ្វ​ញ៉ា​នោះទេ​។ ប្រិយមិត្ត​របស់ Chelsea នៅតែមាន​បំណង​យក​ឧបទ្ទវហេតុ​ឆ្នាំ ២០១៤ នៅពេល​ជើង Gerrard រអិល​ជើង​ដួល​ជាហេតុ​ធ្វើឱ្យ Demba Ba ឆក់​បាល់​ស៊ុត​បានសម្រេច និង​បំផ្លាញ​ក្តី​សុបិន​លើក​ពាន​ជា​លើកដំបូង​របស់ Liverpool​។​

​    ​ត្រឹមត្រូវ​ហើយ ប្រិយមិត្ត​របស់​តោ​ខៀវ​មួយចំនួន​នឹងដាក់​បង្ហាញ​បដា​ឈ្មោះ Steven Gerrard ថ្មី អំឡុង​ការប្រកួត​ដណ្តើមពាន​មិត្តភាព International Champions Cup ក្នុង​ទីក្រុង Los Angeles​។​

​    ​ដោយ​ជីក​កកាយ​ទៅលើ​ស្នាមរបួស​ចាស់​របស់​ប្រិយមិត្ត​ហង្ស​ក្រហម ប្រិយមិត្ត​តោ​ខៀវ​បាន​លើកយក​ប្រវត្តិសាស្ត្រ​ចំនួន​ពីរ​ដើម្បី​បាញ់​ទៅ​អតីត​ប្រធាន​ក្រុម​វីរបុរស​ហង្ស​ក្រហម Gerrard ដែល​បាន​ចាក់ស្រេះ​បេះដូង​របស់​ពួកគេ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​។​

​    ​ការជីក​កកាយ​ទី ១៖ John Terry បានឈ្នះ​ពាន Premier League បួន​លើក Gerrard... អ្នក​ប្រាកដជា​ដឹង​ច្បាស់​។​

​    ​ការជីក​កកាយ​ទី ២៖ សំដៅ​ទៅលើ​រហស្សនាម​ដែល​ប្រិយមិត្ត​តោ​ខៀវ "Slippy G" (Gerrard រអិលដួល​) ជាថ្មី​ម្តងទៀត ដែល​បាន​រំ​ឮ​ក​ពី​អតីតកាល​របស់ Gerrard ដែល​បាន​រអិលដួល​ជាហេតុ​ធ្វើឱ្យ​របូត​ឱកាស​គ្រង​ពាន Premier League លើកដំបូង​នៅលើ​ទឹកដី Anfield ។​

​    ​គ្មាន​មន្ទិលសង្ស័យ​អ្វី​នោះឡើយ​ដែល Gerrard នឹង​បានឮ និង​បានឃើញ​ទិដ្ឋភាព​ដ៏​អាក្រក់​ទាំងនោះ​អំឡុង​អាជីព​របស់ខ្លួន​នៅ​ទីនោះ (​អង់គ្លេស​)​។​

​    ​តើ​នោះ​ជា​ភាពត្រឹមត្រូវ​ទេ​ចំពោះ​ប្រិយមិត្ត​តោ​ខៀវ​ដែល​បាន​ចាក់​អំបិល​លើ​ស្នាមរបួស​របស់​ហង្ស​ក្រហម​បែបនេះ​?៕

 

ប្រភព៖ Mirror

មតិយោបល់