adverise with khmeread 1

​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​ដាច់​គេ​លើ​ពិភពលោក Emirates នឹង​ហោះ​ផ្ទាល់​ពី​ឌុយ​បៃ​មក​មី​យ៉ាន់​ម៉ា​ខែក្រោយ​នេះ​

​    ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឌុយ​បៃ នឹងធ្វើ​ការចុះ​ចត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​លើកដំបូង​នៅ​សប្តាហ៍​ក្រោយនេះ ជាមួយនឹង​ការ​សម្ភោ​ធ​ជើងហោះហើរ​ពី​ទីក្រុង​ឌុយ​បៃ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ Yangon ត្រូវបាន​កំណត់​នៅ​ថ្ងៃទី ៣ ខែសីហា​ខាងមុខនេះ​។​

​    ​លោក Mohammad Sarhan អ្នកគ្រប់គ្រង​ក្រុមហ៊ុន Emirates ប្រចាំ​ប្រទេស​ថៃ មី​យ៉ាន់​ម៉ា​និង​ឥណ្ឌូចិន​បាន​និយាយថា "​មាន​មនុស្ស​ច្រើនណាស់​កំពុង​សម្លឹងមើល​មក​មី​យ៉ាន់​ម៉ា​នាពេល​ឥឡូវនេះ​។ ប្រទេស​នេះ​កំពុងបើក​ទូលាយ ពាណិជ្ជកម្ម​កំពុង​កើនឡើង និង​រដ្ឋាភិបាល​ព្យាករណ៍​ថា​អ្នកទេសចរ​នឹង​កើន ៧,៥ លាន​នាក់​នៅត្រឹម​ឆ្នាំ ២០២០​។ នៅពេល​យើង​ឮដំណឹង​នេះ យើង​ចង់​ធ្វើការ​រកស៊ី​នៅទីនេះ​"​។​

​    ​ជើងហោះហើរ​ថ្មី​ប្រចាំថ្ងៃ ដែល​អាច​ដឹក​អ្នកដំណើរ​ចំនួន ៣៥៤ នាក់​ក្នុង​មួយ​ជើង នឹង​ហោះហើរ​ផ្ទាល់​ពី​ទីក្រុង​ឌុយ​បៃ​ទៅ​ទីក្រុង Yangon និង​បន្តទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។​

​    ​លោក Sarhan បាន​ប្រាប់ថា ជើងហោះហើរ​មក​ទីក្រុង Yangon ត្រូវបាន​កក់​ពេញ​អស់ហើយ​សម្រាប់​ខែសីហា​។​

​    ​លោក​ក៏បាន​និយាយថា "​ក្តីសង្ឃឹម​របស់​យើង​គឺថា ទីផ្សារ​មី​យ៉ាន់​ម៉ាប​ន្ត​កើនឡើង​ដូច្នេះ​យើង​នឹង​ពង្រីក​ការរកស៊ី​របស់​យើង​ក្នុងប្រទេស​នេះ​ទៀត​។ ត្រូវ​ចំណាយ​ពេលខ្លះ​ទើប​អ្វីៗ​អាច​ទទួលបាន​ការអនុញ្ញាត ប៉ុន្តែ​ទីបំផុត​ទទួលបាន​ការអនុញ្ញាត​បានសម្រេច​។ យើង​ពិតជា​អរគុណ​ណាស់​ដែល​បរិយាកាស​នយោបាយ​បច្ចុប្បន្ន​គាំទ្រ​ដល់​យើង​"​។​

​    ​ស្របពេល​បច្ចុប្បន្ននេះ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ាត់​មិនទាន់មាន​ទំនាក់ទំនង​ការទូត​ជាមួយ​មី​យ៉ាន់​ម៉ា​នៅឡើយ​ទេ ប៉ុន្តែ​លោក Sarhan និយាយថា ក្រុមហ៊ុន Emirates នឹង​សហការ​ជាមួយ​ភាគី​ទី​បី​ក្នុងស្រុក និង​បណ្តា​ក្រុមហ៊ុន​ទេសចរណ៍​ដើម្បី​ធានាថា​អ្វីៗ​នឹង​ប្រ​ព្រឹ​តទៅ​ដោយ​រលូន កាក់កប និង ជាពិសេស​បំពេញតម្រូវការ​ជូន​ដល់​អតិថិជន​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើ​ក្រុមហ៊ុន Emirates មាន​គម្រោង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​នៅ​មី​យ៉ាន់​ម៉ា លោក Sarhan បាន​ប្រាប់ថា "​យើង​មិនដែល​ដើរ​ទេ គឺ​តែងតែ​រត់ទៅរក​ទីផ្សា​ថ្មី ហើយ​ក្រុម​អាកាសចរណ៍​ដទៃទៀត​តែងតែ​តាម​ពីក្រោយ​យើង​"៕

ប្រភព៖ frontier

adverise with khmeread

មតិយោបល់