adverise with khmeread 1

ប្រា​យុទ្ធ​ប្រាប់​ឱ្យ​អ្នកនយោបាយ​ឈប់​ចាប់កំហុស​រដ្ឋាភិបាល​គាត់ ហើយ​បង្ហាញ​ទស្សនៈវិស័យ​ដើម្បី​ជាតិ​ប្រសើរឡើង​

    ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ជំរុញ​អ្នកនយោបាយ​ទាំងអស់​ឈប់​ចាប់កំហុស​រដ្ឋាភិបាលរ​បស់​គាត់ ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ និង​ប្រាប់​ប្រជាជន​នូវ​អ្វីដែល​អ្នកនយោបាយ​ទាំងនោះ​នឹងធ្វើ​សម្រាប់​ផលប្រយោជន៍​សាធារណៈ ជំនួស​ឱ្យ​ការនិយាយ​តែ​អំពី​លទ្ធិប្រជាធិបតេយ្យ​។ 

​    ​នៅសល់​មួយ​សប្តាហ៍​ទៀត​ដល់​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​អំពី​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​បាន​ប្រើប្រាស់​កម្មវិធី​ប្រចាំ​សប្តាហ៍​របស់គាត់​លើ​កញ្ចក់​ទូរទស្សន៍​ហៅថា Returning Happiness to the People TV កាលពី​យប់​ថ្ងៃ​សុក្រ​ដើម្បី​បបួល​អ្នកនយោបាយ​ធ្វើ​ការងារ​ឱ្យបាន​ល្អប្រសើរ​។ 

​    ​បន្ទាប់ពី​ចលាចល​ពេញ​ប្រទេស​ដែល​កើតឡើង​មុន​រដ្ឋប្រហារ​ឆ្នាំ ២០១៤ លោក​បាន​និយាយថា រដ្ឋាភិបាល​របស់លោក​កំពុង​ព្យាយាម​កសាង​គ្រឹះ​អភិវឌ្ឍ​ជាតិ​រយៈពេល​វែង​។ លោក​និយាយថា អ្នកនយោបាយ​មិនគួរ​ចាប់កំហុស​បន្តិចបន្តួច​អំឡុងពេល​អន្តរកាល​នោះ​ទេ ប៉ុន្តែ​ត្រូវ​រួម​កម្លាំង​គ្នា​ដើម្បី​ជួយ​ទប់ស្កាត់​បញ្ហា​ពី​អតីត​កុំឱ្យ​កើតឡើង​ម្តងទៀត​។ 

​    ​លោក​និយាយថា "​ខ្ញុំ​នឹង​ទុក​រឿងនេះ​ឱ្យ​អ្នកនយោបាយ​ដ៏​គួរឱ្យ​គោរព​មកពី​គ្រប់​គណបក្ស​ឱ្យ​គិត​ទាំងអស់គ្នា​អំពី​រឿងនេះ​។ ក្រៅពី​ពាក្យ លទ្ធិប្រជាធិបតេយ្យ ឬ សំឡេង​សាធារណជន អ្នក​គួរ​ពិចារណា​អំពី​បញ្ហា​ទំនួល​ខុសត្រូវ ឬអ្វី​ដែល​អ្នក​នឹងធ្វើ​ដើម្បីឱ្យ​ប្រាកដថា លទ្ធិប្រជាធិបតេយ្យ និង សំឡេង​សាធារណជន មាន​អត្ថន័យ និង​គុណប្រយោជន៍​សម្រាប់​ប្រជាជន​"​។ 

​    ​លោក​បន្តថា អ្នកនយោបាយ​គួរ​ពន្យល់​នូវ​អ្វីដែល​ពួកគេ​នឹងធ្វើ​ដើម្បី​ជំរុញ​ឱ្យ​សន្តិសុខ សេដ្ឋកិច្ច ការអប់រំ សុខា​ភាព​សាធារណៈ ចីរភាព និង​ភាព​ប្រកួតប្រជែង​របស់​ជាតិ​ល្អប្រសើរ​ឡើង គឺ​ឱ្យ​ដូច​អ្វីដែល​លោក​កំពុងតែ​ធ្វើ​ក្នុង​រយៈពេល ២ ឆ្នាំ​កន្លងមកនេះ​អ៊ីចឹង​។ 

​    ​លោក​លើកឡើង​ទៀតថា ប្រជាជន​ជឿជាក់​លើ​ការងារ​របស់​រដ្ឋាភិបាល​លោក ប៉ុន្តែ​មិន​សប្បាយ​ចិត្តនឹង​ការងារ​របស់​អ្នកនយោបាយ​។ 

​    ​ចុងក្រោយ​លោក​បញ្ជាក់ថា លោក​បើកទូលាយ​ចំពោះ​ការរិះគន់​ពី​គ្រប់​អ្នកនយោបាយ ប៉ុន្តែ​បន្ថែមថា ពួកគេ​មិនត្រូវ​បង្កើត​ស្ថានភាព​តានតឹង​នោះទេ ដោយ​និយាយថា លោក​នឹងធ្វើ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ស្ថេរភាព​៕

​ប្រភព​៖ បាងកក​ប៉ុស្តិ៍

adverise with khmeread

មតិយោបល់