adverise with khmeread 304c1012 dbae 4900 9049 c3f3007ac7f1

ចាប់ផ្តើម​អនុវត្ត​គម្រោង ​«​ស្រែ​យក្ស​» (​មានវី​ដ​អូ​)

    កំពង់ចាម ៖ ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​បានចាប់ផ្តើម​អនុវត្ត​គម្រោង ​« ស្រែ​យក្ស »​ របស់ខ្លួន​ចាប់ពីពេលនេះ​តទៅ ដោយ​ក្នុង​មួយ​ស្រែ​មាន​ទំហំ​មួយ​ពាន់​ម៉ែត្រ​បួន​ជ្រុង​ស្មើនឹង​១០០​ហិកតា ដោយ​ភ្លឺស្រែ​នីមួយៗ ស្មើនឹង​ផ្លូវ​ខេត្ត​ដែល​អាច​ចៀស​រថយន្ត​គ្រឿង​យ៉ាង​ងាយស្រួល។​

    លោក តាំង សុខ​ឃី ជំនួយការ​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍ បានឱ្យដឹង​កាលពី​ថ្ងៃទី​២៧​ ខែកក្កដា​ម្សិល​មិញ​ថា គម្រោង​កសិកម្ម​ផលិត​ស្រូវ​នាំចេញ​ដែល មាន​ទំហំ​ក្នុង​១​ស្រែ​១០០​ហិកតា​បួន​ជ្រុង និង​មាន​ភ្លឺស្រែ​ទំហំ​រថយន្ត ២​គ្រឿង អាច​បើកបរ​ជៀស​គ្នា​បាន គឺ​កំពុងតែ​លេច​រូបរាង​បណ្តើរៗ​ហើយ ដែល​ស្ថិតក្នុង ភូមិសាស្ត្រ​ស្រុក​បាធាយ ខេត្តកំពង់ចាម​នៅលើ​ទំហំ​ដី​ទាំងស្រុង​ប្រមាណ​ជាង ១​ម៉ឺន​ហិកតា។
 
    លោក​ តាំង សុខ​ឃី បន្តថា នៅ​ជំហាន​ដំបូង​នេះ​ក្រុមហ៊ុន​ អេង ឌី​ប៉ូ​ អភិវឌ្ឍន៍​បាន​ចាប់ ផ្តើម​ស្តារ​ដី​តាម​បច្ចេកទេស រៀបចំ​ភ្លឺស្រែ​អង្កន់ ផ្ទៃដី​ឱ្យបាន​ល្អ​ជាមុនសិន ទើប​ជំហាន​បន្ទាប់​នឹង​ដំណើរ​កសាង​ប្រព័ន្ធធារាសាស្ត្រ ស្រោចស្រព​បញ្ចូល​ស្រែ​របស់​ក្រុមហ៊ុន​ផង និង​ចែកជូន​ប្រជាពលរដ្ឋ​នៅជាប់​តំបន់​នេះ​ផង។​

    លោក​បន្តថា តាម​ការគ្រោងទុក ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​តំបន់កសិកម្ម ដំណាំ​ស្រូវ​ប្រភេទ​នាំចេញ​នេះ ឱ្យក្លាយ​ទៅជា ​«​តំបន់​មហាសមុទ្រ​ស្រូវ​» ​តែម្តង និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​មក​ចូល​ទស្សនា​កម្សាន្ត មហាសមុទ្រ​ស្រូវ​ដែល​កសាងឡើង​ដោយ​ស្នាដៃ​និង​គំនិត​កូន​ខ្មែរ​ពិតៗ។​

    ជំនួយការ​ក្រុមហ៊ុន​រូបនេះ​បន្តថា ក្រុមហ៊ុន​របស់លោក​បាន​សហការ​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ហ្គោ​ហុង​មកពី​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​ដែលមាន​សាខា​ក្រុមហ៊ុន​នៅ​ស្រុក​សាមគ្គី​មានជ័យ ខេ​ត្ក​កំពង់ឆ្នាំង​។ ក្រុមហ៊ុន​នេះ​បាន​នាំយក​អង្ករ​ក្រអូប​ធម្មជាតិ​របស់​ក្រុមហ៊ុន​អេង ឌី​ប៉ូ​ចូល​ទីផ្សារ​ចិន ដែលជា​ទីផ្សារ​ចង្អៀត​មានគុណ​ភាព អនាម័យ និង ត្រូវ​តាម​ស្តង់ដារ​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​របស់លោក​បាន​នាំចូល​ទៅដោយ​រលូន។​

    លោក​បន្តទៀតថា នៅពេល​គម្រោង​អភិវឌ្ឍន៍​នេះ​សម្រេចបាន​លើ​ផ្ទៃដី​ជាង​មួយ​ម៊ឺ​ន​ហិកតា លោក​សង្ឃឹមថា ក្រុមហ៊ុន​ហ្គោ​ហុង​នឹង​សហការ​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន ហើយ​បាន​បំពេញ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ការនាំចេញ​អង្ករ​មួយ​លាន​តោន​ក្នុង​មួយឆ្នាំ។ ក្រុមហ៊ុន​របស់លោក​បាន​ប្តេជ្ញាចិត្ត​យ៉ាងរឹងមាំ​ក្នុងការ​អនុវត្ត​គម្រោង​នេះ ហើយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍ កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ឡើយ៕

 

adverise with khmeread

មតិយោបល់